en     km
en     km

ADB​ បន្ត​ផ្តល់​ប្រាក់​កម្ចី​ ៣០​លាន​ដុល្លារ​ដល់​កម្ពុជា​លើ​វិស័យ​ហិរញ្ញវត្ថុ​

Share

ភ្នំពេញ៖ ​ធនាគារអភិវឌ្ឍន៍អាស៊ី​ ហៅ​កាត់​ថា​ ADB​ ផ្តល់​ថវិកា​ចំនួន​ ៣០​លាន​ដុល្លារ​ ក្នុង​ការ​លើកកម្ពស់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ក្នុង​ប្រទេស​កម្ពុជា​។​ តាម​រយៈ​ការ​ផ្តល់​ប្រាក់​កម្ចី​នេះ​នឹង​គាំទ្រ​ដល់​ការ​បង្កើន​ប្រសិទ្ធភាព​ នៃ​ការ​ផ្តល់​សេវា​សាធារណៈ​ និង​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

adb
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​អ​ភ​វិ​ឌ្ឍ​ន៍​អាស៊ី​ ចុះ​ថ្ងៃ​ទី​ ២០​ ខែតុលា​ ឆ្នាំ​២០១៦​ ឱ្យ​ដឹង​ថា​ ប្រាក់​កម្ចី​ដែល​ផ្តល់​ដល់​រដ្ឋាភិបាល​នេះ​ គឺ​ទី​មួយ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ ដល់​អនុ​កម្មវិធី​។​ ទី​ពីរ​ នៃ​កម្មវិធី​ពង្រឹង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ (SPEMP)​ ដែល​គាំទ្រ​ដល់​ការ​អនុវត្ត​ដំណាក់កាល​ទី​បី​ នៃ​កម្មវិធី​កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បែងចែក​ជា​ ៤​ ដំណាក់កាល​។​

​នាយក​ ADB​ លោក​ Samiuela​ Tukuafu​ បាន​បញ្ជាក់​នូវ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ កម្មវិធី​នេះ​នឹង​ជួយ​បង្កើន​ប្រសិទ្ធិ​ភាព​ នៃ​សេវា​សាធារណៈ​ ក្នុង​ប្រទេស​កម្ពុជា​ រាប់​បញ្ច​ល​ទាំង​សេវា​សម្រាប់​ក្រុម​ប្រជាជន​ក្រីក្រ​ និង​ងាយ​រង​គ្រោះ​ផង​ដែរ​ គឺ​តាម​រយៈ​ការ​ពង្រឹង​ការ​គ្រប់គ្រង​ចំណាយ​ និង​ចំណូល​សាធារណៈ​ និង​ការ​ផ្សារ​ភ្ជាប់​ថវិកា​ កាន់តែ​មាន​ប្រសិទ្ធភាព​ សំដៅ​លើកកម្ពស់​កំណើន​ប្រកប​ ដោយ​បរិ​យា​ប័ន្ន​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​។​

​កម្មវិធី​ពង្រឹង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ មាន​គោលបំណង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ចំណាយ​ និង​ចំណូល​សាធារណៈ​ តាម​បែបផែន​ចំនួន​បី​គឺ​៖​ ការ​ពង្រឹង​ក្រប​ខណ្ឌ​គោលនយោបាយ​ និង​គតិយុត្តិ​  សម្រាប់​ការ​គ្រប់គ្រង​ចំណាយ​ និង​ចំណូល​ក្រោម​ការ​ដឹកនាំ​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញវត្ថុ​។​

​សូម​ជំរាប​ថា​កម្មវិធី​នេះ​នឹង​ជួយ​ពង្រឹង​បន្ថែម​ទៀត​នូវ​ការ​គាំទ្រ​ដែល​ ADB​ បាន​ផ្តល់​កន្លង​មក​ដល់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញវត្ថុ​ អាជ្ញាធរ​សវន​កម្ម​ជាតិ​ និង​ក្រសួង​ចំនួន​បី​ ដែល​ធ្វើ​ការងារ​ខាង​ការ​អភិវឌ្ឍន៍ជនបទ​ ក៏​ដូច​ជា​ពង្រីក​ ការ​គាំទ្រ​ដល់​ក្រសួង​អាទិភាព​ចំនួន​បី​ទៀត​ដូច​ជា​៖​ ក្រសួង​អប់រំ​យុវជន​ និង​កី​ទ្បា​ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ជាដើម​។​

​គួរ​រម្លឹក​ថា​នា​ពេល​ថ្មីៗ​នេះ​ ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​ផ្តល់​ប្រាក់​កម្ចី​ ដល់​កម្ពុជា​ចំនួន​ ៤៥​ លាន​ដុល្លារ​ ដើម្បី​លើកកម្ពស់​ការ​ទទួល​បានការ​អប់រំ​ ប្រកបដោយ​គុណភាព​នៅ​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ប្រទេស​កម្ពុជា​៕

Share

ព័ត៌មានទាក់ទង

Image