ភ្នំពេញ៖ ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានបង្ហោះវីដេអូខ្លីមួយ ដោយបញ្ជាក់ជំហរជាថ្មីទៀតថា លោកនឹងវិលចូលមកប្រទេសកម្ពុជាវិញ ដោយមិនខ្លាចការចាប់ចង ឬក៏សំលាប់ជីវិតលោកឡើយ។ ប៉ុន្ដែលោកថា ការវិលមកវិញរបស់លោកលុះត្រាគណបក្សកាន់អំណាចដោះលែង តំណាងរាស្ត្រ សកម្មជន គណបក្សសង្គ្រោះជាតិ មន្ដ្រីសកម្មជនសិទ្ធិមនុស្ស ដីធ្លី ដែលកំពុងជាប់ក្នុងពន្ធនាគារ ទាំងអស់ឲ្យមានសេរីភាពវិញ។
លោកសន្យាថា បើរដ្ឋអំណាច ដោះលែងអ្នកទាំងនោះគឺក្នុងចន្លោះពេលបីថ្ងៃលោក នឹងមកដល់ប្រទេសកម្ពុជាវិញភ្លាម ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល និយាយថាលោក សម រង្ស៊ី មិនចាំបាច់មកជាប់គុកជំនួសអ្នកណាទេ ព្រោះខ្លួនមានទោសត្រូវជាប់គុកស្រាប់ទៅហើយ ហើយកម្ពុជាក៏គ្មានច្បាប់ជាប់គុកជំនួសអ្នកណាដែរ។ ប៉ុន្ដែអ្នកវិភាគបង្ហាញមតិថា អ្នកនយោបាយគួរបញ្ឈប់ការ ចង់ចាញ់ចង់ឈ្នះបន្ដទៀត ហើយងាកមកជជែកគ្នា ពីបញ្ហាជាតិវិញទើបប្រសើរ។ លោក លៀ ស៊ីណា រាយការណ៍៖
នៅក្នុងវីដេអូឃ្លីបមួយបង្ហោះលើហ្វេសប៊ុករបស់លោកកាលថ្ងៃទី ១៩ ខែ តុលា លោក សម រង្ស៊ី មានប្រសាសន៍យ៉ាងមុតមាំថា បើគណបក្សប្រជាជនកម្ពុជា ព្រមដោះលែងអ្នកទាំងអស់នេះ គឺរូបនឹងរៀបចំទិដ្ឋាការទិញ សំបុត្រយន្តហោះ ចូលប្រទេស ភ្លាមគឺយ៉ាងយូរ ៣ថ្ងៃ នឹងមកដល់កម្ពុជា ហើយ បើមកដល់ចង់យកលោកទៅណាក៏បានដែរ ព្រោះលោក ត្រូវបូជាជីវិត ដើម្បីអ្នកជាប់ឃុំទាំងនោះ។
លោក សម រង្ស៊ី៖«ខ្ញុំមកយកខ្ញុំទៅធ្វើអីធ្វើទៅ ចង់ចាប់ដាក់គុក ក៏បាន ចង់យកទៅសម្លាប់ក៏បាន ប៉ុន្ដែសុំឲ្យមានការដោះលែង ដោះលែងអ្នកស្នេហាជាតិ ដោះលែងអ្នកទោសនយោបាយ ដោះលែងអ្នកទោសមនសិកា»។
លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសបានបន្ថែមដែរថា បើមិនព្រមដោះលែងអ្នកទោសមនសិការទាំង ២០ - ៣០នាក់នោះទេ ហើយចង់ចាប់រូបលោកទៀតគឺមិនបានជាដាច់ខាត។
លោក សម រង្ស៊ី៖«បើគេដោះលែងអ្នកស្នេហាជាតិមួយចំនួន ២០, ៣០នាក់ ហើយចាប់តែរូបខ្ញុំម្នាក់អាហ្នឹងបាន ប៉ុន្ដែបើចង់ចាប់ សម រង្ស៊ី ហើយអត់ដោះលែងអ្នកដទៃទៀតអត់បានទេ ដើម្បីឲ្យអ្នកទាំង ២០, ៣០នាក់ចេញមកដើម្បីធ្វើការសុទ្ធតែអ្នកពូកែៗ ហើយជាប់គុកខ្ញុំម្នាក់ខ្ញុំព្រម»។
