en     km
en     km

លោក​ កឹ​ម​ សុខា​ ឧ​ទិ្ទ​ស​សុំ​បារមី​សម្តេចឪ​ មក​ស្ថិត​ក្នុង​ខ្លួន​អ្នកនយោបាយ​ខ្មែរ​ទើប​មានការ​ឯកភាព​ជាតិ​(មានសម្លេង)និង(វីដេអូ)

Share

ភ្នំពេញ ៖ ​ថ្លែង​ក្នុង​ពិធី​ប​ង្សុ​ល​រំលឹក​ខួប​ ៤​ ឆ្នាំ​ថ្វាយ​ដល់​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​ សម្ដេចព្រះ​នរោត្ដម​ សីហ​នុ​ ថ្ងៃ​ទី​ ១៥​ ខែតុលា​ ឆ្នាំ​២០១៦ នេះ​  លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​រំលឹក​នូវ​ស្នា​ព្រះ​ហស្ដ​ និង​ទឹក​ព្រះ​ទ័យ​នៃ​ការ​រួបរួម​ជាតិ​ ផ្សះផ្សា​ជាតិ​ និង​ការ​កសាង​ជាតិ​របស់​ព្រះ​អង្គ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​សង្គម​នា​ពេល​កន្លង​មក​។​ ​ក្រៅពី​រំលឹក​នូវ​ស្នា​ព្រះ​ហស្ត​ លោក​ក៏​ចង់ឱ្យ​ដួង​ព្រលឹង​ព្រះ​អង្គ​មក​ស្ថិត​ក្នុង​ខ្លួន​អ្នកនយោបាយ​ដើម្បី​ ឱ្យ​វិល​មក​រក​ការ​ឯកភាព​គ្នា​ឡើង​វិញ​។​

 

លោក កឹម សុខា និង សម្តេច ហ៊ុន សែន ចាប់ដៃគ្នានៅ រដ្ឋសភាជាតិ កាលពីឆ្នាំ២០១៤
លោក កឹម សុខា និង សម្តេច ហ៊ុន សែន ចាប់ដៃគ្នានៅ រដ្ឋសភាជាតិ កាលពីឆ្នាំ២០១៤

​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ថ្លែង​នៅ​ស្នាក់​ការ​កណ្តាល​គណបក្ស​ ក្នុង​ពិធី​គោរ​វិញ្ញាណ​ព្រះករុណា​សម្តេចព្រះ​នរោត្តម​សីហ​នុ​ បាន​ទូល​ប្រាប់​ដួង​វិញ្ញាណក្ខន្ធ​ សម្តេចព្រះ​ នរោត្តម​ សីហ​នុ​ ថា​ ឥលូវ​នេះ​ ខ្មែរ​មិន​ទាន់​បាន​រួបរួម​គ្នា​ស្រួលបួល​នៅឡើយ​។​

​លោក​បន្ត​ថា​ នៅ​តែ​មានការ​បែកបាក់​គ្នា​ ការ​កាប់សម្លាប់​គ្នា​ ឈ្នានីស​ និង​ធ្វើទុក្ខបុកម្នេញ​គ្នា​ ដែល​ហេតុនេះ​លោក​ចង់ឱ្យ​បារមី​ព្រះ​អង្គ​មក​ស្ថិត​ក្នុង​ខ្លួន​អ្នកនយោបាយ​ខ្មែរ​ទាំងឡាយ​ដើម្បី​ឱ្យ​វិល​មក​រក​ការ​ឯកភាព​ជាតិ​ បង្រួបបង្រួម​ជាតិ​ ដើម្បី​សេចក្តីសុខ​របស់​ប្រជារាស្ត្រ​ខ្មែរ​។​ ​លោក​ កឹ​ម​ សុខា​៖«​ការ​ដឹកនាំ​របស់​ព្រះ​អង្គ​ក្តី​ដែល​កូនចៅ​ជំនាន់​ក្រោយ​ក្តី​ គឺ​សូម​ឱ្យ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​អង្គ​ដែល​បាន​ទៅ​សោយ​សុគតិភព​ សូម​បែរ​ព្រះ​ភ័ក្ត្រ​ ព្រះ​វិញ្ញាណក្ខន្ធ​មក​ជួយ​ដល់​ប្រទេស​ជាតិ​យើង​ជា​ពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ដែល​នៅ​រង​ទុក្ខវេទនា​ មានការ​លំបាក​គ្រប់​បែប​យ៉ាង​ដែល​ឆ្លងកាត់​នូវ​ឧបសគ្គ​ជា​ច្រើន​មក​ហើយ​ ហើយ​មិន​ទាន់​ឆ្លង​ផុត​នេះ​ សូម​ព្រះ​អង្គ​លោក​ជួយ​ធ្វើ​យ៉ាង​មិច​ឱ្យ​ឆ្លង​ផុត​ទុក្ខ​ទាំងឡាយ​ហ្នឹង​ ឱ្យ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ស្គាល់​នូវ​សេចក្តីសុខ​សន្តិភាព​ពិតប្រាកដ​។​»

