ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណបក្សសង្គ្រោះជាតិ នឹងរៀបចំពិធី បង្សុកូល គោរពវិញ្ញាណក្ខន្ធថ្វាយ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ស្អែកនេះ។
តាមសេចក្តីជូនដំណឹងរបស់គណបក្សសង្គ្រោះជាតិចុះនៅថ្ងៃទី ១៤ តុលា ដដែល ក្រៅពីការរៀបចំពិធីខាងលើនេះ តំណាងគណបក្សសង្គ្រោះជាតិ ក៏នឹងចូលរួម គោរពវិញ្ញាណក្ខន្ធ លោក កែម ឡី នៅវត្តចាស់ផងដែរ។
ជាមួយគ្នានេះរដ្ឋាភិបាល និងព្រះបរមរាជវាំង ក៏បានចាត់ចែងកម្មវិធីរំលឹកវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រផងដែរ ដោយពិធីនេះ ធ្វើឡើងនៅកន្លែងរូបសំណាក់ព្រះអង្គនៅខាងកើតវិមានឯករាជ្យ។
អតីតព្រះមហាក្សត្រ បានសោយទិវង្គត នៅថ្ងៃ១៥តុលា ឆ្នាំ២០១២ ក្នុងជន្មាយុ៨៩ព្រះវស្សា។ លោកបានសោយទិវង្គត នៅឯមន្ទីរពេទ្យមួយ នៅទីក្រុងប៉េកាំងប្រទេសចិន៕