ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលចូលរួមដង្ហែរូបសំណាកលោកបណ្ឌិតកែម ទ្បី ទៅស្រុកកំណើតរបស់លោកនៅខេត្តតាកែវ បានសម្តែងការសោក ស្តាយដែលបានបាត់បង់លោកកែម ទ្បី ដែលជាអ្នកវិភាគចំៗពីបញ្ហាសង្គម ភ្ជាប់ជាមួយនឹងការសោកស្តាយនេះពួកគេទទូចឱ្យរាជរដ្ឋាភិបាលកម្ពុជាត្រូវពន្លឿនរកការពិតដែលនៅពីក្រោយការសម្លាប់លោកកែម ទ្បី។ ការទាមទារនេះខណៈប្រជាពលរដ្ឋបានចូលរួមដង្ហែរូបសំណាកលោកកែម ទ្បី នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៦នេះ។
ក្នុងថ្ងៃដង្ហែរូបសំណាកលោកបណ្ឌិត កែម ទ្បី ទៅស្រុកកំណើតរបស់លោកនៅថ្ងៃនេះ ប្រជាពលរដ្ឋជាច្រើនពាន់នាក់ សម្តែងការសោកស្តាយដែលបាត់បង់អ្នកវិភាគពីបញ្ហសង្គមដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងថ្ងៃដង្ហែរូបសំណាកនេះទៀតសោត ប្រជាពលរដ្ឋទាមទារឱ្យរាជរដ្ឋាភិបាលវែកមុខរកឃាតុករពិតដែលបញ្ជាបាញ់សម្លាប់លោក បណ្ឌិតកែម ទ្បី មកផ្តន្ទាទោសតាមច្បាប់។
ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើនពាន់នាក់ផ្សេងទៀតគឺអ្នកស្រី សិត ស៊ីថា បានផ្តល់បទសម្ភាសន៍ឱ្យវិទ្យុស្ត្រីនៅថ្ងៃនេះ ដោយសម្តែងការសោកស្តាយដែលបាត់បង់លោកបណ្ឌិតកែម ទ្បី។
អ្នកស្រី ស៊ីថា បន្តថា ទាក់ទងនឹងការស្លាប់លោកបណ្ឌិតកែម ទ្បី អ្នកស្រីមិនមានជំនឿចិត្តថានឹងអាចរកឃើញនោះទេ មិនមានជំនឿចិត្តនេះដោយសារតែការស្លាប់លោកបណ្ឌិតកែម ទី បានអូសបន្លាយរយៈពេលជាង៣ ខែមកហើយ ប៉ុន្តែនៅតែមានតម្រុយណាមួយបញ្ជាក់ពីសញ្ញាណអ្នកបញ្ជាបាញ់សម្លាប់លោកកែម ទ្បី នៅទ្បើយ។
អ្នកស្រី សិត ស៊ីថា ទទូចឱ្យរាជរដ្ឋាភិបាល រួមទាំងស្ថាប័នពាក់ព័ន្ធត្រូវពន្លឿនស្វែងរកអ្នកដែលបញ្ជាបាញ់សម្លាប់លោកបណ្ឌិតកែម ទ្បី មកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យបានឆាប់តាមតែអាចធ្វើទៅបាន។ «សូមអំពាវនាវរដ្ឋាភិបាលហ្នឹងជួយវែកមុខរកឃាតករពិត ឱ្យឃើញជូនភរិយាលោកបណ្ឌិតកែម ទ្បីផងសូមឱ្យគាត់បង្ហាញកាមេរ៉ាដែលនៅកន្លែងស្តាម៉ាតហ្នឹង ខ្ញុំមានតែឧទ្ទិសសូមជូនលោកបណ្ឌិតកែម ទ្បី ឱ្យគតិបណ្ឌិតរបស់គាត់ជ្រួតជ្រាបដល់ក្នុងបេះដូងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងក្រៅប្រទេស រូបកាយគាត់បានឃ្លាតចាកពីយើងទៅមែនប៉ុន្តែកិត្តិយស ហើយនឹងឧត្តមគតិរបស់គាត់នៅក្នុងដូងចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា និងសូមឱ្យលោកទៅដល់សុគតិភព»។
ចំណែកពលរដ្ឋមួយរូបទៀតគឺអ្នកស្រី សុខ ផល្លី ដែលបានឈរចាំក្បូនដង្ហែរូបសំណាកលោក កែម ទ្បី នៅរង្វង់មូលចោមចៅ បានលើកទ្បើងថា មូលហេតុដែលអ្នកស្រីចំណាយពេលមកឈរក្រោមកំដៅថ្ងៃរង់ចាំក្បូនដង្ហែកាលពីព្រឹកមិញនេះដោយអ្នកស្រីចុងឃើញរូបសំណាកលោកបណ្ឌិតកែម ទ្បី ចុងក្រោយ មុននឹងដង្ហែយកទៅស្រុកកំណើតរបស់លោក។
