ក្រសួងការបរទេសកម្ពុជា បានធ្វើពិធីរម្លឹកខួប២៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ២៣តុលា ២០១៦ ដោយអញ្ជើញមន្ដ្រីអ្នកការទូតបរទេសជាច្រើន មកចូលរួម។ តាមប្រភពព័ត៌មានមួយដែលស្និទ្ធនឹងរដ្ឋាភិបាល បានចុះផ្សាយថា ពិធីនេះធ្វើឡើងនៅឯទីស្ដីការក្រសួងការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី២០ តុលានេះ។
តាមប្រភពដដែល លោក ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតប្រទេសបារាំង ជាអធិបតី នៃការរម្លឹកខួប២៥ឆ្នាំ កិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ពិធីនេះធ្វើឡើងបន្ទាប់ពីសម្ដេចនាយករដ្ឋមន្ដ្រីបានថ្លែងពីក្រុងប៉ៃលិន កាលពីថ្ងៃពុធ ទី១៩ ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជា ស្នាដៃរបស់ភាគីគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្ដេចនាយករដ្ឋមន្ដ្រី និងអតីតព្រះមហាក្សត្រព្រះបាទនរោត្ដមសីហនុ។សម្ដេច ហ៊ុន សែន បានអះអាងថា ការពន្លត់សង្គ្រាមជាស្ថាពរនៅកម្ពុជា គឺដោយសារតែ ខ្មែរគ្នាឯងជាពិសេស សម្ដេចបានធ្វើអោយមាន សមាហរណកម្ម កងទ័ពខ្មែរក្រហមចូលមកសង្គមជាតិវិញ។
យ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលមានប្រទេសចំនួន១៨ ក្នុងនោះមានក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ៥ប្រទេសផងដែរ គឺ អាមេរិក បារាំង អង់គ្លេស រុស្ស៊ី និងចិន គឺជាអ្នកធ្វើអោយមានការឯកភាពជាតិខ្មែរឡើងវិញ ហើយបានបញ្ចប់សង្គ្រាម ស៊ីវិលជាង២ទស្សវត្សរ៍។ បន្ថែមលើនេះ ភាគីជម្លោះខ្មែរទាំង៤ភាគី បានវិលមកប្រកួតប្រជែងគ្នា តាមលក្ខណៈការដណ្ដើមអំណាចចេញពីការបោះឆ្នោតប្រជាជន។
តាមរយៈកិច្ចព្រមព្រៀងនេះ ធ្វើអោយកម្ពុជា មានមុខមាត់សារជាថ្មីលើឆាកអន្ដរជាតិ ហើយ មានការអភិវឌ្ឍប្រទេសមកដល់ពេលនេះ៕