ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្តល់កម្ចីទឹកប្រាក់ចំនួន ៤៥លានដុល្លារ ដើម្បីលើកកម្ពស់ការទទួលបានការអប់រំ ប្រកបដោយគុណភាព នៅកម្រិតមធ្យមសិក្សាទុតិយភូមិក្នុងប្រទេសកម្ពុជា។ នេះបើយោងសេចក្តីប្រកាសព័ត៌មាន របស់ ADB ចុះថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៦។
កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ ហៅកាត់ថា (USESDP) នឹងផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល ក្នុងការបង្កើនគុណភាព នៃធនធានមនុស្សរបស់ខ្លួន ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា និងបង្កើនភាពប្រកួតប្រជែងរបស់ប្រទេស។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារ ADB ចុះថ្ងៃទី ១៧ ខែតុលា ឆ្នាំ២១០៦ បានឱ្យដឹងថា នាយកធនាគារ អភិវឌ្ឍន៍អាស៊ី លោក Samiuela Tukuafu មានប្រសាសន៍ថា កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ នឹងគាំទ្រដល់ការធ្វើកំណែទម្រង់ សំដៅបង្កើនប្រសិទ្ធភាពនៃការអប់រំ កម្រិតមធ្យមសិក្សាទុតិយភូមិ ដើម្បីឆ្លើយតបចំពោះតម្រូវការពលករ ជំនាញដែលកំពុងតែកើនទ្បើង ក្នុងទីផ្សារការងារ។ បន្ថែមពីនេះទៀតនោះសិស្ស មកពីតាមបណ្តាខេត្តជួបការលំបាក ជាពិសេសសិស្សស្រី នឹងទទួលបានឱកាសបន្ថែមទៀត ដើម្បីទទួលបានការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ ប្រកបដោយគុណភាព។
វិធានការជាក់លាក់ក្នុងកម្មវិធីនេះរួមមាន ការពង្រីកសម្ភាររូបវ័ន្ត សម្រាប់ការអប់រំកម្រិត មធ្យមសិក្សាទុតិយភូមិ ដូចជាមន្ទីរពិសោធន៍វិទ្យាសាស្ត្រ និងការបំពាក់សម្ភាររូបវ័ន្តសម្រាប់សិក្សាបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT)ជាដើម។
សូមជំរាបថា ធនាគារ ADB បានចូលរួមចំណែកក្នុងវិស័យអប់រំ និងអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ នៅកម្ពុជាក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ ហើយ ADB បានផ្តល់ការគាំទ្រសំខាន់ៗក្នុងការវិភាគតាមវិស័យ និងក្នុងការអនុវត្តកំណែទម្រង់អប់រំតាមរយៈការវិនិយោគ និងការផ្តល់ជំនួយបច្ចេកទេស៕