en     km
en     km

ស្ត្រី​បឹង​កក់​ សង្ឃឹមថា​ ប្រេសិត​ UN​ អាច​ជួយ​អន្តរាគមន៍​ ដោះ​លែង​អ្នក​ស្ត្រី​ ទេព​ វ​ន្នី​ ពី​ពន្ធនាគារ​

Share

​ភ្នំពេញ៖ ស្ត្រី​សហគមន៍​បឹង​កក់​ ជិត​៣០​នាក់​ នៅ​ថ្ងៃ​ទី​ ១៤​ ខែ​ តុលា​ នេះ​ បាន​ដាក់​ញត្តិ​ ទៅ​ការិយាល័យ​អង្គការសហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដើម្បី​ឲ្យ​លោក​ស្ត្រី​ រ៉ូ​ណា​ ស្មី​ត​ (Rhona​ Smith)​ ជួយ​អន្តរាគមន៍​ ទៅ​រាជរដ្ឋាភិបាល​ ឲ្យ​ដោះ​លែង​តំណាង​ សហគមន៍​បឹង​កក់​ម្នាក់​ គឺ​ អ្នក​ស្ត្រី​ ទេព​ វ​ន្នី​ កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធ​ធា​គារ​។​ មន្ត្រី​របស់​ UN​ បាន​ទទួល​ញត្តិ​នេះ​ហើយ​ ដោយ​សន្យា​យក​ញ​តិ្ត​នេះ​ជូន​ លោកស្រី​ រ៉ូ​ណា​ ស្មិត​។​  លោក​ ធូ​ វិ​រៈ​ រាយការណ៍​ព័ត៌មាន​នេះ​៖

 

ស្រ្តីសហគមន៍បឹងកក់ ជិត៣០នាក់ នៅថ្ងៃទី ១៤ ខែ តុលា នេះ បានដាក់ញត្តិ ទៅការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា
ស្រ្តីសហគមន៍បឹងកក់ ជិត៣០នាក់ នៅថ្ងៃទី ១៤ ខែ តុលា នេះ បានដាក់ញត្តិ ទៅការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា

នៅ​ក្នុង​ខ្លឹមសារ​ញត្តិ​ របស់​សហគមន៍​បឹង​កក់​ ដាក់​ជូន​លោក​ស្ត្រី​ រ៉ូ​ណា​ ស្មី​ត​ គឺ​ទាមទារ​ឲ្យ​លោកស្រី​ ជួយ​អន្តរាគមន៍​ដោះ​លែង​ អ្នក​ស្ត្រី​ ទេព​ វ​ន្នី​ និង​ទម្លាក់​បទ​ចោទ​ និង​ជួយ​អន្តរាគមន៍​ បញ្ចប់​ ជម្លោះដីធ្លី​នៅ​តំបន់​បឹង​កក់​ដែល​នៅ​សេសសល់​។​

​អ្នកស្រី​ បូ​វ​ សោភា​ តំណាង​សហគមន៍​បឹង​កក់​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​ចេញពី​ការិយាល័យ​អង្គការសហប្រជាជាតិ​ ថា​ អ្នកស្រី​មិន​បាន​ជួប​ អ្នករាយការណ៍​ពិសេស​ ផ្នែក​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ លោក​ស្ត្រី​  រ៉ូ​ណា​ ស្មី​ត​ ផ្ទាល់​ទេ​ ព្រោះ​លោក​ស្ត្រី​ជាប់​បំពេញភារៈកិច្ច​ តែ​អ្នកស្រី​ បាន​ប្រគល់​ញត្តិ​ទៅ​ឲ្យ​ សហការី​របស់​លោក​ស្ត្រី​ រ៉ូ​ណា​ ស្មី​ត​ រូ​ច​ហើយ​។​

​អ្នកស្រី​ សោភា​ បាន​បញ្ជាក់​ថា​ លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ បាន​បញ្ជាក់​ប្រាប់​អ្នកស្រី​ តាម​រយៈ​សហការី​ ថា​អ្នករាយការណ៍​ពិសេស​ ផ្នែក​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​រូប​នេះ​ បាន​សួរ​អភិបាល​រាជធានី​ភ្នំពេញ​ លោក​ ប៉ា​ សុ​ជាតិ​វង្ស​ អំពី​បញ្ហា​ជម្លោះដីធ្លី​នៅ​តំបន់​បឹង​កក់​។​

