ក្រុងឡុងដ៍ ៖ កីឡាករ និង បុគ្គលិកនៃក្លិបបាល់ទាត់ក្រុម លីជីស្ទើ(Leicester) បានប្រមូលផ្តុំគ្នានៅថ្ងៃសុក្រ ទី១៤ តុលា នៅលើទីលានហ្វឹក ហាត់របស់ខ្លួនដើម្បីសម្តែងការគោរពរបស់ពួកគេដោយឈរស្មិងស្មាធិ៍យ៉ាងស្ងាត់ស្ងៀមមួយស្របក់ គោរពដល់វិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត(Bhumibol Adulyadej) ។
ម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League របស់អង់គ្លេស ជាក្លិបមួយគ្រប់គ្រងដោយមហាសេដ្ឋីថៃលោក វិឆ័យ ស្រីវឌ្ឍនាណាប្រាបា(Vichai Sri vaddhanaprabha) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ព្រះមហាក្សត្រគ្រងរាជ្យយូរបំផុតនៅលើពិភពលោក ព្រះមហាក្សត្រ Bhu mibol គឺជាតួអង្គមានការគោរពយ៉ាងជ្រៅ និងជាទីស្រឡាញ់របស់ក្រុមគ្រួសារលោក Srivaddhanaprabha ។ លោកបន្ត៖«ក្លឹបបាល់ទាត់ Leicester ចូលរួមរំលែកទុក្ខយ៉ាងស្មោះអស់ពីចិត្ដរបស់ខ្លួន ទៅកាន់ប្រជាជនថៃ និងសូមចែករំលែកយ៉ាងសោកស្តាយ និងការលំបាកនេះផង»។
សេចក្តីថ្លែងការណ៍នេះបានបន្ថែមថាពួកគេនឹងពាក់ខ្សែរុំដៃខ្មៅក្នុងអំឡុងពេលប្រកួតជាមួយក្រុម Chelsea ក្នុងសប្តាហ៍នេះ។
ព្រះមហាក្សត្រ ភូមិបុល (Bhumibol) សោយទិវង្គតកាលពីថ្ងៃព្រហស្បតិ៍ទី១៣តុលា ក្នុងព្រះជន្ម ៨៨ ព្រះវស្សា។
រដ្ឋាភិបាលបានប្រកាសកាន់ទុក្ខមួយឆ្នាំផ្លូវការ និងស្នើសុំប្រជាជនថៃស្លៀកពាក់ខ្មៅ និងចៀសវាងការប្រារព្ធពិធីអឹកធឹករយៈពេលមួយថ្ងៃ៕
ប្រភព៖CNA