លោក សម រង្ស៊ី បង្ហាញក្ដីសង្ឃឹមថា គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយ សម្ដេច ហ៊ុន សែន នឹងពិចារណាយល់ព្រមទៅលើសំណើរបស់លោក។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ដ ដែលផ្ដល់បទសម្ដាសន៍ឱ្យ វិទ្យុស្ដ្រីFM102 នៅថ្ងៃទី ២០ ខែ តុលា នេះ មានប្រសាសន៍ថា មិនចាំបាច់និយាយដល់ជាប់គុកជំនួសគេទេ ព្រោះសាលក្រមស្ថាពរ បានចេញមកហើយដែលតម្រូវឲ្យលោក សម រង្ស៊ី មកជាប់គុក ២ ឆ្នាំ នឹងបង់ប្រាក់ពិន័យ ៨លានរៀលទៀតផង។
អ្នកនាំពាក្យបក្សកាន់អំណាចបន្ថែមថា ការថ្លែងរបស់លោក សម រង្ស៊ី ពីការជាប់គុកជំនួសដូចនេះ គឺហាក់ដូចជាសម្ដីកូនក្មេងដែលមិនយល់កិច្ចការអ្វីសោះ ព្រោះកម្ពុជាគ្មានច្បាប់ស្ដីពីការជាប់គុកជំនួសនោះទេ។ លោកបន្ដថា សក់អ្នកណាគឺក្បាលអ្នកហ្នឹង។ បន្ថែមពីនេះលោកសង្កត់ធ្ងន់ថាសម្ដីលោក សម រង្ស៊ី គឺមានបំណងចង់បំភ័ន្តមតិសាធារណៈជាតិ និងអន្ដរជាតិ ឲ្យយល់ឃើញថាលោកជាអ្នកក្លាហ៊ាន តែតាមពិតគឺខ្លាចការជាប់គុកណាស់។
លោក សុខ ឥសាន្ដ៖«ឥឡូវនេះមិនបាច់គាត់ជាប់គុកជំនួសគេទេ សាលក្រមស្ថាពរ របស់គាត់មានរួចហើយគឺ សម រង្ស៊ី ត្រូវចូលខ្លួនមកជាប់គុក ២ឆ្នាំ និងបង់លុយ ៨លានរៀល កុំនិយាយពីរឿងជាប់គុកជំនួសគេ ត្រូវនិយាយពីរឿងខ្លួនផ្ទាល់ឯណេះខ្លួនមានទោសត្រូវមកទទួលទោស»។
ពាក់ព័ន្ធបញ្ហារបស់អ្នកនយោបាយដែលកើតមានមិនឈបមិនឈរនេះ អ្នកវិភាគយល់ថា អ្នកនយោបាយបើនៅតែប្រកាន់ត្រូវតែរៀងៗខ្លួនបន្ដទៀតនោះប្រាកដជាមិនអាច ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន លូតលាស់ទៅមុខបានទេ។
លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងនយោបាយ មានប្រសាសន៍ថា អ្នកនយោបាយខ្មែរល្មមពិចារណាឡើងវិញពីការប្រើប្រាស់សារនយោបាយរបស់ខ្លួន។ លោកបន្ដថា អ្នកនយោបាយជារឿយៗតែងតែប្រើវោហាសាស្ត្រតាមកំហឹងបរិហាគ្នា ដោយគ្មានមូលដ្ឋានច្បាស់លាស់។
អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គម បន្ថែមទៀតថា បើអ្នកនយោបាយទាំងអស់ធ្វើការដើម្បីជាតិ ដើម្បីផលប្រយោជន៍ពលរដ្ឋខ្មែរគ្រប់រូបពិតមែនគួរតែគិតឡើងវិញ គឺងាកមករកគ្នា ដើម្បីជជែកគ្នា ព្រោះបញ្ហាអ្នកនយោបាយគ្មានវិធីអ្វីដែលល្អជាងការជួបពិភាក្សាគ្នានោះទេ។
