en     km
en     km

ស្ដ្រី​ជា​សហគ្រិន​ម្នាក់​ ៖​ ជោគជ័យ​របស់​ខ្លួន​ គឺ​បាន​មក​ពី​ការ​អាន​សៀវភៅ​អប់រំ​ផ្លូវចិត្ត​ និង​ការ​ព្យាម​យាម (មានសំឡេង)​

Share

​ភ្នំពេញ​៖​ ស្ដ្រី​ជា​សហគ្រិន​ដែល​ឆ្លងកាត់​បរាជ័យ​រាប់​មិន​អស់​ក្នុង​ឆាកជីវិត​ជា​អ្នកជំនួញ​គឺ​ លោកស្រី​ លឹ​ម​ លី​ម៉ា​ អគ្គ​នាយិកា​ក្រុមហ៊ុន​ អិ​ល​ អឹ​ម​ លី​ម៉ា​ អង្គរ​ហ្វ៊ូ​ដ​ ស្ថិត​នៅ​ក្នុង​ខេត្ដសៀមរាប​ បាន​បញ្ជាក់​ថា​ លោកស្រី​ ទទួល​ជោគជ័យ​ដល់​សព្វ​ថ្ងៃនេះ​គឺ​ដោយសារ​តែ​ ការ​អាន​សៀវភៅ​អប់រំ​ផ្លូវចិត្ត​។​ លោកស្រី​ថា​ ព្រោះតែ​សៀវភៅ​ទើប​ធ្វើ​ឲ្យ​លោកស្រី​ មាន​កម្លាំងចិត្ដ​ តស៊ូ​ប្រឹងប្រែង​ក្នុង​ដំណើ​ជីវិត​រហូត​ដល់​សព្វ​ថ្ងៃនេះ​។​ ជុំវិញ​ការ​លើក​ឡើង​ដូច្នេះ​ នាយិកា​អង្គការ​ ដែល​ធ្វើការ​លើ​ការ​លើក​ស្ទួយ​សិទ្ធិ​ស្ដ្រី​ យល់​ស្រប​ថា​ ការ​អាន​សៀវភៅ​ ពិតជា​មាន​សារ​ប្រយោជន៍​ គឺ​អាច​ធ្វើ​ឲ្យ​គំនិត​មនុស្ស​ទូលាយ​ មិន​ងាយ​នឹង​មានគំនិត​អវិជ្ជមាន​ បាក់ទឹកចិត្ដ​ធ្ងន់ធ្ងរ​ រហូត​ដល់​ចង់​ធ្វើ​អត្ដឃាត​ជាដើម​។​ លោក​ លៀ​ ស៊ី​ណា​រាយការណ៍​៖​

 

លោក ស្រី លឹម លីម៉ា អគ្គនាយិកាក្រុមហ៊ុន អិល អឹម លីម៉ា អង្គរហ៊្វូដ
លោក ស្រី លឹម លីម៉ា អគ្គនាយិកាក្រុមហ៊ុន អិល អឹម លីម៉ា អង្គរហ៊្វូដ

លោក​ ស្រី​ លឹ​ម​ លី​ម៉ា​ អគ្គ​នាយិកា​ក្រុមហ៊ុន​ អិ​ល​ អឹ​ម​ លី​ម៉ា​ អង្គរ​ហ្វ៊ូ​ដ​ បាន​ផ្ដល់​បទ​សម្ភាសន៍​ មក​កាន់​វិទ្យុ​ស្ដ្រី​FM102​ នៅ​ថ្ងៃ​ទី​ ១៧​ ខែ​ តុលា​ នេះ​ថា​ ពី​មុន​លោកស្រី​ ជា​អ្នក​ដែល​មិន​ចូល​ចិត្ដ​អាន​សៀវភៅ​ តែ​រហូត​ក្រោយមក​ម្ដាយ​លោកស្រី​បាន​ជំរុញ​ជា​អន្លើៗ​ ទើប​លោកស្រី​ចាប់ផ្ដើម​អាន​ ហើយ​មាន​អារម្មណ៍​ថា​ចូល​ចិត្ត​អាន​សៀវភៅ​។​ ​

