en     km
en     km

តំណាង​ UN​ ថា​កម្ពុជា​មិន​ត្រូវ​មាន​សង្គ្រាម​ឡើង​វិញ​ទេ​ តែ​សម្ដេច​ ហ៊ុន​ សែន​ ថា​កម្ពុជា​បាន​ពន្លត់​សង្គ្រាម​ដោយ​ខ្លួនឯង (មានសំឡេង)​

Share

ភ្នំពេញ៖ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃ​ ពុធ​ ទី​ ១៩​ នេះ​ថា​ កម្ពុជា​ត្រូវ​អនុវត្ដ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ដែល​នាំ​ឲ្យ​កម្ពុជា​ បាន​សន្ដិភាព​ ការ​អភិវឌ្ឍ​មក​ដល់​ពេល​នេះ​។​ ​

លោកស្រី​រ៉ូ​ណា​ ស្ម៊ី​ត​ (Rhona​ Smith)​ ពេលជួបលោកនាយករដ្ឋមន្ត្រីហ៊ុន សែន
លោកស្រី​រ៉ូ​ណា​ ស្ម៊ី​ត​ (Rhona​ Smith)​ ពេលជួបលោកនាយករដ្ឋមន្ត្រីហ៊ុន សែន

​លោកស្រី​បាន​បន្ដ​ថា​ ការ​អនុវត្ដ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ បាន​ល្អ​ប្រសើ​គឺជា​ការ​គោរព​ បាន​នៅ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ការ​គោរព​សិទ្ធិ​មនុស្ស​នឹង​ប្រជាធិបតេយ្យ​។​ ប៉ុន្ដែ​លោកស្រី​ បាន​ណែនាំ​ថា​ គេ​មិន​ត្រូវ​នាំ​ប្រទេស​កម្ពុជា​ឲ្យ​ធ្លាក់​ចូល​ក្នុង​ភ្នក់ភ្លើងសង្គ្រាម​សារ​ជា​ថ្មី​ទៀត​នោះ​ទេ​។​


ជាមួយ​គ្នា​នេះ​លោកស្រី​ក៏​បាន​ថ្លែង​ថា​ ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ត្រូវ​តែ​មាន​អ្នក​ប្រកួត​មាន​វត្ដមាន​លើ​សង្វៀន​ទាំងអស់​ គឺ​ការ​ប្រកួត​ដោយ​ស្នើ​ភាព​គ្នា​ ហើយ​ចំណែកឯ​ប្រព័ន្ធ​តុលាការ​ដែល​ជា​អ្នក​ពង្រឹង​ប្រព័ន្ធ​យុត្ដិធម៌​សង្គម​ក៏​ត្រូវ​ក្លាយជា​ស្ថាប័ន​ អនុវត្ដ​ច្បាប់​ដោយ​មិន​រើសអើង​បក្សពួក​ដោយ​មិន​ប្រកាន់​និន្នាការ​អ្វី​ឡើយ​។​ លោកស្រី​ថា​ ការ​កាត់ក្ដី​ត្រូវ​តែ​ឈរ​ លើ​គោលការណ៍​យុត្ដិធម៌​ទាំង​សងខាង​។


លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ ដែល​បាន​មក​បំពេញ​ទស្សនៈកិច្ច​ នៅ​កម្ពុជា​តាំងពី​ថ្ងៃ​ទី​ ១០​ តុលា​ គឺ​លោកស្រី​នឹង​ត្រឡប់​ទៅ​កាន់​ទីក្រុង​ ហ្សឺ​ណែវ​ ប្រទេស​ស្វី​ស​វិញ​ នៅ​ថ្ងៃ​ទី​ ២០​ តុលា​នេះ​ បន្ទាប់​ពី​លោកស្រី​ បាន​ជួប​មន្ដ្រី​រដ្ឋាភិបាល​ មន្ដ្រី​សង្គម​ស៊ី​វិល​ និង​គណបក្សប្រឆាំង​។​ ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​របស់​លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ នៅ​ពេល​នេះ​គឺ​ស្រប​ពេល​ដែល​លោកស្រី​ ត្រូវធ្វើ​របាយការណ៍​អំពី​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ នៅ​ពេល​លោកស្រី​ត្រឡប់​ទៅ​ដល់ទី​ក្រុង​ហ្សឺ​ណែវ​វិញ​។​

​លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ដែល​មក​បំពេញ​ទស្សនៈកិច្ច​នៅ​កម្ពុជា​សា​ជា​ថ្មី​នេះ​ លោកស្រី​ត្រូវ​បាន​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ និង​គណបក្សប្រឆាំង​បាន​ស្នើ​សុំ​លោកស្រី​ ជួយ​អន្ដរាគមន៍​បញ្ចប់វិបត្ដិ​នយោបាយ​និង​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដែល​ករណី​ទាំងនេះ​លោកស្រី​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ កម្ពុជា​មិន​ទាន់​បាន​គោរព​សិទ្ធិ​មនុស្ស​ លទ្ធិប្រជាធិបតេយ្យ​ ទៅ​តាម​ការ​កំណត់​នៃ​រដ្ឋធម្មនុញ្ញ​ច្បាប់​អន្ដរជាតិ​ និង​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​នោះ​ទេ​។​

​ទោះជា​មិន​ឆ្លើយ​តប​នឹង​ប្រសាសន៍​របស់​លោកស្រី​ រ៉ូ​ណា​ ស្មិត​ ក៏​ដោយ​ តែ​ទំនង​និយាយ​យោង​ដល់​ បក្ស​ប្រឆាំង​ ដែល​ប្រកាស​ធ្វើ​ពិធី​រម្លឹក​ ខួប​២៥​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​អះអាង​ពី​ក្រុងប៉ៃលិន​មក​ថា​ កម្ពុជា​មាន​សន្តិភាព​មក​ដល់​ពេល​នេះ​គឺ​គេ​មិន​ត្រូវ​ភ្លេច​សា្ន​ដៃ​ របស់​ លោក​ និង​សម្ដេច​ព្រះបាទ​ នរោត្ដម​ សីហ​នុ​ ទេ​។​ ប៉ុន្តែ​សម្ដេច​ ហ៊ុន​ សែន​ អះអាង​ថា​ អ្វី​ដែល​ធ្វើ​ឱ្យ​ មហា​គ្រួសារ​ខ្មែរ​ជួប​គ្នា​មក​ដល់​ពេល​នេះ​ គឺជា​ការ​កើត​ចេញពី​ កម្ពុជា​ ខ្លួនឯង​។​


សម្ដេច​ ហ៊ុន​ សែន​ ក៏​បាន​ថ្លែង​ពី​កម្លាំង​របស់​ខ្មែរក្រហម​ ធ្វើ​សមាហរណកម្ម​ ជាមួយ​សង្គម​ជាតិ​ដែល​នាំ​ឱ្យ​មាន​សន្តិភាព​ ដែល​សម្ដេច​ថា​ក៏​ជា​ស្នាដៃ​របស់​សម្ដេច​ដែរ​។​

​ស្រប​ពេល​នេះ​ដែរ​ អង្គការ​សង្គម​ស៊ី​វិល​ នៅ​ទូ​ទាំង​អាស៊ី​ ចំនួន​ ៤០​ ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​លើ​ កិច្ច​ការពារ​សិ​ទិ្ធ​មនុស្ស​ និង​ប្រជាធិបតេយ្យ​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃនេះ​ដោយ​ បាន​សរសេរ​ថា​ អស់​រយៈពេល​ ២៥​ឆ្នាំ​មក​ហើយ​ ដែល​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ ត្រូវ​បាន​បង្កើត​ឡើង​ សម្រាប់​ ប្រទេស​កម្ពុជា​ តែ​ មក​ដល់​ពេល​នេះ​ កម្ពុជា​ មិន​បាន​អនុវត្ត​ស្មារតី​ នៃ​កិច្ចព្រមព្រៀង​នេះ​បាន​ល្អ​ប្រសើរ​ឡើយ​។​

​សេចក្ដីថ្លែងការណ៍​រួម​របស់​អង្គការ​អន្តរជាតិ​ នៃ​បណ្ដា​ប្រទេស​នៅ​អាស៊ី​ បាន​បន្ត​ថា​ គេ​បាន​មើលឃើញ​ពី​ការ​ធ្លាក់​ចុះ​ ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ ប្រជាធិបតេយ្យ​ នៅ​កម្ពុជា​ ដែល​ត្រូវ​បាន​ កំណត់​ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​២៣​ តុលា​១៩៩១​។​

​អង្គការ​អន្តរជាតិ​នៅ​អាស៊ី​ ទាំង​៤០​នេះ​ ក៏​បាន​បាន​ទទូច​ឱ្យ​កម្ពុជា​ បញ្ចប់វិបត្តិ​នយោបាយ​  ដោះ​លែង​ក្រុមប្រឆាំង​ សង្គម​ស៊ី​វិល​ ហើយ​បាន​ទាមទារ​ ការ​បោះ​ឆ្នោត​ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ និង​ បោះ​ឆ្នោត​សភា​ ប្រកបដោយ​ បរិយាកាស​ដែល​ គ្មាន​ការ​ភិតភ័យ​ និង​ មាន​ភាព​ត្រឹមត្រូវ​។​  

 

 

Share

ព័ត៌មានទាក់ទង

Image