ភ្នំពេញ៖ សពលោក សេក បរិសុទ្ធ អ្នកឯកទេសវិស័យសារព័ត៌មាន និងជាប្រធានទំនាក់ទំនង នៃអង្គការ អេដ អេ អាក់ស្យុង (AEA) និងជាសមាជិកក្រុមប្រឹក្សានាយក នៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា នឹងត្រូវបូជា នៅម៉ោង ១១ព្រឹកថ្ងៃនេះ នៅ វត្តទួលទំពូង រាជធានីភ្នំពេញ។
លោក បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តក្រចេះ កាលពី រសៀលថ្ងៃទី ១៦ ខែតុលា។
ការបាត់បង់លោក សេក បរិសុទ្ធ គឺជាការបាត់បង់ ធនធានមនុស្ស របស់កម្ពុជា ដ៏សំខាន់មួយ ជាពិសេស ការបាត់បង់ អ្នកជំនាញ សារព័ត៌មានដ៏កម្រមួយ នៅកម្ពុជា។ មិត្តរួមការងារនិងអង្គការដៃគូពាក់ព័ន្ធ មានការសោកស្ដាយយ៉ាងជ្រាលជ្រៅ បំផុតចំពោះ ការបាត់រូបលោក។
ប្រវត្តិរូបសង្ខេបរបស់លោក សេក បរិសុទ្ធ
លោក សេក បរិសុទ្ធ មានគ្រួសារ និងមានកូនប្រុស២នាក់។ លោកបានទទួលមរណភាព ក្នុងវ័យ៥៩ឆ្នាំ។
លោក ធ្លាប់ជាអតីតនាយកវិទ្យាស្ថានសារគមនាគមន៍កម្ពុជា ហើយលោក ក៏ធ្លាប់ជានាយក ផ្នែកសារគមនាគមន៍ ទំនាក់ទំនងសាធារណៈ និងទីផ្សារ របស់សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP)។ មុននឹងចូលបម្រើការងារនៅសាលកវិទ្យាល័យ អាមេរិកកាំងភ្នំពេញ លោកក៏ធ្លាប់ធ្វើជាទីប្រឹក្សាបច្ចេកទេស នៅវិទ្យាស្ថានតស៊ូមតិ និង គោលនយោបាយ (API) ដែលមានតួនាទីជាមន្ត្រីគម្រោងថ្នាក់ជាតិ របស់ការិយាល័យ អង្គការសហប្រជាជាតិ ប្រឆាំងគ្រឿងញៀន និងឧក្រឹដ្ឋកម្ម (UNODC) មិនត្រឹមតែប៉ុណ្ណោះ លោកក៏ធ្លាប់ធ្វើជានាយកកម្មវិធីប្រឆាំងអំពើពុករលួយ និងក្រោយមកជា នាយកកម្មវិធីប្រព័ន្ធផ្សព្វផ្សាយអភិបាលកិច្ចរបស់អង្គការ PACT។ លោក សេក បរិសុទ្ធ ធ្លាប់ជាមន្ត្រីគម្រោងថ្នាក់ជាតិរបស់អង្គការ UNESCO និងជាប្រធានការិយាល័យបកប្រែភាសាបរទេស នៃភ្នាក់ងារសារព័ត៌មានព័ SPK- AKP ។
ចំណែកតួនាទីបច្ចុប្បន្ន លោក សេក បរិសុទ្ធ ជាសាស្ត្រាចារ្យនៅដឺប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ របស់សាលកវិទ្យាល័យភូមិន្ទភ្នំពេញ ហើយលោកកំពុងធ្វើការជាប្រធានអង្គការ AEA។ បន្ថែមពីនេះទៀតនោះលោកជាសមាជិកក្រុមប្រឹក្សានាយក នៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជាផងដែរ។
លោក សេក បរិសុទ្ធ ទទួលបានវិញ្ញាបនបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រនយោបាយ ពីបណ្ឌិតសភា វិទ្យសាស្ត្រសង្គមក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី៕