ក្រុងម៉ានីល ៖ ការស្ទង់មតិមួយនៅថ្ងៃអង្គារ៍ទី ១៨ តុលានេះ បានបង្ហាញថា ប្រជាជនហ្វីលីពីននៅតែជឿទុកចិត្តលើសហរដ្ឋអាមេរិក ច្រើនជាងប្រទេសចិននៅឡើយ បើទោះបីជាប្រធានាធិបតីហ្វីលីពីនថ្មីគឺលោក Rodrigo Duterte ហាក់មានទំនោរចង់ងាកចេញពីសហរដ្ឋអាមេរិក ហើយទៅចាប់យកប្រទេសចិនជាខ្នងបង្អែក ដែលចិន និងហ្វីលីពីនធ្លាប់ជាអតីតគូសសត្រូវរឿងដែនកោះនៅសមុទ្រចិនខាងត្បូង។
ជំនឿទុកចិត្តរវាងអាមេរិក និង ហ្វីលីពីន ក្នុងចិត្តពលរដ្ឋហ្វីលីពីនបានធ្លាក់ចុះបន្តិចចាប់តាំងពីលោក Duterte ឡើងកាន់អំណាច នេះបើយោងតាមការស្ទង់មតិចុងក្រោយរបស់ Social Weather Stations កាលពីខែមិថុនាកន្លងទៅ។ ការស្ទង់មតិមួយផ្សេងទៀតរបស់ Social Weather Stations នេះ កាលពីខែកញ្ញាដែលប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ បង្ហាញថា ៥៥% នៃប្រជាជនហ្វីលីពីនមានការជឿទុកចិត្តតិចតួច លើប្រទេសចិន និង ១១% នៅមានការសង្ស័យអំពីសម្ព័ន្ធភាពសហរដ្ឋអាមេរិកនៅឡើយ។
យ៉ាងណាគ្រាន់តែរយៈពេលជាងបីបួនខែនៃការស្ទង់មតិលើមនុស្ស ១២០០នាក់ បានរកឃើញថា មាន ៧៦% ឆ្លើយថា ខ្លួនមានទំនុកចិត្តខ្លាំងលើសហរដ្ឋអាមេរិក បើប្រៀបធៀបទៅនឹងប្រទេសចិនវិញគឺមានតែ ២២% តែប៉ុណ្ណោះដែលពលរដ្ឋហ្វីលីពីនជឿទុកចិត្ត។
នៅថ្ងៃអង្គារ៍នេះ លោក Duterte បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន លោកបានដឹកនាំគណៈប្រតិ ភូអាជីវកម្មយ៉ាងតិចណាស់ ២០០នាក់ ដែលសកម្មភាពនេះត្រូវបានមើលឃើញថា ដើម្បីបើកសម្ព័ន្ធភាពពាណិជ្ជកម្មថ្មីមួយជាមួយទីក្រុងប៉េកាំង។ លោក Duterte ក៏បានព្រលយពាក្យសម្តីនៅប្រទេសចិនថា លោកមានគោលបំណងដើម្បីជំរុញសេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីន និងធ្វើពិពិធកម្មគោលនយោបាយបរទេសមួយ ដែលមិនពឹងផ្អែកខ្លាំងទៅលើទីក្រុងវ៉ាស៊ីនតោន។
មួយរយៈពេលចុងក្រោយនេះ លោក Duterte បានប្រើពាក្យប្រមាថមើលងាយយ៉ាងខ្លាំងទៅលើសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តចាស់ និងជាអតីតអាណានិគមរបស់ខ្លួន។ លោក Duterte បានត្អូញត្អែរយ៉ាងខ្លាំងដែលសហរដ្ឋអាមេរិកបានជំទាស់ចំពោះសង្គ្រាមបង្ហូរឈាមក្នុងយុទ្ធនាការបោសសំអាតគ្រឿងញៀនរបស់លោក ដោយលោក Duterte បានប្រមាថលោកប្រធានាធិបតី អូបាម៉ា ថា ទៅចុះនរកទៅ។

កាលពីសប្តាហ៍មុន លោក Duterte ក៏បានចំអកឱ្យលោក អូបាម៉ា សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិថា ល្ងីល្ងើ ដែលបានរិះគន់ការបង្ក្រាបគ្រឿងញៀនរបស់លោក ហើយថា ពួកគេនឹងបាក់មុខ ប្រសិន បើពួកគេទទួលយកការអញ្ជើញរបស់លោក ដើម្បីស៊ើបអង្កេតលើការចោទប្រកាន់ការសម្លាប់ក្នុងសង្គ្រាមគ្រឿងញៀន។
ជនជាតិអាមេរិកមួយចំនួននៅក្នុងប្រទេសហ្វីលីពីនបាននិយាយថា ការផ្ទុះកំហឹងរបស់លោក Duterte បានធ្វើឱ្យជនជាតិអាមេរិកជាច្រើនចាក ចេញទៅកាន់ពីប្រទេសរបស់ពួក ហើយពួកឈ្មួញអាជីវកម្មសហរដ្ឋអាមេរិកនិយាយថា លោក Duterte អាចមានរោគសរសៃប្រសាទ៕
ប្រភព៖ CNA