​លោកស្រី​ លឹ​ម​ លី​ម៉ា​៖«​ការ​ពិត​ការ​បរាជ័យ​គ្មាន​អី​គួរ​ឲ្យ​ខ្លាច​ទេ​ អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​បំផុត​គឺ​មនុស្ស​ដែល​មិន​ព្រម​ងើប​ពី​ភាព​បរាជ័យ​ហ្នឹង​ មិន​ព្យាយាម​គេច​ចេញ​ មិន​ព្រម​ព្យាយាម​ដើរ​ចេញពី​វា​ ហ្នឹងហើយ​ជា​ភាព​គួរ​ឲ្យ​ភ័យ​ខ្លាច​ តែ​សៀវភៅ​ប្រាប់​យើង​ថា​បរាជ័យ​គ្មាន​អី​គួរ​ឲ្យ​ខ្លាច​ អ្វី​ដែល​គួរ​ឲ្យ​ខ្លាច​គឺ​យើង​មិន​ព្រម​ងើប​ចេញពី​បរាជ័យ​ហ្នឹងឯង​»​។​

​លោកស្រី​ លឹ​ម​ លី​ម៉ា​ ឲ្យ​ដឹង​បន្ដ​ថា​ លោកស្រី​ក្រោយ​ពី​បរាជ័យ​ក្នុង​អាជីព​លោកស្រី​ គ្មាន​ថ្ងៃ​ណា​ដែល​មិន​យំ​នោះ​ទេ​ ព្រោះ​ក្នុង​នាម​ជា​ប្រពន្ធ​នឹង​ម្ដាយ​មួយ​រូប​ បារម្ភ​ខ្លាច​គ្រួសារ​មាន​បញ្ហា​ ខ្លាច​កូនៗ​បាត់បង់​ភាព​កក់ក្ដៅ​ គ្រួសារ​បែកបាក់​គ្នា​។​ ​

​លោកស្រី​បន្ដ​ថា​ ក្រោយ​ពី​យំ​ស្ទើ​រាល់ថ្ងៃ​ លោកស្រី​ក៏​នឹកឃើញ​ដល់​សៀវភៅ​ជា​ច្រើន​ ដែល​លោកស្រី​ធ្លាប់​អាន​កាលពី​នៅ​រៀន​ លោកស្រី​ក៏​បាន​រ​ម្លឹ​ក​ឡើង​វិញ​ ទើប​ធ្វើ​ឲ្យ​លោកស្រី​មាន​កម្លាំងចិត្ដ​តស៊ូ​បន្ដ​ទៀត​។​ ​

​លោកស្រី​ លឹ​ម​ លី​ម៉ា​៖«​ចុះ​ចេញ​មក​នៅ​សៀមរាប​ នឹង​គឺ​បី​កូនង៉ា​ មក​ស្ថានភាព​លំបាក​ណាស់​ ២០០៨,​ ២០០៩,​ ២០១០​ ហ្នឹង​គឺ​គ្មាន​ថ្ងៃ​ណា​ដែល​បង​មិន​ទឹកភ្នែក​ទេ​ រហូត​ដល់​ប្ដី​ថា​ កុំ​ពិបាកចិត្ដ​ពេក​ក្រែង​ទាស់សរសៃ​ ហើយ​ប៉ា​ម៉ាក់​វិញ​បារម្ភ​ខ្លាច​បង​ ទៅ​ជា​ឡប់សតិ​ ព្រោះ​ស្ថានភាព​កាលនោះ​វា​លំបាក​»​។​

