ការជន់ទឹកភ្លៀងធ្វើឱ្យស្ទឹងព្រែកត្នោតខេត្តកំពង់ស្ពឺ ជនលិចយ៉ាងខ្លាំងហើយបានហូរកាត់ ផ្លូវជាតិលេខ៣ ជាកំណាត់ៗ។ បន្ថែមពីនេះបណ្តាលឲ្យមានជំនន់ទឹកភ្លៀង នៅខេត្តកណ្តាល និងរាជធានីភ្នំពេញ ក្នុងខណ្ឌមួយចំនួន ជាពិសេសខណ្ឌដង្កោ។
ការជន់លិចទឹកភ្លៀងនេះ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធាទឹកនិងឧតុនិយម បានប្រាប់វិទ្យុស្ត្រីFM១០២ នៅថ្ងៃពុធទី១៩តុលានេះថា ភ្លៀងនឹងបន្តធ្លាក់ទៀត នៅក្នុងកម្រិតមធ្យម នៅតាមខេត្តជាប់និងជួរភ្នំដងរែក ដោយមាន រយៈពេល ២ថ្ងៃទៀត។ លោកថាទឹកជន់នេះដោយសារប្រទេសកម្ពុជា រងប្រព័ន្ធសម្ពាធទាប និង មូសុងនិរតី។
លោកបន្តថាកន្លងមក នៅភាគខាងជើងខេត្តកំពង់ស្ពឺបានជួបប្រទះ ជំនន់ទឹកភ្លៀងហើយ នៅពេលនេះបន្តរាលដាល មកភាគខាងត្បូងម្តងដែលអាចជះឥទ្ធិពលដល់ស្រុក និងខណ្ឌមួយចំនួន។
លោក ចាន់ យុត្ថា បញ្ជាក់ថាខេត្តកំពង់ស្ពឺ រងទឹកជំនន់ តាំងពីថ្ងៃទី៣០កញ្ញាមក ម្ល៉េះ ដោយធ្វើឱ្យខូចខាតដំណាំស្រូវប្រមាណ ២០០ហិចតា ហើយពេលនេះក្រសួងកំពុងរកវិធីសាស្ត្រការពារនិងរកវិធីរំដោះទឹកចេញពីទីនោះ ដូចជារកវិធីបង្ហូរចូលក្នុងទន្លេសាប បង្ហូរតាមដៃព្រែក ទៅទន្លេបាទី ជាដើម។
តាម លោក ចាន់ យុត្ថា ស្ពានព្រែកជ្រៃ ទៅរង្វង់មូលគួរស្រូវកំណាត់ផ្លូវ217 ត្រូវបានបិទជាបណ្ដោះអាសន្នដោយមិនឲ្យធ្វើចរាចរណ៍។ ចំពោះបាតុភាពនេះ ក្រសួងធនធានទឹកនិងឧតុនិយម ក៏បាន ជូនដំណឹងជាបន្តបន្ទាប់ ដោយក្រសួង បានប្រាប់ឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នគ្រប់យ៉ាង៕