en     km
en     km

អ្នកវិភាគ​៖​ ជំនួយ​ និង​បំណុល​ចិន​ រាប់​ពាន់​លាន​ដុល្លារ​ គឺជា​ឧបករណ៍​ នាំ​ឱ្យ​កម្ពុជា​ អាច​ជួប​ហានិភ័យ​ (មានសំឡេង)

Share

ភ្នំពេញ៖ កាលពី​ថ្ងៃ​ទី​ ១៣​ ខែតុលា​ ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ លោក​ ស៊ី​ ជី​ន​ភីង​ បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​រយៈពេល​២​ថ្ងៃ​ ដែល​គេ​ថា​ ជា​ទស្សនកិច្ច​ ប្រវត្តិសាស្ត្រ​មួយ​នៅ​អាស៊ី​អា​គ្នេ​យ៌​ ។​

តុលា ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនភីង និង សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន
តុលា ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនភីង និង សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន

​ដំណើរ​ទស្សនៈកិច្ច​របស់​ប្រធានាធិបតី​ចិន​នេះ​ ត្រូវ​បាន​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​ សង្កេត​ឃើញ​ថា​ នឹង​ ធ្វើ​ឱ្យ​កិច្ច​សហ​ប្រតិការ​ទំនាក់ទំនង​រវាង​កម្ពុជា​ និង​ចិន​ កាន់តែ​ល្អ​ជាង​មុន​។​

​យ៉ាងណាមិញ​ ពួក​គាត់​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ ពី​បញ្ហា​បំណុល​របស់​កម្ពុជា​ ដែល​ជំពាក់​ចិន​កាន់តែ​ច្រើន​ឡើងៗ​។​

​អ្នកវិភាគ​បញ្ហា​សង្គម​ បាន​លើក​ឡើង​ថា​ បើ​ទោះបីជា​កម្ពុជា​-​ចិន​ មាន​ទំនាក់ទំនង​ល្អជា​មួយ​គ្នា​ ជា​ច្រើន​ជំនាន់​មក​ហើយ​ក្តី​ ប៉ុន្តែ​កម្ពុជា​មិន​ដែល​ទទួលផល​ល្អ​ពី​ ចិន​ ច្រើន​នោះ​ទេ​។​ ផ្ទុយ​ទៅ​វិញ​បើ​កម្ពុជា​នៅ​តែ​បន្ត​ទទួលយក​ជំនួយ​ពី​ចិន​ ទាំង​មាន​សំណង​ នឹង​ឥត​សំណង​ នោះ​កម្ពុជា​ នឹង​ជួប​ហា​នី​ភ័យ​ ក្នុង​កាលៈទេសៈ​ណាមួយ​។​ តែ​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​មិន​យល់​ស្រប​នឹង​មតិ​រិះគន់​នេះ​ទេ​។​ កញ្ញា​ ឆេ​ង​ ណា​តា​ លម្អិត​ព័ត៌មាន​នេះ​៖

 

​ប្រទេស​ ចិន​ បាន​ដាក់​ទុន​វិនិយោគ​ ជាមួយ​កម្ពុជា​ ជា​ច្រើន​ពាន់​លាន​ដុ​លា្ល​រ​ ហើយ​សន្ទុះ​នៃ​ការ​វិនិយោគ​ ពី​ប្រទេស​ធំ​មួយ​នេះ​ មានការ​កើន​ឡើងជា​លំដាប់​ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ដែល​កើន​ជាង​១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។​ នេះ​បើ​យោង​តាម​របាយការណ៍​ របស់​រដ្ឋាភិបាល​។​

​វិនិយោគទុន​របស់​ អ្នកជំនួញ​ចិន​ មាន​ទៅ​លើ​ វិស័យ​កសិកម្ម​ ហេ​ដ្ឋា​រចនា​សម្ព័​ន​ ផលិតផល​កាត់ដេរ​ និង​ធនធាន​រ៉ែ​ជាដើម​។​

