ភ្នំពេញ៖ មន្ត្រីក្រសួងព័ត៌មាន ព្រមទាំងមន្ត្រីសារព័ត៌មានធំៗមួយចំនួន នៅកម្ពុជាសម្តែងការសោកស្តាយ ចំពោះមរណភាព អតីតប្រធាននាយកដ្ឋាន សារគមនាគន៍កម្ពុជា លោក សេក បរិសុទ្ធ និងចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសព ផងដែរ។
ការសោកស្តាយនេះ បន្ទាប់ពី អ្នកជំនាញសារព័ត៌មានលោក សេក បរិសុទ្ធ បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តក្រចេះ កាលពីរសៀលថ្ងៃទី ១៦ ខែតុលា។ មន្ត្រីសង្គមស៊ីវិល អ្នកជំនាញ ព័ត៌មាន ដែលវិទ្យុស្ត្រីបានសាកសួរ ពួកគាត់បានហៅ ការបាត់បង់លោក សេក បរិសុទ្ធ ថាជាបាត់ធនធានមនុស្ស កម្ពុជា ដ៏សំខាន់ មួយរូប។ លោក ជួន សារ៉េត រាយការណ៍៖
អតីតប្រធាននាយកវិទ្យាស្ថានសារគមនាគមន៍កម្ពុជា លោក សេក បរិសុទ្ធ បានទទួលមរណៈភាព ដោយគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែរថយន្ត របស់លោកគេចពីក្មេងដែលឆ្លងកាត់ថ្នល់ នៅចំណុចអូរកណ្តៀរ ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ កាលពីរសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញ វេលាម៉ោង ជាង ៣រសៀល។ នេះបើតាមការអះអាងរបស់ ស្នងការខេត្តក្រចេះ។ មរណភាព លោក សេក បរិសុទ្ធ នាំឱ្យមានការសោកស្ដាយ យ៉ាងខ្លាំង ចំពោះសហការី និង អ្នកជំនាញព័ត៌មាន ដែលធ្លាប់រួមការងារជាមួយគ្នា។
អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងព័ត៌មានលោក អ៊ុក គឹមសេង បានផ្តល់បទសម្ភាសន៍ ឱ្យវិទ្យុស្ត្រីនៅថ្ងៃនេះថា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏ដូចជាថ្នាក់ដឹកនាំក្រសួងព័ត៌មានទាំងអស់ សម្តែងការសោកស្តាយចំពោះមរណភាពលោក សេក បរិសុទ្ធ។
លោក អ៊ុក គឹមសេង បន្តថាការបាត់បង់លោក សេក បរិសុទ្ធ នេះគឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់ ក្នុងការបណ្តុះបណ្តាលអ្នកសារព័ត៌មាននៅកម្ពុជា។ ដើម្បីឆ្លើយតបនឹងស្នាដៃនៃការចូលរួមចំណែក ក្នុងសង្គមនេះដែរ លោក អ៊ុក គឺមសេង អះអាងថាលោកនឹងដឹកនាំមន្ត្រីក្រសួងព័ត៌មាន ក្នុងនាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅគោរពវិញ្ញាណក្ខន្ធ លោក សេក បរិសុទ្ធ នៅវេលាម៉ោង ១០ ព្រឹកស្អែកនេះ។
លោក អ៊ុក គឹមសេង ៖«ព្រោះអីគាត់ជាធនធានមនុស្សសំខាន់ ក្នុងវិស័យសារព័ត៌មាន ដូចសព្វថ្ងៃហ្នឹង គាត់កំពុងតែបង្រៀនបណ្តុះបណ្តាលក្មេងជំនាន់ក្រោយ ឱ្យយល់អំពីវិជ្ជាជីវៈជាអ្នកសារព័ត៌មានហ្នឹង អញ្ចឹងក្រសួងព័ត៌មាន បានរៀបចំនូវលិខិតរំលែកទុក្ខ ក៏នឹងចូលរួមគោពវិញ្ញណក្ខន្ធនៅថ្ងៃស្អែកនេះ ដើម្បីតបស្នងសងដល់ស្នាដៃ និងការប្រឹងប្រែងរបស់គាត់ដែលបានធ្វើការងារ ជាមួយយើងទាំងអស់គ្នាជាង ៣០ឆ្នាំហើយ»។
