ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែតុលា លោក សួន វិសាល ត្រូវបានអង្គមហាសន្និបាតលើកទី ២១ របស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាបោះឆ្នោតប្រគល់សេចក្តីទុកចិត្ត ឱ្យធ្វើជាប្រធានគណៈមេធាវីថ្មីសម្រាប់អាណត្តិទី ១១ ជំនួសតំណែងលោក ប៊ុន ហុន។
ការចូលមកកាន់តំណែងជាប្រធានគណៈមេធាវីថ្មីនេះ មេធាវីមួយចំនួន រំពឹងថា លោក សួន វិសាល នឹងពង្រឹងឯករាជ្យភាព ក៏ដូចជាកិត្យានុភាព របស់ស្ថាប័នមួយនេះល្អជាងមុន ខណៈដែលកន្លងមក គណៈមេធាវីត្រូវបានគេរិះគន់ថា អនុវត្តពុំទាន់មានភាពឯករាជ្យ និងមានភាពលម្អៀងទៅខាងរដ្ឋាភិបាលនៅឡើយ។ កញ្ញា ឆេង ណាតា រាយការណ៍៖
លោកមេធាវី សំ សុគង់ បានប្រាប់វិទ្យុស្ត្រី នៅថ្ងៃទី១៨ ខែតុលានេះថា កន្លងមកលោកពិនិត្យឃើញថា គណៈមេធាវី អនុវត្តមិនទាន់បានល្អ១០០ភាគរយនៅឡើយទេ ជាពិសេសទាក់ទងនឹងឯករាជ្យភាពរបស់ស្ថាប័នមួយនេះ។
ប៉ុន្តែលោកថា បើទោះបីជាលោក សួន វិសាល ឡើងកាន់តំណែងថ្មីក៏ដោយ សម្រាប់រូបលោកមិនរំពឹងថាអាចធានា នូវឯករាជ្យភាពរបស់គណៈមេធាវី បាន១០០ភាគរយដែរ ដោយសារតែមានការជ្រៀតជ្រែក និងឥទ្ធិពលនយោបាយ ទៅលើគណៈមេធាវី។
លោក សួន វិសាល ៖«អ្វីដែលយើងសង្ឃឹមថា នឹងឱ្យគណៈមេធាវីឯករាជ្យភាពនោះ គឺយើងពឹងលើសមាជិក សមាជិការ ដែលជាមេធាវីហ្នឹង ដើម្បីធ្វើឱ្យគណៈមេធាវីហ្នឹងឱ្យមានឯករាជ្យភាព និងវិជ្ជាជីវៈមេធាវីកាន់តែមានកិត្យានុភាពទៅថ្ងៃអនាគត»។
បែបនេះក្តីលោកមេធាវី សំ សុគង់ បានផ្តល់ជាអនុសាសន៍ថា គណៈមេធាវី គួរតែពង្រឹងសមត្ថភាព និងវិជ្ជាជីវៈរបស់មេធាវី។ បន្ថែមពីនេះលោកបន្តថា គួរតែមានការចាត់វិធាការ ឬ ការដាក់ពិន័យទៅលើមេធាវីណា ប្រព្រឹត្តិខុសវិជ្ជាជីវៈ។
ចំណែកលោកមេធាវី ហុង គឹមសួន មេធាវីសាលាក្តីខ្មែរក្រហម មានប្រសាសន៍ថា ក្នុងអាណត្តិរបស់លោក ប៊ុន ហុន លោកសង្កេតឃើញថា ធ្វើបានល្អហើយ លោករំពឹងថា អាណត្តិរបស់លោក សួន វិសាល ប្រធានគណៈមេធាវីអាណត្តិថ្មីនេះ នឹងឱ្យគណៈមេធាវីកាន់តែមានកិត្យានុភាព និងតម្លាភាពជាងមុន។
លោកបន្តថា លោកចង់ឱ្យប្រធានគណៈមេធាវីថ្មី ប្រឹងប្រែងធ្វើយ៉ាងណាដើម្បី លើកស្ទួយតម្លៃវិជ្ជាជីវៈមេធាវី ឱ្យមានការគោរពមេធាវី និងគោរពច្បាប់ឱ្យដូចគ្នា កុំឱ្យមានការបកស្រាយខុស រវាងតុលាការ និងគណៈមេធាវី។