​ក្នុង​មួយ​ឆ្នាំៗ​ គេ​សង្កេត​ឃើញ​ ចិន​ ដែល​ជា​ប្រទេស​មហាអំណាច​ ផ្នែក​សេដ្ឋកិច្ច​ពិភពលោក​ បាន​ផ្តល់​ជំនួយ​ មក​ដល់​កម្ពុជា​ជា​ច្រើន​ មាន​ទាំង​ជំនួយ​ឥត​សំណង​ និង​មាន​សំណង​។​

​ជំនួយ​ទាំងនោះ​ភាគច្រើន​កម្ពុជា​ យក​មក​អភិវឌ្ឍ​ ហេ​ដ្ឋា​រចនា​សម្ព័​ន​ ស្ពាន​ថ្នល់​ជាដើម​។​​ក្រៅពី​ផ្ដល់​ជំនួយ​លើ​វិស័យ​ទាំងនេះ​ក្រុង​ប៉េ​កាំ​ង​ក៏​បាន​ផ្ដល់​ ជំនួយ​លើ​វិស័យ​យោធា​ផង​ដែរ​។​

​ទំនាក់ទំនង​ចិន​ -​កម្ពុជា​ មាន​ច្រើន​ជំនាន់​មក​ហើយ​

​នៅ​សម័យ​សង្គមរាស្ត្រនិយម​  ចិន​គឺជា​មហាមិត្ត​របស់​ ព្រះករុណា​ សម្ដេចឪ​ នរោត្តម​សីហ​នុ​។​ ទំនាក់ទំនង​សម័យ​នោះ​ គឺ​ទស​វត្ស​ ១៩៦០​ គឺ​ចំ​ពេល​ ពិភពលោក​ ផ្ទុះ​សង្គ្រាមត្រជាក់​ ដែល​ជា​យុគ្គ​ នៃ​ការ​ប្រជែង​ ឥទ្ធិពល​ រវាង​ប្លុក​កុ​ម្មុ​យ​និ​ស្ត​ ដឹកនាំ​ដោយ​ចិន​-​រុ​ស្ស៊ី​ និង​ ប្លុក​ សេរី​ ដឹកនាំ​ដោយ​អា​មេ​រិ​ក​។​ បន្ថែម​លើ​ នេះ​ នៅ​ពេល​ពួក​ ប៉ុ​ល​ពត​ ឡើង​កាន់​អំណាច​ ក៏​ គ្រានោះ​ កម្ពុជា​-​ចិន​ បាន​ក្លាយជា​មហាមិត្ត​ដែរ​ ទោះជា​របប​ កម្ពុជា​ ប្រជាធិបតេយ្យ​ ឡើង​កាន់​អំណាច​ដោយ​ សង្គ្រាម​ និង​សម្លាប់​ពលរដ្ឋ​ខ្លួនឯង​ជិត​២​លាន​នាក់​ក៏​ដោយ​។

​នៅ​ពេល​ ប៉ុ​ល​ពត​ និង​របប​អាវ​ខ្មៅ​ រលំរលាយ​ភ្លាម​ ចិន​ មិន​ទាន់​ ផ្ដាច់ទំនាក់ទំនង​ជាមួយ​ របប​នេះ​ទេ​ ដោយ​ក្រុង​ប៉េ​កាំ​ង​បាន​លួច​ ជួយ​ផ្ដល់​អាវុធ​ ទៅ​ទ័ពព្រៃ​ខ្មែរក្រហម​នេះ​ដែរ​។​​ផុត​ពី​ របប​ កម្ពុជា​ ប្រជាធិបតេយ្យ​ទៅ​  ក្រុង​ប៉េ​កាំ​ង​ ក៏​បាន​ មក​ភ្ជាប់​ចំណងមិត្តភាព​ ជាមួយ​ រាជាណាចក្រ​ ទី​២​ ដែល​ សម្ដេចឪ​ មិត្ត​ចាស់​របស់​ ចិន​បាន​ឡើង​សោយរាជ្យ​ ជា​ថ្មី​ម្ដងទៀត​ ។​