អ្នកស្រី សុខ ផល្លី បន្តថាកន្លងមកអ្នកស្រីតែងតែស្តាប់ការវិភាគពីបញ្ហាផ្សេងៗរបស់លោក កែម ទ្បី ពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃនៅក្នុងសង្គម ប៉ុន្តែអ្នកស្រីចាប់ពីពេលនេះតទៅអ្នកស្រីលែងបានលឺសំទ្បេងលោកទៀតហើយ។
អ្នកស្រីសុខ ផល្លី សង្កត់ធ្ងន់ថាប្រសិនបើករណីការស្លាប់លោកកែម ទ្បី នៅតែអូសបន្លាយ រយៈពេលយូរទៀតនោះ នឹងធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿចិត្តលើរាជរដ្ឋាភិបាលជាក់ជាមិនខាន។ «ចាខ្ញុំស្តាយមែនទែនតាំងពីគាត់ស្លាប់ទៅអត់ដែលមានអ្នកណានិយាយពីរឿងដូចគាត់ទេគាត់និយាយល្អហើយខ្ញុំចូលចិត្តស្តាប់តាំងពីគាត់ស្លាប់ទៅខ្ញុំស្តាយដែរដែលលែងបានស្តាប់សម្តីគាត់ គាត់និយាយផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងអស់គ្នាដែលបានចេះដឹង យល់ដឹងពីសង្គម ខ្ញុំចង់ឱ្យរាជរដ្ឋាភិបាលជួយស៊ើបអង្កេតរកអ្នកដែលសម្លាប់គាត់ឱ្យបានឆាប់រហ័ស រាល់ថ្ងៃពលរដ្ឋបាត់បង់ជំនឿលើគាត់ច្រើនមែនទែន រាល់ថ្ងៃអត់រំពឹងអីគេលើគាត់ទេព្រោះគាត់រកអត់ទាន់ឃើញ ប៉ុន្តែបើគាត់រកឃើញទើបជឿជាក់លើគាត់»។
នៅក្នុងពិធីដង្ហែរូបសំណាកលោកបណ្ឌិតកែម ទ្បី នេះដែរ ពុំមានវត្តមានអ្នកស្រី ប៊ូ រចនា ដែលត្រូវជាប្រពន្ធរបស់លោកនោះទេ ដោយសារអ្នកស្រីទើបតែសម្រាលបុត្ររួច។
ទោះបីជាគ្មានវត្តមានអ្នកស្រី ប៊ូ រចនា នៅថ្ងៃនេះក៏ដោយចុះ ប៉ុន្តែគេសង្កេតឃើញថា មានវត្តមានពលរដ្ឋ ក្មេងចាស់ ប្រុស ស្រី ចូលរួមដង្ហែរូបសំណាកលោកកែម ទ្បី យ៉ាងច្រើនកុះករ ដោយធ្វើដំណើរជាក្បួនទ្បាន និងម៉ូតូ ហើយអ្នកខ្លះថ្មើរជើងតាំងពីវត្តចាស់រហូតទៅដល់រង្វង់មូលចោមចៅទើបរកមធ្យោបាយធ្វើដំណើរៀងៗខ្លួនបន្តទៀត។
ពាក់ព័ន្ធនឹងរឿងឃាតកម្មលើលោកកែម ទ្បី នេះដែរវិទ្យុស្ត្រីមិនទាន់អាចសុំការស្រាយបំភ្លឺបន្ថែមពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោកលី សុផាណា ថាតើដំណើរឿងនេះសាលាដំបូងចាត់ការដល់ណាហើយនៅទ្បើយនោះទេ ដោយសារអ្នកនាំពាក្យរូបនេះបាន ឱ្យដឹងតាមរយៈប្រព័ន្ធអេទ្បិចត្រូនិច តេទ្បេក្រាម កាលពីថ្ងៃទី ០៩ ខែតុលាថាលោកជាប់បេសសកម្មទៅក្រៅប្រទេសរយៈពេល ៧ថ្ងៃ ដោយលោកចូលធ្វើការវិញនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៦ស្អែកនេះ។
សូមជំរាបលោក លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ខណៈលោកកំពុង ស្ថិតនៅ ក្នុងស្តាម៉ាត ស្ថានីយ៍ចាក់សាំងកាលតិច ស្តុបបូកគោ។ ភ្លាមៗក្រោយពីការបាញ់សម្លាប់លោកកែម ទ្បី សមត្ថកិច្ចបានចាប់ជនជាប់ចោទមួយរូបដែលអះអាងថា គេឈ្មោះជួប សម្លាប់ ជាអ្នកបាញ់សម្លាប់លោកកែម ទ្បី៕