en     km
en     km

សព​លោក​ សេក​ បរិសុទ្ធ​ អ្នកឯកទេស​វិស័យ​ព័ត៌មាន​ នឹង​ត្រូវ​បូជា​នៅ​ម៉ោង​១១​ព្រឹក​ថ្ងៃនេះ​ហើយ​

Share

ភ្នំពេញ៖ សព​លោក​ សេក​ បរិសុទ្ធ​ អ្នកឯកទេស​វិស័យ​សារព័ត៌មាន​ និង​ជា​ប្រធាន​ទំនាក់ទំនង​ នៃ​អង្គការ​ អេ​ដ​ អេ​ អាក់​ស្យុ​ង​ (AEA)​ និង​ជា​សមាជិក​ក្រុមប្រឹក្សានាយក​ នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ នឹង​ត្រូវ​បូជា​ នៅ​ម៉ោង​ ១១​ព្រឹក​ថ្ងៃនេះ​ នៅ​ វត្ត​ទួល​ទំពូង​ រាជធានី​ភ្នំពេញ​។​

sek-3​លោក​ បាន​ទទួលមរណភាព​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ខេត្តក្រចេះ​ កាលពី​ រសៀល​ថ្ងៃ​ទី​ ១៦​ ខែតុលា​។​

​ការ​បាត់បង់​លោក​ សេក​ បរិសុទ្ធ​ គឺជា​ការ​បាត់បង់​ ធនធានមនុស្ស​ របស់​កម្ពុជា​ ដ៏​សំខាន់​មួយ​ ជា​ពិសេស​ ការ​បាត់បង់​ អ្នកជំនាញ​ សារព័ត៌មាន​ដ៏​កម្រ​មួយ​ នៅ​កម្ពុជា​។​ មិត្ត​រួមការ​ងារ​និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​ មានការ​សោកស្ដាយ​យ៉ាង​ជ្រាលជ្រៅ​ បំផុត​ចំពោះ​ ការ​បាត់​រូប​លោក​។​

​ប្រវត្តិរូប​សង្ខេប​របស់​លោក​ សេក​ បរិសុទ្ធ​

sek-borysot
​លោក​ សេក​ បរិសុទ្ធ​ មានគ្រួសារ​ និង​មានកូន​ប្រុស​២​នាក់​។​ លោក​បាន​ទទួលមរណភាព​ ក្នុង​វ័យ​៥៩​ឆ្នាំ​។​

​លោក​ ធ្លាប់​ជា​អតីត​នាយក​វិទ្យាស្ថាន​សារ​គមនាគមន៍​កម្ពុជា​ ហើយ​លោក​ ក៏​ធ្លាប់​ជានា​យក​ ផ្នែក​សារ​គមនាគមន៍​ ទំនាក់ទំនង​សាធារណៈ​ និង​ទីផ្សារ​ របស់​សាកលវិទ្យាល័យ​អា​មេ​រិ​ក​កាំ​ង​ភ្នំពេញ​ (AUPP)​។​ មុន​នឹង​ចូល​បម្រើ​ការងារ​នៅ​សា​លក​វិទ្យាល័យ​ អា​មេ​រិ​ក​កាំ​ង​ភ្នំពេញ​ លោក​ក៏​ធ្លាប់​ធ្វើ​ជា​ទីប្រឹក្សាបច្ចេកទេស​ នៅ​វិទ្យាស្ថាន​តស៊ូ​មតិ​ និង​ គោលនយោបាយ​ (API)​ ដែល​មាន​តួនាទី​ជា​មន្ត្រី​គម្រោង​ថ្នាក់​ជាតិ​ របស់​ការិយាល័យ​ អង្គការសហប្រជាជាតិ​ ប្រឆាំង​គ្រឿងញៀន​ និង​ឧក្រឹដ្ឋ​កម្ម​ (UNODC)​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ លោក​ក៏​ធ្លាប់​ធ្វើ​ជា​នាយក​កម្មវិធី​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ក្រោយមក​ជា​ នាយក​កម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ​អភិបាលកិច្ច​របស់​អង្គការ​ PACT​។​ លោក​ សេក​ បរិសុទ្ធ​ ធ្លាប់​ជា​មន្ត្រី​គម្រោង​ថ្នាក់​ជាតិ​របស់​អង្គការ​ UNESCO​ និង​ជា​ប្រធាន​ការិយាល័យ​បកប្រែ​ភាសាបរទេស​ នៃ​ភ្នាក់ងារ​សារព័ត៌មាន​ព័​ SPK-​ AKP​ ។​

​ចំណែក​តួនាទី​បច្ចុប្បន្ន​ លោក​ សេក​ បរិសុទ្ធ​ ជា​សាស្ត្រាចារ្យ​នៅ​ដឺ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ របស់​សា​លក​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ហើយ​លោក​កំពុងធ្វើការ​ជា​ប្រធាន​អង្គការ​ AEA​។​ បន្ថែម​ពី​នេះ​ទៀត​នោះ​លោក​ជា​សមាជិក​ក្រុមប្រឹក្សានាយក​ នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ផង​ដែរ​។​

​លោក​ សេក​ បរិសុទ្ធ​  ទទួល​បាន​វិញ្ញាបនបត្រ​ជាន់ខ្ពស់​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ ពី​បណ្ឌិតសភា​ វិ​ទ្យ​សាស្ត្រ​សង្គម​ក្រុង​ម៉ូ​ស្គូ​ ប្រទេស​រុ​ស្ស៊ី​៕
sek-3-2 sek-3-1

Share

Image
Image
Image