ភ្នំពេញ៖ ស្របពេលដែលប្រធានាធិបតីនៃសាធារណៈរដ្ឋចិន មកទស្សនៈកិច្ចជាផ្លូវរដ្ឋ នៅប្រទេសកម្ពុជា មេដឹកនាំគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា បានស្នើឱ្យប្រទេសចិន ដែលជាប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងបារីស ២៣ តុលា ជួយធានាឱ្យមានការអនុវត្តន៍ឱ្យបានពេញលេញ នូវស្មារតីកិច្ចព្រមព្រៀងទីក្រុងបារីស២៣ តុលា។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថា លិខិតរបស់គណបក្សសង្គ្រោះជាតិ ស្នើទៅប្រធានាធិបតី ស៊ី ជីនភីង គឺគ្រាន់តែចង់ឱ្យ ចិនចាប់អារម្មណ៍មកលើបញ្ហារបស់ខ្លួន។កញ្ញា ឆេង ណាតា រាយការណ៍ព័ត៌មាននេះ៖
ក្នុងលិខិតមួយជូនលោកប្រធានាធិបតីចិន ស៊ី ជីនភីង លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ចិន គឺជាប្រទេសមួយដែលបានចូលរួមយ៉ាងសកម្ម និងជាប្រទេសហត្ថលេខីមួយដ៏សំខាន់ ក្នុងការស្វែងរកដំណោះស្រាយសន្តិភាពជូនប្រជាពលរដ្ឋខ្មែរ តាមរយៈការធ្វើឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសឆ្នាំ១៩៩១។
លិខិតដដែលបន្តថា ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីកម្ពុជានោះ បានចង្អុលបង្ហាញផ្លូវឱ្យប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរធ្វើដំណើរដោយធានាបាននូវឯករាជ្យភាព អធិបតេយ្យភាព បូរណៈភាពទឹកដី គោរពអនុវត្តនូវគោលការណ៍ ប្រជាធិបតេយ្យ សេរីពហុបក្ស គោរពសិទ្ធិមនុស្ស និងស្តារប្រទេសកម្ពុជាឡើងវិញឱ្យមានការរីក ចម្រើន។
មេដឹកនាំគណបក្សប្រឆាំងទាំងពីររូប ចង់ឱ្យចិនជួយធានា ឱ្យមានការអនុវត្តន៍ឱ្យបានពេញលេញនូវស្មារតីនៃកិច្ចព្រមព្រៀងនេះ។ ជាមួយគ្នានេះ មេដឹកនាំទាំងពីរ ចង់បានទំនាក់ទំនងរវាងប្រទេសទាំងពីរស្ថិតនៅជានិរន្ត ប្រកបដោយភាពស្មោះត្រង់ គោរពគ្នាទៅវិញទៅមក ការពារផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
លោក អេង ឆៃអ៊ាង អ្នកតំណាងរាស្ត្របក្សសង្គ្រោះជាតិ បាននិយាយថា លិខិតរបស់ មេដឹកនាំ របស់លោក ដែលផ្ញើជូនមេដឹកនាំចិន គឺជាការស្នើសុំប្រទេសចិនជួយ ធានាគោរពកិច្ចព្រមព្រៀងក្រុងប៉ារីស ឡើងវិញ។ លោកថា ចិនជួយអភិវឌ្ឍប្រទេសតែចិនហាក់ភ្លេចថា ខ្លួនមានកាតព្វកិច្ចមួយ ក្នុងការពង្រឹង កិច្ចព្រមព្រៀងក្រុងប៉ារីស។
តែយ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល លើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស គឺគ្រាន់តែជាឯកសារ បន្ទាប់បន្សំតែប៉ុណ្ណោះ ហើយខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ក៏បានដាក់បញ្ចូលនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញផងដែរ។ លោកបញ្ជាក់ថា ការស្នើរបស់មេដឹកគណបក្សប្រឆាំងទាំងពីរ គឺដើម្បីឱ្យចិនចាប់អារម្មណ៍ ពីបញ្ហារបស់បក្សនេះតែប៉ុណ្ណោះ។
លោក ផៃ ស៊ីផាន៖«បើនិយាយពីផ្លូវច្បាប់ ហើយជាគោលការណ៍អន្តរជាតិ គឺមិនមានឥទ្ធិពល ហើយការលើកឡើងហ្នឹងមិនចំទិសដៅ ហើយមិនមានឥទ្ធិពលនៅក្នុងការងារអន្តរជាតិ រវាងប្រទេសអធិបតេយ្យភាព ប្រទេសឯករាជ្យភាព នឹងប្រទេសនោះទេ។ បានសេចក្តីថា ការលើកឡើងហ្នឹងមិនដឹងលើកទៅលើអី ក៏ប៉ុន្តែជាការលើកឡើង ដើម្បីជានយោបាយ ឱ្យគេចាប់អារម្មណ៍ ទៅលើគណបក្ស ភាគតិចរបស់គាត់ហ្នឹងហើយ..»។
បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ប្រទេសកម្ពុជា បានរួចផុតពីសង្គ្រាមរ៉ាំរ៉ៃ ។ កិច្ចព្រមព្រៀងសន្តិភាពនេះ បានធ្វើឲ្យកម្ពុជា រៀបចំការបោះឆ្នោតជាលើកដំបូងរបស់ខ្លួន តាមបែប លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៩៣។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នេះ មានចែងបីចំណុចធំៗ ទី១ កិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយ រួមមួយនៃជម្លោះកម្ពុជា។ ទី២ កិច្ចព្រមព្រៀងទាក់ទិននឹងអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹត្យភាព ឯកភាពជាតិកម្ពុជា និងទី៣ សេចក្ដីថ្លែងការណ៍ស្ដីពីការស្ដារ និងការកសាងប្រទេសកម្ពុជា ឡើងវិញនិងថា កម្ពុជា អនុវត្តគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស៕