ភ្នំពេញ៖ មន្ត្រីក្រសួងសុខាភិបាលជំរុញឲ្យស្ត្រីជាម្តាយបំបៅដោះកូន ដោយទឹកដោះម្តាយតែមួយមុខគត់ ក្នុងរយៈពេល ៦ ខែ ចាប់ពីទារកកើត ដើម្បីផ្តល់អាហារូបត្ថម្ភគ្រប់គ្រាន់ដល់ទារក និងកុមារក្នុងការលូតលាស់ប្រាជ្ញា ស្មារតីល្អ។ ការបំបៅដោះទារក និងកុមារដោយទឹកដោះម្តាយអាចការពារ មរណភាពទារកប្រមាណ២០ភាគរយ។
ការជំរុញដូចនេះ ធ្វើឡើងនៅក្នុងវគ្គបណ្តុះបណ្តាល អ្នកសារព័ត៌មានស្តីអំពីការចិញ្ចឹមទារក និងកុមារតាម អនុក្រឹត្យលេខ ១៣៣ និងការរាយការណ៍ ប្រកបដោយប្រសិទ្ធភាព នៅរាជធានីភ្នំពេញ នៅថ្ងៃទី ២០ ខែ តុលានេះ។ លោក ធូ វិរៈ រាយការណ៍៖
ការបំបៅដោះកូនដោយទឹកដោះម្តាយ តែមួយមុខគត់គឺត្រូវធ្វើឡើងភ្លាមៗ អំឡុងពេលម៉ោងដំបូង បន្ទាប់ពីសម្រាលរួចហើយមានរយៈពេល ៦ខែ ដំបូងនៃជីវិតកុមារ ឬយ៉ាងហោចណាស់រហូតដល់កុមារអាយុ ២ ឆ្នាំ ឬលើសពីនេះ។
ការបំបៅដោះកូនដោយទឹម្តាយតែមួយមុខនេះគឺវា បានផ្តល់សារធាតុចិញ្ចឹម និងជាតិទឹកគ្រប់គ្រាន់ដែលកុមារត្រូវការ ព្រោះទឹកដោះម្តាយគឺជា អាហារ និងភេសជ្ជៈ ដ៏ប្រសើរបំផុតសម្រាប់កុមារ។ សារធាតុចិញ្ចឹមនៅ ក្នុងទឹកដោះផ្ទុកទៅដោយកោសិការស់ អង្គបដិក្ខប្រាណ អង់ស្ស៊ីម កត្តាភាពសុំាសម្រាប់ជួយជំរុញក្នុង ការពារជំងឺ ដូចជា ជម្អឺរាករូស រលាកសួត ជាដើម។
លោក ស្រី វេជ្ជបណ្ឌិត ជា ម៉ារី អនុប្រធានកម្មវិធីអាហារូបត្ថម្ភ នៃក្រសួងសុខាភិបាល បានលើកឡើងនៅក្នុងវគ្គបណ្តុះបណ្តាល ថា ទារក ដែលបានបំបៅដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេល ៦ ខែ ជួយកាត់បន្ថយអត្រាស្លាប់ដោយជម្អឺរាករូស បាន ១១ ដង និងជម្អឺ រលាកសួត បានចំនួន ១៥ ដង។
លោកស្រី វេជ្ជបណ្ឌិត ម៉ារី បន្តថា ប្រទេសកម្ពុជាខាតបង់ ២៤ លានដុល្លាអាមេរិក ជារៀងរាល់ឆ្នាំ ដោយសារការបំបៅកូនដោយទឹកដោះម្តាយ មិនពេញលេញ ហើយជាមធ្យមគ្រួសារចំណាយប្រាក់ ២៦.៧ ភាគរយ នៃប្រាក់ចំណូលសរុបប្រចាំខែសម្រាប់ទិញម្សៅទឹកដោះគោផ្សំតាមរូបមន្ត។
លោកស្រី វេជ្ជបណ្ឌិត ម៉ារី៖«ជាមធ្បមគ្រួសារមួយៗ បើសិនជាគាត់ឲ្យបៅដោះ អត់ចំណាយលុយ២៦.៧ ភាគរយ វាសន្សំសំចៃលុយនៅក្នុងគ្រួសារយើងទៀត»។
ចំណែក លោកស្រីវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី ប្រធានកម្មវិធីអាហារូបត្ថម្ភ បានធ្វើបទបង្ហាញថា ហានិភ័យ នៃការចិញ្ចឹមកូនដោយ ទឹកដោះសិប្បនិម្មិត បានបង្កឲ្យទារក និងកុមារខ្វះអាហារូបត្ថម្ភខ្ពស់ អាចមានជម្ងឺផ្លូវដង្ហើម រលាកក្រពះ និងពោះវៀន ជាដើម។ ពិសេសស្ត្រីជាម្តាយអាចប្រឈមនឹងជម្អឺមហារីកសុដន និងមហារីកស្បូន។