​តំណាង​សហគមន៍​បឹង​កក់​រូប​នេះ​ សង្ឃឹមថា​ លោក​ស្ត្រី​ រ៉ូ​ណា​ ស្មី​ត​ នឹង​អាច​ជួយ​អន្តរាគមន៍​ ទៅ​រដ្ឋាភិបាល​ ដើម្បី​អាច​ឲ្យ​អ្នក​ស្ត្រី​ ទេព​ វ​ន្នី​ មាន​សេរីភាព​ឡើង​វិញ​។​

​អ្នកស្រី​ បូ​វ​ សោភា​៖«​រហូត​មក​ដល់​ពេល​នេះ​ អ្នក​ស្ត្រី​ ទេព​ វ​ន្នី​ ជាប់ពន្ធ​ធា​គារ​ ៥៩​ ថ្ងៃ​មក​ហើយ​ ពួក​ខ្ញុំ​រង​ចាំ​សេរីភាព​របស់​គាត់​ ស្រប​ពេល​អ្នករាយការណ៍​ពិសេស​ របស់​អង្គការសហប្រជាជាតិ​គាត់​មកនេះ​ ខ្ញុំ​ជឿជាក់​ថា​ អ្នក​ស្ត្រី​ ទេព​ វ​ន្នី​ នឹង​មាន​សេរីភាព​ឡើង​វិញ​…..»​

​ចំណែក​ លោក​ អំ​ សំអាត​ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ នៃ​អង្គការ​លី​កាដូ​ យល់​ថា​ សហគមន៍​បឹង​កក់​ ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ លោក​ស្ត្រី​ រ៉ូ​ណា​ ស្មី​ត​ ក៏​ព្រោះតែ​ប្រទេស​កម្ពុជា​ជា​សមាជិក​ របស់​អង្គការសហប្រជាជាតិ​ ហើយ​ចង់​មិន​ចង់​ រាជរដ្ឋាភិបាល​ អាច​នឹង​ពិចារណា​លើ​ ករណី​សកម្មជន​ដីធ្លី​ គឺ​ អ្នក​ស្ត្រី​ ទេព​ វ​ន្នី​។​

​លោក​ អំ​ សំអាត​៖«​ខ្ញុំ​ជឿ​ថា​ ប្រសិនបើ​ លោក​ស្ត្រី​ រ៉ូ​ណា​ស្មី​ត​ លើក​ឡើង​ រាជរដ្ឋាភិបាល​ គាត់​អាច​នឹង​ពិចារណា​ទាក់ទង​ទៅ​និង​សកម្មជន​ដីធ្លី​ សកម្មជន​សិទ្ធិ​មនុស្ស​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធ​ធា​គារ​»​។​

​តំណាង​សហគមន៍​បឹង​កក់​អ្នក​ស្ត្រី​ ទេព​ វ​ន្នី​ ត្រូវ​បាន​តុលារ​ ផ្តន្ទាទោស​ឲ្យ​ជាប់គុក​ ៦​ ខែ​ ពី​បទ​ប្រមាថ​អ្នករាជការ​សាធារណៈ​ និង​បទ​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​ កាលពី​ថ្ងៃ​ទី​ ១៩​ កញ្ញា​ កន្លង​មក​។​

​ចំពោះ​បញ្ហា​ស្ត្រី​កម្ពុជា​ដែល​រង​ទុក្ខ​បុក​ម្នេញ​នេះ​ ដែរ​ លោកស្រី​ រស់​ សុភាព​ នាយិកា​អង្គការ​យេ​ន​ឌ័​រ​ និង​ អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ ហៅ​កាត់​ថា​ (GADC)​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​ កាលពី​ថ្ងៃ​ម្សិលមិញ​ថា​ ក្រុម​អង្គការ​ស្ត្រី​ប្រហែលជា​ជិត​១០​ នឹង​ជួប​អ្នករាយការណ៍​ពិសេស​ របស់​អង្គការសហប្រជាជាតិ​ នៅ​ថ្ងៃ​ទី​ ១៧​ ខែតុលា​ ខាង​មុខ​នេះ​ ដើម្បី​បង្ហាញ​ក្តី​បារម្ភ​ ពី​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី​ និង​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ទៀត​ទាក់ទិន​នឹង​ស្ត្រី​៕

Share

ព័ត៌មានទាក់ទង

Image