​ជុំវិញ​សារ​របស់​ស្ដ្រី​ជា​សហគ្រិន​ដូចនេះ​លោកស្រី​ ធីតា​ ឃិះ​ នាយិការ​អង្គការ​សីល​ការ​ ដែល​បាន​ធ្វើការ​លើក​ កម្ពស់​សិទ្ធិ​ស្ដ្រី​ បាន​បង្ហាញ​ការ​គាំទ្រ​ ដោយ​បញ្ជាក់​ថា​ ជា​ពិត​ណាស់​ការ​អាន​សៀវភៅ​អប់រំ​ គឺ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​។​ ​នាយិកា​អង្គការ​សីល​ការ​សង្កត់ធ្ងន់​ថា​ យុវជន​មួយ​ចំនួន​ដែល​មាន​វិបត្ដិ​ធ្ងន់ធ្ងរ​ទាំង​រឿង​គ្រួសារ​ និង​រឿង​ផ្សេងៗ​ដែល​បាត់បង់​ស្មារតី​រក​ដំណោះស្រាយ​មិនឃើញ​ ហើយ​ឈាន​ដល់​ការ​គិត​អវិជ្ជមាន​សម្លាប់​ខ្លួន​ ពីព្រោះ​តែ​កង្វះ​ការ​អាន​។​ លោកស្រី​បញ្ជាក់​បន្ដ​ថា​ បើសិន​ពលរដ្ឋ​គ្រប់​រូប​ព្យាយាម​អាន​ឲ្យ​បាន​ច្រើន​ នោះ​អ្នក​ទាំងនោះ​គឺ​ដាច់ខាត​មិន​អាច​គិត​ខ្លី​នោះ​ទេ​ ព្រោះ​សៀវភៅ​គឺជា​អ្នក​ផ្ដល់​ប្រឹក្សា​យ៉ាង​មាន​អត្ថប្រយោជន៍​ ។​

លោកស្រី​ ធីតា​ ឃិះ​ នាយិការ​អង្គការ​សីល​ការ​
លោកស្រី​ ធីតា​ ឃិះ​ នាយិការ​អង្គការ​សីល​ការ​

​លោកស្រី​ ធីតា​ ឃឹះ​«​ការ​អាន​សៀវភៅ​ដូច​ជា​ការ​ដុះខាត់​នៅ​អ្វី​ដែល​យើង​ចេះ​ដឹង​ នឹង​រៀនសូត្រ​បន្ថែម​ទៅ​លើ​ព័ត៌មាន​ថ្មី​ ហើយ​ពេល​ដែល​យើង​អាន​សៀវភៅ​ទៅ​វា​ធ្វើ​ឲ្យ​ចំណេះ​ចេះ​ដឹង​របស់​យើង​ហ្នឹង​វា​កាន់តែ​មានការ​ដុះខាត់​ កាន់តែ​ខ្ពស់​ទៅ​មុខ​ទៀត​»​។​

​អគ្គ​នាយិកា​ក្រុមហ៊ុន​ អិ​ល​ អឹ​ម​ លី​ម៉ា​ អង្គរ​ហ្វ៊ូ​ដ​ យល់​ថា​យុវជន​ យុវតី​ទាំងអស់​គួរ​បង្កើន​ការ​អាន​សៀវភៅ​អប់រំ​ផ្លូវចិត្ត​ឲ្យ​បាន​ច្រើន​។​ លោកស្រី​ពន្យល់​ថា​ កាលណា​អាន​សៀវភៅ​ច្រើន​នឹង​ធ្វើ​ឲ្យ​ខួរ​ក្បាលមនុស្ស​កាន់តែ​បើក​ទូលាយ​ ហើយ​ការ​គិត​ក៏​មាន​ភាព​ឈ្លាសវៃ​ផង​ដែរ​។​ ជាង​នេះ​លោកស្រី​ថា​ ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​គួរ​បង្កើត​ទម្លាប់​ដាក់​សៀវភៅ​តាម​ខ្លួន​ដើម្បី​អាន​នៅ​ពេលទំនេរ​៕ ​

Share

Image
Image
Image