US ៖ ក្រសួងគមនាគមន៍អាមេរិកធ្វើការហាមឃាត់អ្នកធ្វើដំណើរមិនឱ្យយកទូរស័ព្ទម៉ាក់ Samsung Galaxy Note 7 ឡើងលើយន្តហោះនោះទេ បន្ទាប់ពីមានសេចក្តីរាយការណ៍មកថា ថ្មទូរស័ព្ទម៉ាក់នេះមានបញ្ហាផ្ទុះឆេះ។
ក្រសួងគមនាគមន៍អាមេរិកបានប្រកាសនៅថ្ងៃសៅរ៍ទី ១៥ តុលា នេះថា អ្នកដំណើរនឹងមិនអាចយក ទូរស័ព្ទ Samsung Galaxy Note 7 ឡើងលើហោះហើរ ឬ ទុកក្នុងវ៉ាលីរបស់ពួកគេ ដើម្បីយកមកសហរដ្ឋអាមេរិកនោះទេ។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) ធ្លាប់បានណែនាំប្រឆាំងនឹងការវេចខ្ចប់ទូរស័ព្ទនៅក្នុងឥវ៉ាន់ដែលនាំទៅអាមេរិក។
យ៉ាងមិញក្រុមហ៊ុន Samsung បានបញ្ឈប់ការលក់ និងការផលិត Galaxy Note 7 ជាអចិន្ត្រៃយ៍ហើយនៅសប្តាហ៍នេះ។
លោក Anthony Foxx លេខាធិការដឹកជញ្ជូនបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ «យើងទទួលស្គាល់ថា ទូរស័ព្ទប្រភេទនេះ ត្រូវបានហាមឃាត់ដោយក្រុមហ៊ុនអាកាសចរណ៍ ជាពិសេសអ្នកដំណើរមួយចំនួន ព្រោះសុវត្ថិភាពអ្នកជិះនៅលើយន្តហោះទាំងអស់ត្រូវតែយកជាអាទិ ភាព»។ លោកបន្តថា៖«យើងត្រូវបានទទួលយកជំហានបន្ថែមនេះ ដោយសារតែអាចកើតមានឧបទ្ទវហេតុចេញពីថ្ម អាចកើតមានហានិភ័យខ្ពស់ និងបង្ករបួសធ្ងន់ធ្ងរដល់អ្នកដំណើរលើយន្តហោះ»។
ក្រុមហ៊ុន Samsung បានប្រមូលទូរស័ព្ទប្រហែល ២ លាន ៥ សែនគ្រឿង ក្នុងខែកញ្ញា បន្ទាប់ពីមានពាក្យបណ្តឹងពីការផ្ទុះថ្មរបស់ Samsung Galaxy Note 7 នេះ៕ប្រភព៖BBC