លោកមេធាវី ហុង គឹមសួន៖«មានន័យថា បើតុលាការបកស្រាយផ្សេង គណៈមេធាវីបកស្រាយ អញ្ចឹងខ្ញុំចង់ឱ្យគណៈមេធាវី ដែលមានថ្នាក់ដឹកនាំជាប្រធានគណៈមេធាវី និងសមាជិកក្រុមប្រឹក្សាគណៈមេធាវី គឺប្រឹងប្រែងឡើង ដើម្បីឱ្យស្ថាប័នពាក់ព័ន្ធមានក្រសួងយុត្តិធម៌ មានតុលាការ និងស្ថាប័នរដ្ឋឱ្យមានការសហការគ្នា ឱ្យយល់គ្នាអំពីការអនុវត្តនិតិវិធី កុំបកស្រាយតាមតែនឹកឃើញ មិនយកច្បាប់ជាមូលដ្ឋាន។… ក្នុងនាមខ្ញុំជាមេធាវីមួយរូបដែរ នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំចង់ឃើញ មេធាវីទាំងអស់សូមឱ្យមានការរួបរួមគ្នា យើងឱ្យយោបល់គ្នា យើងកុំមានគំនិតបំបែកបំបាក់គ្នា យើងកុំប្រកាន់បក្ស ប្រកាន់ពួក ទោះបីថាអ្នកណាដឹកនាំក៏ដោយ យើងជួយគ្នា ជួយឱ្យយោបល់គ្នា កុំកាច់កុងគ្នា ដើម្បីតែមុខមាត់»។
ជាមួយគ្នានេះដែរ លោកមេធាវី សុខ សំអឿន បានផ្តល់អនុសាសន៍ថា គណៈមេធាវី គួរតែធ្វើការកែទម្រង់កម្មវិធីហ្វឹកហ្វឺនអប់រំមេធាវីថែមទៀតរិតតែប្រសើរ។
លោកមេធាវី សុខ សំអឿន ៖«យើងឃើញមានកាលលោក ប៊ុន ហុន ឃើញគាត់មានពង្រឹងខ្លះហើយ តែខ្ញុំគិតថា បើសិនជាអាចកែទម្រង់កម្មវិធីវ៉ឹកវ៉ើនអប់រំមេធាវីថែមទៀតរិតតែប្រសើរ»។
លោក សួន វិសាល បានទទួលសំលេងគាំទ្រ ឱ្យធ្វើជាប្រធានគណៈមេធាវីអាណត្តិថ្មី ចំនួន៦២២សំលេង។ ក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្ត្រី លោក សួន វិសាល បានឱ្យដឹងថា បន្ទាប់ពីលោកជាប់ជាប្រធានគណៈមេធាវី លោកនឹងធ្វើទំនើបកម្មរដ្ឋបាល ពង្រឹង និងការពារវិជ្ជាជីវៈមេធាវី និងពង្រឹងការអនុវត្តច្បាប់។
លោក សួន វិសាល៖«ទីមួយខ្ញុំគិតពីការអនុវត្តច្បាប់ ទីពីរ ខ្ញុំគិតពីតម្លៃរបស់មេធាវី ហើយទីបី ខ្ញុំគិតពីបញ្ហាសង្គម តើសង្គមរបស់យើងត្រូវការ មេធាវីកម្រិតណា»។
តួនាទីរបស់គណៈមេធាវី គឺជួយពង្រឹងការអនុវត្តច្បាប់ គឺក្នុងគោលបំណងមួយ ឱ្យសង្គមមាននីតិរដ្ឋ ពិតប្រាកដ។ តែកន្លងមក គេពុំឃើ់ញ គណៈមេធាវី កម្ពុជាចេញមុខប្រឆាំង នឹងការប្រើប្រាស់ប្រព័ន្ធតុលាការ ដែលមជ្ឈដ្ឋានខ្លះថា មិនទាន់ឯករាជ្យនិងអព្យាក្រឹត្យនោះទេ៕