លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រទេសកម្ពុជា បាន និយាយថា ប្រទេសចិន បានយល់ព្រមជួយធ្វើឱ្យវិស័យយោធាកម្ពុជា កាន់តែទំនើបឡើងៗ ទៅថ្ងៃខាងមុខ។
ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានស្រង់ សម្ដីលោក ទៀ បាញ់ មកចុះផ្សាយនៅថ្ងៃអង្គារទី ១៨តុលា នេះបានឱ្យដឹងថា ចិននិងកម្ពុជា បានឈានដល់កិច្ចព្រមព្រៀងនេះ តាមរយៈការចុះហត្ថលេខាជាមួយគ្នាកាលពីថ្មីៗនេះ។
លោក ទៀ បាញ់ បាននិយាយថា៖«កម្ពុជាបានចុះហត្ថលេខាលើពិធីសារជាច្រើនជាមួយចិន ដែលក្នុងនោះមានការទទួលជំនួយ ដើម្បីធ្វើឱ្យកម្ពុជា មានទំនើបកម្ម វិស័យ ការពារជាតិ»។
តាមប្រភពដដែលនេះ ការអះអាងរបស់លោក ទៀ បាញ់ បានធ្វើឡើង បន្ទាប់ពីលោក ត្រឡប់ពីប្រទេសចិន។
លោក ទៀ បាញ់ បាន បន្តថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាមានផែនការទិញ យន្តហោះប្រតិកម្ម ជាច្រើនគ្រឿង ពីប្រទេសចិន ដែលលោកថា យន្តហោះប្រតិកម្មនេះ ដើម្បីពង្រឹង ដែនអាកាស កម្ពុជា។
កាលពីថ្ងៃអាទិត្យទី ១៦តុលា ចិនបានបញ្ចូននាវាទ័ពជើងទឹក៣គ្រឿង ដែលមានទាហ៊ាន ជិត១០០០នាក់ បាន មក ធ្វើទស្សនកិច្ចនៅសមុទ្រកម្ពុជា ខេត្តព្រះសហនុ។ ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកចិន មានរយៈពេល៣ថ្ងៃ។ កម្ពុជា និង ចិន មានប្រវត្តិទំនាក់ទំនង ជាប្រពៃណី និង ប្រវត្តិសាស្ត្រ យូរលង់មកហើយ ។ ទំនាក់ទំនងជិតស្និទ្ធ បំផុត មានសម័យកាល នៃរបបសង្គមរាស្ត្រ និយម សម័យកាលនៃរបបខ្មែរក្រហម និងបច្ចុប្បន្ននេះ ។ ប៉ុន្តែទំនាក់ទំនងចិន -កម្ពុជា នៅពេលនេះ ធ្វើឱ្យមានការព្រួយបារម្ភពីឥទ្ធិពលចិន លើ កម្ពុជា ស្របពេល មានការរិះគន់ថា កម្ពុជា ចាប់យកចិន ភ្លេចគិតពី ភាពអព្យាក្រឹត្យ របស់ខ្លួន។
យ៉ាងណា ក៏ដោយកម្ពុជា ពង្រឹងវិស័យការពារជាតិ របស់ខ្លួន ដោយ ទទួលយកជំនួយយោធាពីចិន ក៏គាប់ជួនកម្ពុជា ធ្លាប់មានសង្គ្រាម ជាមួយប្រទេសថៃកាលពីឆ្នាំ២០១០ ករណីជម្លោះប្រាសាទព្រះវិហារ ៕