ភ្នំពេញ ៖ នាវាជើងទឹករបស់ចិនចំនួន ៣ គ្រឿងដែលមានវត្តមានកងទ័ព ១ពាន់នាក់បានចូលចតនៅកំពងផែក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនៈកិច្ចចំនួន ៣ ថ្ងៃនៅកម្ពុជា។ នេះបើយោងតាមគេហទំព័រ Fresh News ដែលជាអង្គភាពសារព័ត៌មានមួយ មានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាល បានចុះផ្សាយនៅថ្ងៃទី១៦តុលានេះ។
តែយ៉ាងណាក៏ដោយ វត្តមានកងទ័ពចិនដូចនេះ មានឡើងបន្ទាប់ពីប្រធានាធិបតី ស៊ី ជីងភីង(Xi Jinping) បានបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក កាលទីថ្ងៃទី ១៤ ខែតុលាកន្លងមក។
កងទ័ពជើងទឹកចិន នៅប្រទេសកម្ពុជាមានរយៈ ៣ ថ្ងៃគឺ ចាប់ពីថ្ងៃទី ១៦ រហូតដល់ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៦នេះ។
លោកប្រធានាធិបតីចិន ស៊ី ជីនភីង បានមកធ្វើទស្សនកិច្ចនៅកម្ពុជាជាលើកដំបូង មានរយៈពេល ២ថ្ងៃ កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៤ តុលា ដើម្បីពង្រឹងនិងពង្រីកមិត្តភាព និងសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេស ២។
ក្នុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតីចិន ស៊ី ជីនភីង បានសម្រេចលុបប្រាក់បំណុលរបស់ចិនដែលកម្ពុជាជំពាក់ប្រមាណ ៩០ លានដុល្លា អាមេរិក តែបន្ថែមជំនួយ ៦០ លានដុល្លា ដល់ប្រទេសកម្ពុជា។
កម្ពុជា នឹង ចិន មានប្រវត្តិទំនាក់ទំនងជាប្រពៃណី និង ប្រវត្តិសាស្ត្រយូរលង់មកហើយ។ ទំនាក់ទំនងជិតស្និទ្ធបំផុតមានសម័យកាល នៃរបបសង្គមរាស្ត្រនិយម សម័យកាលនៃរបបខ្មែរក្រហមនិងបច្ចុប្បន្ននេះ។ ប៉ុន្តែទំនាក់ទំនងចិន -កម្ពុជានៅពេលនេះ ធ្វើឱ្យមានការព្រួយបារម្ភពីឥទ្ធិពលចិនលើកម្ពុជា ស្របពេល មានការរិះគន់ថា កម្ពុជាចាប់យកចិន ភ្លេចគិតពីភាពអព្យាក្រឹត្យរបស់ខ្លួន ៕