នៅទីបំផុតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) បានសម្រេចដោយឯកតោភាគី ដើរចេញពីសម្ព័ន្ធមិត្តអាមេរិក ដែលធ្លាប់ជួយហ្វីលីពីន គ្រប់បែបយ៉ាង ដោយប្រើពាក្យបែបចំអកថា «ពេលនេះ គឺលាហើយ អាមេរិក»។
ការប្រកាស របស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ អំឡុងលោកធ្វើ ទស្សនកិច្ចនៅទីក្រុងប៉េកាំង ក្នុងដំណើរបំពេញការងារដើម្បីពង្រឹងទំនាក់ទំនង ការទូត ជាមួយប្រទេស ធ្លាប់ គំរាមធ្វើសង្គ្រាមនឹងគ្នា ករណីជំលោះសមុទ្រចិនខាងត្បូង។
អ្នកវិភាគ មើលឃើញថាជាការរុះរើ ជំហរជាឯកតោភាគីដែលធ្វើឡើងដោយ មេដឹកនាំហ្វីលីពីន មានចរឹកកោងកាច រូបនេះ។
តាមការចុះផ្សាយរបស់ បណ្ដាញផ្សាយព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០១៦នេះ លោក រ៉ូឌ្រីហ្គោ ឌូទើតេ នឹងជួប សមភាគីចិន ស៊ីជិន ភីង ដែលគេរំពឹងថា ក្រុងប៉េកាំង រីករាយយ៉ាងខ្លាំង ការដូរជំហរ របស់ក្រុងម៉ានីល។
ថ្លែងទៅកាន់សហគមន៍ ហ្វីលីពីន ពីទីក្រុងប៉េកាំង លោក ឌូទើតេ និយាយថា ហ្វីលីពីន បានទទួលផលចំណេញតិចតួចប៉ុណ្ណោះ ពីទំនាក់ទំនងដ៏យូរអង្វែងជាមួយ សហរដ្ឋអាមេរិក។
លោកបន្តថា៖«ការស្នាក់នៅរបស់អ្នកក្នុងប្រទេសរបស់ខ្ញុំដើម្បីតែ ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក។ ដូច្នេះវាដល់ពេលដែលយើងនិយាយថាលាហើយមិត្តសំឡាញ់។ ខ្ញុំនឹងមិនទៅសហរដ្ឋអាមេរិកទៀតទេ។ បើខ្ញុំទៅថាខ្ញុំនឹងត្រូវគេជេរនៅទីនោះ»។
កាលពីថ្ងៃពុធទី១៩ តុលា មន្ត្រីហ្វីលីពីនម្នាក់បាន និយាយថា ចិនបានអនុញ្ញាតឱ្យ អ្នកនេសាទហ្វីលីពីន បានទៅនេសាទ ក្នុងដែនទឹកកោះ កំពុងមានជំលោះរវាងប្រទេសទាំង២ តាមការស្នើសុំ របស់ លោក រ៉ូឌ្រីហ្គោ ឌូទើតេ។
តែយ៉ាងណា ប្រទេសហ្វីលីពីន មានប្រៀបលើចិនរួចហើយ ករណីជម្លោះសមុទ្រចិនខាងត្បូង ដោយសារតុលាការ អង្គការសហប្រជាជាតិ បាន សម្រេចឱ្យ ក្រុងម៉ានីល មានសិទ្ធិចូលទៅកាន់តំបន់ជម្លោះ។ តែភាគីចិន គំរាមថានឹងមានសង្គ្រាមបើ ហ្វីលីពីន ហ៊ាន ប្រើប្រាស់សិទិ្ធរបស់ខ្លួន ដោយឯកតោភាគីចូលទៅតំបន់នោះ។ ទំនងដោយសារការគំរាម របស់ចិននេះហើយ ដែលធ្វើឱ្យ លោក រ៉ូឌ្រីហ្គោ ឌូទើតេ បង្ហាញជំហរទន់ភ្លន់ ជាមួយចិន ហើយ ឈានដល់ការអនុញ្ញាតឱ្យ មានទូកនេសាទ ហ្វីលីពីន ចូលទៅតំបន់ ជម្លោះ នៅសមុទ្រចិនខាងត្បូង។
តែនៅពេលជាមួយគ្នានេះ មានការស្ទង់មតិមួយបង្ហាញថា ប្រជាជនហ្វីលីពីននៅតែជឿទុកចិត្តលើ សហរដ្ឋអាមេរិក ច្រើនជាងប្រទេសចិន បើទោះបីជាប្រធានាធិបតីហ្វីលីពីនថ្មីគឺលោក Rodrigo Duterte មានទំនោរ ងាកចេញពី សហរដ្ឋអាមេរិក ហើយទៅចាប់យកប្រទេសចិនជាខ្នងបង្អែកក៏ដោយ ។
ការស្ទង់មតិ របស់ Social Weather Stations លើមនុស្ស ១២០០នាក់ បានបង្ហាញថា ៧៦ភាគរយ នៅតែឱ្យហ្វីលីពីន មានចំណងទាក់ទងស្អិតរមួត ជាមួយសហរដ្ឋអាមេរិក ហើយ២២ ភាគរយ គាំទ្រចំណងទាក់ទងជាមួយចិន៕ ប្រភព:CNA