លោក គឹម សុខ ក៏បានសង្កត់ធ្ងន់ដែរថា បើអ្នកនយោបាយខ្លាច អន់ជាងគូបដិបក្ស របស់ខ្លួនមិនគួរធ្វើនយោបាយនោះទេ ។
លោក គឹម សុខ៖«ប្រទេសណាក៏ដោយ ប្រទេសប្រជាធិបតេយ្យប៉ុណ្ណាក៏ដោយ គឺពេលមានបញ្ហាត្រូវការជជែកគ្នា កម្ពុជាក៏ដោយ ហើយបើអ្នកនយោបាយបង្ហាញសារនយោបាយ បែបហ្នឹងបង្ហាញថា អ្នកនយោបាយអស់ហ្នឹងគ្រាន់តែនិយាយអះអាងថាខ្លួនចាស់ទុំនយោបាយមែនទែនទៅ ស្ទើរចាស់ ស្ទើរទុំ ទៅមានតែអាយុចាស់ ប៉ុន្ដែនៅខ្ចីពីការដោះស្រាយនយោបាយ»។
ដូចគ្នានេះដែរសាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយលោក សូ ចន្ថា បង្ហាញយោបល់ថា អ្នកនយោបាយកំពូលៗ នៅកម្ពុជាគួរតែងាកមកគិតគូពីបញ្ហាប្រឈមរបស់រាស្ដ្រខ្មែរ ដែលស្រែកយំព្រោះតែភាពក្រីក្រវិញ និងបញ្ហាប្រឈមផ្សេងៗទៀត ព្រោះល្អជាងការឈ្លោះគ្នា បង្ហាញភាពខ្លាំងរៀងៗខ្លួន។
សាស្ដ្រាចារ្យសិក្សាពីនយោបាយបញ្ជាក់ថា អ្នកនយោបាយគួរប្រើវប្បធម៌ចរចារគ្នា តាមរបៀបរបស់ខ្មែរវិញ ប្រសិនជាគិតគូរពីប្រយោជន៍ប្រទេសជាតិ និងពលរដ្ឋមែន។ បន្ថែមពីនេះលោកបង្ហាញជាទស្សនៈថា លោក សម រង្ស៊ី គួរវិលចូលប្រទេសវិញ បើទោះជាមិនមានការសម្របសម្រួល នយោបាយ តាមការទាមទាររបស់លោកក៏ដោយ។
លោក សូ ចន្ថា៖«អ្វីដែលខ្ញុំចង់ឃើញគឺអ្នកនយោបាយកម្ពុជា អាចជជែកគ្នាបានរវាងខ្មែរនិងខ្មែរ ដោយប្រើវប្បធម៌ខ្មែរ តែធ្វើយ៉ាងណាគួរប្រើវប្បធម៌បែបមានការយោគយល់ បែបមានការអត់ឱនគ្នាទៅវិញទៅមក ក្នងគោលដៅមួយក្នុងឯកភាពជាតិ»។
សូមរម្លឹកថាលោក សម រង្ស៊ី ត្រូវបាន តុលាការរាជធានភ្នំពេញ ដែលអ្នកសង្កេតការណ៍ខ្លះបានចាត់ទុកថា មិនមានភាពឯករាជ្យភាពពិតប្រាកដ កាលពីឆ្នាំ២០១១ បានសម្រេចផ្តន្ទាទោស លោក ឲ្យមានទោសជាង ២០ឆ្នាំ ករណីដែលលោកទៅដក តម្រុយព្រំដែន មួយនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែល លោកអះអាងថាថាវៀតណាមបោះបង្គោលចូលទឹកដីខ្មែរ។ តែយ៉ាងនេះក្ដី កាលពីមុនការបោះឆ្នោត សភាថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣ បន្តិច លោកបានវិលចូលប្រទេសកម្ពុជាវិញ ដោយមានអ្នកទៅទទួលលោក នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាច្រើនសែននាក់៕