គណប្រតិភូមកពីសហរដ្ឋអាមេរិក និងប្រទេសចូលរួមក្នុងគំរោង នៅតំបន់មេគង្គក្រោម (LMI) និងមិត្តនៅតំបន់មេគង្គក្រោម (FLM) នៃក្រុមការងារថ្នាក់តំបន់ នឹងជួបនៅក្នុងពិធីបើកកិច្ចប្រជុំស្តីពីគំរោងគំនិតផ្តួចផ្តើមនៅតំបន់មេគង្គក្រោមស្អែកនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាចុះថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៦។
ប្រភពដដែលនេះបានឱ្យដឹងដែរថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក William A. Heidt នឹងថ្លែងសុន្ទរកថានៅក្នុងពិធីជួបជុំគ្នាស្អែកនេះ។
គំរោងគំនិតផ្តួចផ្តើមនៅតំបន់មេគង្គក្រោមនេះ ផ្តួចផ្តើមទ្បើងដោយអតីតរដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក លោកស្រី Hillary Clinton និងសមាភាគីរបស់លោកស្រី កាលពីឆ្នាំ២០០៩ គឺគំរោង LMI ជួយដល់ប្រទេសកម្ពុជា ទ្បាវ ភូមា ថៃ និងវៀតណាម ក្នុងការកាត់បន្ថយគំលាតគ្នាផ្នែកអភិវឌ្ឍន៍ ហើយជំរុញសមាហរណកម្ម នៅក្នុងអាស៊ាន។
នៅក្នុងកិច្ចប្រជុំលើកទី០៩ នៃក្រុមការងារនៃ FLM និង LMI សមាជិកនឹងផ្តោតការយកចិត្តទុកដាក់ទៅលើការអនុវត្តភាពជាដៃគូ លើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តភាព ដែលជាទំរង់កម្មវិធីផ្តើមទ្បើងដោយរដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក John Kerry នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីគំរោង LMI នៅខែកក្កដា ឆ្នាំ២០១៦ ដោយគាំទ្រដោយ FLM។
FLM គឺជាក្រុមនៃស្ថាប័នម្ចាស់ជំនួយ និងប្រទេសដែលមានគំនិតផ្តួចផ្តើម ដូចគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍន៍។
នៅក្នុងភាពជាដៃគូនេះ ផ្តោតទៅលើការសំរបសំរួល ការខិតខំដើម្បីជួយបណ្តារដ្ឋាភិបាល នៅក្នុងតំបន់មេគង្គក្រោម ក្នុងការរៀបចំ និងគ្រប់គ្រង គំរោងហេដ្ឋារចនាសម្ព័ន្ធ នានា បន្ថែមពីនេះទៀតនោះ សមាជិក LMI និង FLM នឹងពិភាក្សាផងដែរ ពីអាទិភាពផ្នែកនយោបាយ និងផ្នែកកម្មវិធី នៅពេលជិតដល់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី និងកិច្ចប្រជុំរបស់មន្ត្រីជាន់ខ្ពស់អាស៊ាន៕