ភ្នំពេញ៖ អង្គការលំនៅឋានមនុស្សជាតិកម្ពុជា និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ បានចុះអនុស្សរណៈ យោគយល់គ្នាមួយ លើការអនុវត្តគោលនយោបាយជាតិ ស្ដីពី លំនៅឋាននៅកម្ពុជា។
តាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការលំនៅឋានមនុស្សជាតិកម្ពុជា ការចុះអនុស្សរណៈ រវាង អគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងគ្រប់គ្រងដែនដីនគរូបនីយកម្ម និងសំណង់ គឺដើម្បីដោះស្រាយលំនៅឋាន ជូនប្រជាពលរដ្ឋក្រីក្រ ក៏ដូចជាសម្រាប់ការរស់នៅ ប្រកបដោយសុវត្ថិភាព សុខុមាលភាព និងសេចក្តីថ្លៃថ្នូរ របស់ពួកគាត់ផងដែរ។
អនុស្សរណៈនេះ ចុះហត្ថលេខាដោយ អគ្គនាយក លោក បេងហុង សុជាតិខេមរ៉ូ និងអង្គការលំនៅដ្ឋានមនុស្សជាតិកម្ពុជា (HFHC) តំណាងដោយនាយកប្រចាំប្រទេស លោកស្រី Bernadette Bolo-Duthy។
លោកស្រី Bernadette Bolo-Duthy នាយកប្រចាំប្រទេសនៃអង្គការ លំនៅឋានមនុស្សជាតិកម្ពុជា បានលើកឡើងថា៖«ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកស្រីបានមើលឃើញកំណើនប្រជាជនខ្ពស់ និង កំណើនអត្រាចំណាកស្រុកទៅកាន់ទីក្រុង ដែលជាហេតុធ្វើឲ្យកម្ពុជាមានតម្រូវការទៅលើលំនៅឋានកាន់តែខ្ពស់។ លោកស្រី ថា ស្ថានភាពនេះ ធ្វើឲ្យប៉ះពាល់ខ្លាំងលើគ្រួសារដែលមានប្រាក់ចំណូលទាប និងមធ្យម»។
ចាប់តាំងពី អង្គការលំនៅឋានមនុស្សជាតិ អន្តរជាតិបានចុះបញ្ជីការិយាល័យនៅកម្ពុជាក្នុងខែ មករា ឆ្នាំ ២០០៣ មក អង្គការនេះបានផ្តល់សេវាបាន ជាង ១៨.០០០គ្រួសារ និង គ្រោងផ្តល់សេវា ជាង ៥០.០០០ ទៀតក្នុងរយៈពេលបីឆ្នាំខាងមុខនេះ។
គួរបញ្ជាក់ដែរថា អនុស្សរណៈនៃការយោគយល់រវាងភាគីទាំងពីរ គឺឆ្លើយតបទៅលើការកសាងលើ ចក្ខុវិស័យនៃគោលនយោបាយជាតិ ស្តីពីលំនៅឋាន ដែលបានអនុម័តក្នុងឆ្នាំ ២០១៤ ដោយរាជរដ្ឋាភិបាលកម្ពុជា៕