ភ្នំពេញ៖ ស្ដ្រីជាសហគ្រិនដែលឆ្លងកាត់បរាជ័យរាប់មិនអស់ក្នុងឆាកជីវិតជាអ្នកជំនួញគឺ លោកស្រី លឹម លីម៉ា អគ្គនាយិកាក្រុមហ៊ុន អិល អឹម លីម៉ា អង្គរហ្វ៊ូដ ស្ថិតនៅក្នុងខេត្ដសៀមរាប បានបញ្ជាក់ថា លោកស្រី ទទួលជោគជ័យដល់សព្វថ្ងៃនេះគឺដោយសារតែ ការអានសៀវភៅអប់រំផ្លូវចិត្ត។ លោកស្រីថា ព្រោះតែសៀវភៅទើបធ្វើឲ្យលោកស្រី មានកម្លាំងចិត្ដ តស៊ូប្រឹងប្រែងក្នុងដំណើជីវិតរហូតដល់សព្វថ្ងៃនេះ។ ជុំវិញការលើកឡើងដូច្នេះ នាយិកាអង្គការ ដែលធ្វើការលើការលើកស្ទួយសិទ្ធិស្ដ្រី យល់ស្របថា ការអានសៀវភៅ ពិតជាមានសារប្រយោជន៍ គឺអាចធ្វើឲ្យគំនិតមនុស្សទូលាយ មិនងាយនឹងមានគំនិតអវិជ្ជមាន បាក់ទឹកចិត្ដធ្ងន់ធ្ងរ រហូតដល់ចង់ធ្វើអត្ដឃាតជាដើម។ លោក លៀ ស៊ីណារាយការណ៍៖
លោក ស្រី លឹម លីម៉ា អគ្គនាយិកាក្រុមហ៊ុន អិល អឹម លីម៉ា អង្គរហ្វ៊ូដ បានផ្ដល់បទសម្ភាសន៍ មកកាន់វិទ្យុស្ដ្រីFM102 នៅថ្ងៃទី ១៧ ខែ តុលា នេះថា ពីមុនលោកស្រី ជាអ្នកដែលមិនចូលចិត្ដអានសៀវភៅ តែរហូតក្រោយមកម្ដាយលោកស្រីបានជំរុញជាអន្លើៗ ទើបលោកស្រីចាប់ផ្ដើមអាន ហើយមានអារម្មណ៍ថាចូលចិត្តអានសៀវភៅ។
លោកស្រី លឹម លីម៉ា៖«ការពិតការបរាជ័យគ្មានអីគួរឲ្យខ្លាចទេ អ្វីដែលគួរឲ្យខ្លាចបំផុតគឺមនុស្សដែលមិនព្រមងើបពីភាពបរាជ័យហ្នឹង មិនព្យាយាមគេចចេញ មិនព្រមព្យាយាមដើរចេញពីវា ហ្នឹងហើយជាភាពគួរឲ្យភ័យខ្លាច តែសៀវភៅប្រាប់យើងថាបរាជ័យគ្មានអីគួរឲ្យខ្លាច អ្វីដែលគួរឲ្យខ្លាចគឺយើងមិនព្រមងើបចេញពីបរាជ័យហ្នឹងឯង»។
លោកស្រី លឹម លីម៉ា ឲ្យដឹងបន្ដថា លោកស្រីក្រោយពីបរាជ័យក្នុងអាជីពលោកស្រី គ្មានថ្ងៃណាដែលមិនយំនោះទេ ព្រោះក្នុងនាមជាប្រពន្ធនឹងម្ដាយមួយរូប បារម្ភខ្លាចគ្រួសារមានបញ្ហា ខ្លាចកូនៗបាត់បង់ភាពកក់ក្ដៅ គ្រួសារបែកបាក់គ្នា។