 

​ជា​ទូទៅ​មន្ត្រី​រដ្ឋាភិបាល​តែងតែ​អះអាង​ កម្ពុជា​សព្វថ្ងៃ​មាន​សុខ​សន្តិភាព​ ហើយ​ស្ថានការណ៍​នយោបាយ​ និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​មាន​ស្ថាន​ភាពល្អ​ធម្មតា​។​

​លោក​ សួ​ស​ យ៉ា​រ៉ា​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ថា​ បើ​តាម​លោក​ លោក​យល់​ឃើញ​ការ​ឯកភាព​ គឺ​ត្រូវ​អនុវត្ត​តាម​ច្បាប់​ ជា​ពិសេស​គោរព​រដ្ឋធម្មនុញ្ញ​។​ លោក​សួ​ស​ យ៉ា​រ៉ា​ ៖«​រាល់​អ្វី​ដែល​ជា​កា​រប​ង្រួ​បង្រួម​ជាតិ​ យើង​ត្រូវ​គោរព​តាម​ដំណាក់កាល​នៃ​ការ​អនុវត្ត​ច្បាប់ រដ្ឋធម្មនុញ្ញ​ និង​ច្បាប់​ទាំងឡាយ​ដែល​បាន​អនុម័ត​ដោយ​រដ្ឋ​សភាជាតិ​ នៅ​ពេល​ដែល​យើង​គោរព​ច្បាប់​ទាំង​អស់នេះ​ហើយ​ នោះ​ជាតិ​យើង​រឹង​មាំ​ បង្រួបបង្រួម​ទៅ​តាម​គោលការណ៍​ច្បាប់​។​»

លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ។
លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ។

សម្ដេច​ នរោត្តម​ សីហ​នុ​ គឺជា​ព្រះមហាក្សត្រ​មួយ​អង្គ​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ ចាត់ទុកជា​វីរៈបុរស​។​ ព្រះ​អង្គ​បាន​ទាមទារ​ឯករាជ្យ​ភាព​ពី​អា ណានិគម​បារាំង​នៅ​ថ្ងៃ​ទី​០៩​ ខែវិច្ឆិកា​ ឆ្នាំ​១៩៥៣​ ហើយ​ព្រះ​អង្គ​ក៏​ជា​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​១៩៩១​ផង​ដែរ​ ដើម្បី​បញ្ចប់​ជំ​លោះ​ ផ្ទៃក្នុង​រវាង​ខ្មែរ​និង​ខ្មែរ​ តាម​រយៈ​នយោបាយ​ផ្សះផ្សា​ជាតិ​ និង​រួបរួម​ជាតិ​។​

​ព្រះ​អង្គ​តែ​តែង​ចេញ​ព្រះ​កាយ​មក​ដោះស្រាយ​ទំនាស់​នយោបាយ​ នៅ​គ្រប់​កាលៈទេសៈ​បើ​មាន​កើតឡើង​៕​

Share

ព័ត៌មានទាក់ទង

Image