ភ្នំពេញ៖ នារសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៦ នេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ (LSI ) បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនធំៗចំនួន ៩ នៅកម្ពុជា ដើម្បីធានាផ្តល់បុគ្គលិកខ្លាំងដល់ស្ថាប័នឯកជនទាំងនោះ។
ការចុះអនុស្សរណៈនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងទីផ្សារការងារក្នុងសម័យសាកលភាវូបនីយកម្ម ដែលសហគ្រាសជាច្រើនទាមទារឱ្យបុគ្គលិកមានសក្តានុពល សមត្ថភាព និងជំនាញច្បាស់លាស់ ។
លោក ឃីម សុខហេង នាយកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ មានជំនាញបណ្តុះបណ្តាលធនធានមនុស្សជាង ២០ ឆ្នាំ មានប្រសាសន៍ថា វិទ្យាស្ថានរបស់លោក ស្គាល់ច្បាស់ពីតម្រូវការរបស់ម្ចាស់ក្រុមហ៊ុន ហើយការបណ្តុះបណ្តាលធនធានដែលធានាបាននូវឥរិយាបទល្អ ភាពជាអ្នកដឹកនាំ និងមានជំនាញច្បាស់លាស់គឺជាអ្វីដែលវិទ្យាស្ថានផ្តោតសំខាន់បំផុត ។
«ជាទស្សនវិស័យរបស់វិទ្យាស្ថាន គឺយើងបណ្តុះធនធានមនុស្សនៅកម្ពុជា ឱ្យក្លាយទៅជាអ្នកដឹកនាំប្រកបដោយសក្តានុពលទាំងចំណេះ និង ជំនាញពិតប្រាកដ។ ការចុះអនុស្សរណៈនៅថ្ងៃនេះ ជាសក្ខីភាពបង្ហាញពីគុណភាពរបស់ស្ថាប័នយើង និង ការផ្តល់ឱកាសការងារដល់រាល់សិស្ស-និស្សិតដែលឈានជើងចូលសិក្សានៅវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ…» ។
សូមជម្រាបថា ក្រុមហ៊ុនទាំង៩ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយវិទ្យសា្ថនសិក្សាដើម្បិជោគជ័យរួមមាន ក្រុមហ៊ុនជីបម៉ុងនិងក្រុមហ៊ុនចំណុះរបស់ខ្លួន, ក្រុមហ៊ុនថ្នាំពណ៌ជាតិ Cam-Paint , ក្រុមហ៊ុន Green Eagle , ក្រុមហ៊ុន Ggear Co., Ltd. (ផលិតផលម៉ាក LG), ក្រុមហ៊ុន PCG Partner , ក្រុមហ៊ុន Lotus Green team , ក្រុមហ៊ុន 21st Century ជាក្រុមហ៊ុនអចលនទ្រព្យធំមួយនៅកម្ពុជា, ក្លិបអ្នកវិនិយោគកម្ពុជា CIC និងសមាគមន៍សហគ្រិនវ័យក្មេងកម្ពុជាផងដែរ។
គួររម្លឹងផងដែរថា វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ មានជំនាញបណ្តុះបណ្តាលធនធាន ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្នុងទីផ្សារការងារបច្ចុប្បន្ន។ ជាងនេះទៅទៀត វិទ្យាស្ថាននេះ ទទួលជោគជ័យក្នុងការផ្គត់ផ្គង់បុគ្គលិកឆ្នើម ដែលជាសិស្សនិស្សិតរបស់វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ កន្លងមក៕