លោកស្រីបន្ដថា ក្រោយពីយំស្ទើរាល់ថ្ងៃ លោកស្រីក៏នឹកឃើញដល់សៀវភៅជាច្រើន ដែលលោកស្រីធ្លាប់អានកាលពីនៅរៀន លោកស្រីក៏បានរម្លឹកឡើងវិញ ទើបធ្វើឲ្យលោកស្រីមានកម្លាំងចិត្ដតស៊ូបន្ដទៀត។
លោកស្រី លឹម លីម៉ា៖«ចុះចេញមកនៅសៀមរាប នឹងគឺបីកូនង៉ា មកស្ថានភាពលំបាកណាស់ ២០០៨, ២០០៩, ២០១០ ហ្នឹងគឺគ្មានថ្ងៃណាដែលបងមិនទឹកភ្នែកទេ រហូតដល់ប្ដីថា កុំពិបាកចិត្ដពេកក្រែងទាស់សរសៃ ហើយប៉ាម៉ាក់វិញបារម្ភខ្លាចបង ទៅជាឡប់សតិ ព្រោះស្ថានភាពកាលនោះវាលំបាក»។
ជុំវិញសាររបស់ស្ដ្រីជាសហគ្រិនដូចនេះលោកស្រី ធីតា ឃិះ នាយិការអង្គការសីលការ ដែលបានធ្វើការលើក កម្ពស់សិទ្ធិស្ដ្រី បានបង្ហាញការគាំទ្រ ដោយបញ្ជាក់ថា ជាពិតណាស់ការអានសៀវភៅអប់រំ គឺមានអត្ថប្រយោជន៍ជាច្រើន។ នាយិកាអង្គការសីលការសង្កត់ធ្ងន់ថា យុវជនមួយចំនួនដែលមានវិបត្ដិធ្ងន់ធ្ងរទាំងរឿងគ្រួសារ និងរឿងផ្សេងៗដែលបាត់បង់ស្មារតីរកដំណោះស្រាយមិនឃើញ ហើយឈានដល់ការគិតអវិជ្ជមានសម្លាប់ខ្លួន ពីព្រោះតែកង្វះការអាន។ លោកស្រីបញ្ជាក់បន្ដថា បើសិនពលរដ្ឋគ្រប់រូបព្យាយាមអានឲ្យបានច្រើន នោះអ្នកទាំងនោះគឺដាច់ខាតមិនអាចគិតខ្លីនោះទេ ព្រោះសៀវភៅគឺជាអ្នកផ្ដល់ប្រឹក្សាយ៉ាងមានអត្ថប្រយោជន៍ ។
លោកស្រី ធីតា ឃឹះ«ការអានសៀវភៅដូចជាការដុះខាត់នៅអ្វីដែលយើងចេះដឹង នឹងរៀនសូត្របន្ថែមទៅលើព័ត៌មានថ្មី ហើយពេលដែលយើងអានសៀវភៅទៅវាធ្វើឲ្យចំណេះចេះដឹងរបស់យើងហ្នឹងវាកាន់តែមានការដុះខាត់ កាន់តែខ្ពស់ទៅមុខទៀត»។
អគ្គនាយិកាក្រុមហ៊ុន អិល អឹម លីម៉ា អង្គរហ្វ៊ូដ យល់ថាយុវជន យុវតីទាំងអស់គួរបង្កើនការអានសៀវភៅអប់រំផ្លូវចិត្តឲ្យបានច្រើន។ លោកស្រីពន្យល់ថា កាលណាអានសៀវភៅច្រើននឹងធ្វើឲ្យខួរក្បាលមនុស្សកាន់តែបើកទូលាយ ហើយការគិតក៏មានភាពឈ្លាសវៃផងដែរ។ ជាងនេះលោកស្រីថា ពលរដ្ឋខ្មែរគ្រប់រូបគួរបង្កើតទម្លាប់ដាក់សៀវភៅតាមខ្លួនដើម្បីអាននៅពេលទំនេរ៕