លោកស្រីវេជ្ជបណ្ឌិត បញ្ជាក់ថា ទឹកដោះគោម្សៅ មិនមែនជាផលិតផលដែល ត្រូវបានរំងាប់រួចរាល់នោះទេ ព្រោះផលិតផលទាំងនោះអាចប្រឡាក់ លាយឡំ មេរោគពោះវៀន ឈ្មោះថា សាកាសាគី តាំងនៅក្នុងរោងចក្រមកម្ល៉េះ។
លោកស្រីវេជ្ជបណ្ឌិត បន្ថែមថា ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារមាន ដបបំបៅ ក្បាលដោះជ័រ និងគ្រឿងសម្រាប់ទារក ជញ្ជក់លេងភាគច្រើន មានសារធាតុគីមីមួយ ជួយបង្កើនកម្លាំងក្រុមមហារីក និង ជាតិនីត្រូសាម៉ីន។
លោកស្រីវេជ្ជបណ្ឌិត សោភ័ណនារី៖«សូម្បីតែប្រភេទដបបំបៅក្បាលដោះជ័រ ឬគ្រឿងជញ្ជក់លេងទាំងអស់នេះក៏យើងហាម ដោយសារក្បាលដោះជ័រមានជាតិនីត្រូសាម៉ីនដែលជាជាតិគីមីជួយបង្កើនកម្លាំងជាតិមហារីក»។
លោក Keith Porter នាយកប្រតិបត្តិអង្គការ ហេឡែន ខេលល័រ អន្តរជាតិថ្លែងនៅក្នុងវគ្គបណ្តុះបណ្តាល ដែរថា ការចិញ្ចឹមទារក និងកុមារមិនពេញលេញ បណ្តាលឲ្យមានបញ្ហាកង្វះអាហារូបត្ថម្ភ ជាកត្តារួមចំណែកជាងពាក់កណ្តាលទៅលើមរណភាពកុមារ។ លោកថា ការបំបៅដោះកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតដល់ ២ ឆ្នាំ ឬ លើសពីនេះ អាចធ្វើឲ្យកុមារលូតលាស់បានយ៉ាងល្អ បង្កើនសតិបញ្ញាស្មារតី លទ្ធផលនៃការសិក្សាល្អនៅសាលារៀន និងសមត្ថភាពរកប្រាក់ចំណូលខ្ពស់នៅពេលអនាគត។
លោក Keith Porter បានបញ្ជាក់ថា ប្រទេសកម្ពុជា បានខាតបង់ប្រមាណ ២៥០ លានដុល្លាអាមេរិក ដោយក្នុង ១ ឆ្នាំ ដោយសារកង្វះអាហារូបត្ថម្ភ។
កាលពីថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០០៥ រាជរដ្ឋាភិបាលបានអនុម័តអនុក្រឹត្យលេខ ១៣៣ មាន៩ជំពូក និង ២២ មាត្រា ក្នុងគោលបំណង រួមចំណេកក្នុងការផ្តល់អាហារូបត្ថម្ភ ឲ្យបានសព្វគ្រប់ និងមានសុវត្ថិភាពដល់ទារក និងកុមារតូច តាមរយៈការគាំពារ និងលើកកម្ពស់ការបំបៅដោះកូនដោយទឹកដោះម្តាយ។
អនុក្រឹត្យយលេខ១៣៣ នេះក៏បានជំរុញលើកទឹកចិត្ត ឲ្យមានការផ្តល់អាហារ បន្ថែមត្រឹមត្រូវ និងសមស្របតាម អាយុកំណត់របស់ទារក និងកុមារ ដើម្បីធានាក្នុងការប្រើប្រាស់ សមស្របនូវផលិតផលជំនួសទឹកដោះម្តាយ តែនៅពេលដែលចាំបាច់ និងដោយមានមូលដ្ឋានព័ត៌មានគ្រប់គ្រាន់។
នៅក្នុងមាត្រាមួយចំនួននៃអនុក្រឹត្យនេះ គឺបានដាក់កម្រិតលើការផ្សព្វផ្សាយព័ត៌មាន និងអប់រំ នៃសម្ភារៈទាក់ ទងនឹងការចិញ្ចឹមទារក និងកុមារ និងស្លាកសញ្ញាផលិតផល ដែលមានកល្ខណៈបំភ្លើសខុសពីការពិត៕