លោក អ៊ុក គឹមសេង បន្តថា លោក សេក បរិសុទ្ធ ក៏បានចូលរួមចំណែកបម្រើក្នុងសង្គមកម្ពុជា ជាច្រើនផងដែរ៖«លោកបរិសុទ្ធហ្នឹង បានចូលរួមច្រើនណាស់ ដោយទ្បែកពីការងារស្នូលរបស់គាត់ កាលនៅសម័យនោះ នៅក្នុងទីភ្នាក់ងារសារព័ត៌មាន កម្ពុជាគាត់បានរៀបចំជាមួយនឹងសហការីដទៃទៀត បង្កើតជាវិទ្យាស្ថានសារគមនាគមន៍កម្ពុជាហ្នឹង ដែលពីមុនមកគាត់បានចូលរួមបណ្តុះបណ្តាលធនធានមនុស្ស ខាងវិស័យសារព័ត៌មានបែបវិជ្ជាជីវៈ ហ្នឹងច្រើន ។ ថ្មីៗនេះទៀតក្រសួងព័ត៌មាន មានឯកឧត្តមរដ្ឋមន្ត្រី ខៀវ កញ្ញារីទ្ធ បានចូលរួមសម្ភោធលើគម្រោងបណ្តុះបណ្តាលមួយនៅឯ DMC ដែលគាត់បានទទួលគម្រោងហ្នឹង ជាមួយសាស្ត្រាចារ្យ ដទៃទៀតដូចជា លោក សម រតនា លោក ឆាយ សុផល អីហ្នឹង ប៉ុន្តែជា អកុសលគាត់បានលាយើងត្រឹមប៉ុណ្ណឹង យើងសោកស្តាយណាស់»។
ចំណែក នាយកវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាផ្នែកសារព័ត៌មាន លោក មឿន ឈានណារិទ្ធិ មានប្រសាសន៍ថា លោកពិតជាមានការសោកស្តាយ ដែលបាត់បង់មន្ត្រីសារព័ត៌មាន ដែលជាធនធានមនុស្ស ដ៏កម្រនៅក្នុងប្រទេសកម្ពុជា។
លោក បន្តថា ការបាត់មនុស្សតែម្នាក់នេះ ហាក់បីដូចជាបាត់បង់មនុស្សច្រើននាក់ ព្រោះថាលោក សេក បរិសុទ្ធ គឺជាមនុស្សម្នាក់ដែលមានជំនាញចម្រុះ ជាសាស្ត្រចារ្យផ្នែកសារព័ត៌មានផង ហើយមានជំនាញក្នុងការប្រើប្រាស់ភាសាអង់គ្លេសផង។ បច្ចុប្បន្នលោក សេក បរិសុទ្ធ ធ្វើការងារមួយដើម្បីលើកស្ទួយការអប់រំ និងសិទ្ធិកុមារ ជាពិសេសលោក ជានាយកផ្នែកទំនាក់នង របស់អង្គការផ្នែកកុមារជាមួយអង្គការ របស់បារាំង ដែលជួយកុមារបាត់បង់ឱកាសក្នុងការសិក្សា។
លោក មឿន ឈានណារិទ្ធិ បញ្ជាក់ទៀតថាលោក សេក បរិសុទ្ធ ហាក់បីដូចជាមនុស្សម្នាក់ក្នុងចំណោមជើងឯក ផ្នែកសេរីភាពសារព័ត៌មាន ផ្សេងទៀត ដោយសារតែជាអ្នកជួយ ផ្តួចផ្តើម បង្កើតឱ្យមាននូវវិទ្យាស្ថានសារគមនាគមន៍កម្ពុជា ក្នុងឆ្នាំ១៩៩៤ ហើយលោកបានបើកវគ្គបណ្តុះបណ្តាលសារព័ត៌មាន ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០០៣។
លោក មឿន ឈានណារិទ្ធិ មានជំនឿចិត្តថា អ្នកសារព័ត៌មានអាជីព ក៏ដូចជានិស្សិតសារព័ត៌មានផ្សេងទៀត នឹងបន្តពង្រឹងវិស័យសារព័ត៌មាន របស់ខ្លួន ឱ្យកាន់តែរឹងមាំបន្ថែមទៀតដើម្បីទុកធ្វើជាគំរូ ក្នុងការបណ្តុះបណ្តាលមនុស្សជំនាន់ក្រោយបន្តទៀត។
លោក មឿន ឈានណារិទ្ធិ៖«ទោះបីជាយើងមានការពិបាក រកមនុស្សមកជំនួសគាត់ក៏ដោយ តែយើងគិតថាអ្នកសារព័ត៌មាន ដែលយើងនៅធ្វើការបច្ចុប្បន្ន ជាពិសេសអ្នកសារព័ត៌មាន និងនិស្សិតសារព័ត៌មាន បានបញ្ចេញយោបល់ តាមហ្វេសប៊ុក តាំងចិត្តថានឹងបន្តពង្រឹងវិស័យសារព័ត៌មាន ហើយគាត់មិនចង់ឱ្យអ្វីៗ ដែលលោក សេក បរិសុទ្ធ ប្រឹងប្រែងនឹងបាត់បង់ទៅវិញតាមមរណៈភាពគាត់នោះទេ គឺអ្នកសារព័ត៌មាន និងនិស្សិតសារព័ត៌មាននឹងបន្តគំរូល្អដូចលោកសេក បរិសុទ្ធបន្តទៀត»។
រីឯនាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា (CCIM) លោក ប៉ា ងួនទៀង លើកទ្បើងប្រហាក់ប្រហែល ទៅនឹងមន្ត្រីសារព័ត៌មានខាងលើផងដែរ ដោយសម្តែងភាពសោកស្តាយ ចំពោះការបាត់បង់អ្នកជំនាញសារព័ត៌មានរូបនេះ។
លោក ប៉ា ងួនទៀង បន្តថាលោក សេក បរិសុទ្ធ មិនត្រឹមមានវិជ្ជាជីវៈគួរឱ្យកោតសរសើរនោះទេ ប៉ុន្តែថែមទាំងមានអត្តចារឹកល្អ គួរឱ្យគោរពទៀតផង។
លោក ប៉ា ងួនទៀង បន្ថែមទៀតថា លោកសង្កេតឃើញសកម្មភាពសំខាន់ៗ របស់លោក សេក បរិសុទ្ធ មាន២ចំនុចដូចជា៖ «វាជារឿងមួយគួរឱ្យសោកស្តាយណាស់ គាត់ជាធនធានសំខាន់គាត់មានតាំងពីវិជ្ជាជីវៈ មានតាំងអត្តចរឹកគាត់ល្អហើយវិជ្ជាជីវៈគាត់ច្បាស់លាស់ ខ្ញុំឃើញការចូលរួមភាគច្រើនទៅលើការបណ្តុះបណ្តាល ធនធានមនុស្សខាង មីឌា ទី០១ ហើយទី០២ គាត់ធ្លាប់នៅជានាយក នៃកម្មវិធីប្រឆាំងអំពើពុករលួយ អង្គការមួយគឺគាត់ដឹកនាំយុទ្ធនាការច្រើន »។
ប្រវត្តិរូបសង្ខេបរបស់លោក សេក បរិសុទ្ធ
លោកសេក បរិសុទ្ធ មានស្រុក កំណើត នៅខេត្តបាត់ដំបង។ លោក មានគ្រួសារ និងមានកូនប្រុស២នាក់។ លោកបានមករស់នៅភ្នំពេញ នៅពេលលោក មកធ្វើការងារនៅសម័យរដ្ឋកម្ពុជា។
លោក សេក បរិសុទ្ធ ធ្លាប់ជាអតីតនាយកវិទ្យាស្ថានសារគមនាគមន៍កម្ពុជា ហើយលោក ក៏ធ្លាប់ជានាយក ផ្នែកសារគមនាគមន៍ ទំនាក់ទំនងសាធារណៈ និងទីផ្សារ របស់សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP)។ មុននឹងចូលបម្រើការងារនៅសាលកវិទ្យាល័យអាមេរិកកាំងភ្នំពេញ លោកក៏ធ្លាប់ធ្វើជាទីប្រឹក្សាបច្ចេកទេស នៅវិទ្យាស្ថានតស៊ូមតិ និង គោលនយោបាយ(API) ដែលមានតួនាទីជាមន្ត្រីគំម្រោងថ្នាក់ជាតិ របស់ការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រឹដ្ឋកម្ម (UNODC) មិនត្រឹមតែប៉ុណ្ណោះ លោកក៏ធ្លាប់ធ្វើជានាយកកម្មវិធី ប្រឆាំងអំពើពុករលួយ និងក្រោយមកជា នាយកកម្មវិធីប្រព័ន្ធផ្សព្វផ្សាយអភិបាលកិច្ចរបស់អង្គការ PACT។
លោក សេក បរិសុទ្ធ ធ្លាប់ជាមន្ត្រីគម្រោងថ្នាក់ជាតិរបស់អង្គការ UNESCO និងជាប្រធានការិយាល័យ បកប្រែភាសាបរទេស នៃភ្នាក់ងារសារព័ត៌មានព័ SPK- AKP។ ចំណែកតួនាទីបច្ចុប្បន្ន លោក សេក បរិសុទ្ធ ជាសាស្ត្រាចារ្យ នៅដឺប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ របស់សាលកវិទ្យាល័យភូមិន្ទភ្នំពេញ ហើយលោកកំពុងធ្វើការជាប្រធាននៅអង្គការ AEA។ បន្ថែមពីនេះទៀតនោះលោកជាសមាជិកក្រុមប្រឹក្សានាយក នៃមណ្ឌលព័តម៌ានស្ត្រីកម្ពុជាផងដែរ។
លោក សេក បរិសុទ្ធ ទទួលបានវិញ្ញាបនបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រនយោបាយ ពីបណ្ឌិតសភា វិទ្យសាស្ត្រសង្គមក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី៕