​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​ គឺ​ពេល​នេះ​ កម្ពុជា​ ដឹកនាំ​ដោយ​ សម្ដេច​ ហ៊ុន​ សែន​ ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​ ដែល​អ្នក​សង្កេតការណ៍​ថា​ មាន​ឥទ្ធិពល​យ៉ា​ខ្លាំង​  ឃើញ​ថា​ ក្រុង​ប៉េ​កាំ​ង​ កាន់តែ​បង្ហាញ​ភាព​ស្និទ្ធ​សា្ន​ល​ ជាង​មុខ​ទៅ​ ទៀត​។​

​ការ​បង្ហាញ​ចំណង​សាមគ្គីភាព​ ស្អិតរ​មួ​ត​តាម​រយៈ​ ផ្ដល់​ឱ្យ​កម្ពុជា​ នូវ​ជំនួយ​ និង​ប្រាក់​កម្ចី​ជា​ច្រើន​រយ​លាន​ដុល្លារ​ នេះ​ ត្រូវ​បាន​អ្នកវិភាគ​យល់​ថា​ មាន​ហេតុផល​ចំណេញ​ ផង​និង​ គ្រោះថ្នាក់​ផង​ចំពោះ​កម្ពុជា​ បើ​គេ​ពិនិត្យ​មើល​រឿងរ៉ាវ​អតីត​ ច្រើន​ជំនាន់​មកនេះ​ព្រោះ​ចិន​ ផ្ដល់​ជំនួយ​ ផង​ គឺ​កេង​ចំណេញ​ លើ​ កម្ពុជា​ផង​។​

​តាម​តួរ​លេខ​ របស់​រដ្ឋាភិបាល​ គឺ​កម្ពុជា​ បាន​ជំពាក់​ បំណុល​ចិន​ ជាង​ ៣០០០​លាន​ដុល្លារ​ហើយ​។​ អ្នកវិភាគ​ព្រមាន​ថា​នៅ​ពេល​បំណុល​ចិន​ កាន់តែ​ច្រើន​ គឺ​កម្ពុជា​ នឹង​កាន់តែ​ជួប​ហានិភ័យ​ ទៅ​ថ្ងៃ​ខាង​មុខ​។​

​លោក​ ចាន់​ វិបុល​ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​ យល់​ថា​ ប្រសិនបើ​កម្ពុជា​នៅ​តែ​បន្ត​ទទួល​ជំនួយ​ពី​ប្រទេស​ចិន​ នោះ​កម្ពុជា​នឹង​ជួប​ហានិភ័យ​ខ្ពស់​ ព្រោះ​ប្រទេស​ចិន​ តែង​គិត​ពី​ផលប្រយោជន៍​ របស់​ជាតិ​ខ្លួន​ជា​ធំ​។​

​លោក​បន្ត​ថា​ បើ​ទោះបីជា​បំណុល​ និង​ជំនួយ​របស់​ចិន​ ជួយ​កម្ពុជា​ ក្នុង​ការ​ពង្រឹង​សក្តានុពល​ ផ្នែក​សេដ្ឋកិច្ច​ របស់​ខ្លួន​ក៏​ពិតមែន​ ប៉ុន្តែ​កម្ពុជា​ នឹង​ជួប​ហា​នី​ភ័យ​មួយ​ចំនួន​ ដូច​ជា​ធ្វើ​ឱ្យ​បំណុល​កាន់តែ​កើនឡើង​ ការ​គម្រាមកំហែង​ ទៅ​លើ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​លិ​ទ្ធិ​ប្រជាធិបតេយ្យ​ និង​បាត់បង់​ធនធានធម្មជាតិ​ កាន់តែ​ច្រើន​។​

​លោក​ ចាន់​ វិបុល​ ពន្យល់​បន្ថែម​ថា​ បើ​ក្រឡេក​មើល​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ កម្ពុជា​មិន​ដែល​ទទួល​បាន​ផល​ល្អ​ ពី​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​ និង​ចិន​ឡើយ​។​ ផ្ទុយ​ទៅ​វិញ​ទំនាក់ទំនង​កាន់តែ​ជិត​ស្និត​នេះ​ បាន​ធ្វើ​ឱ្យ​កម្ពុជា​ ជួប​បញ្ហា​នានា​ ដូច​ជា​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ ការ​រំលោភសិទ្ធិ​មនុស្ស​ជាដើម​ទៅ​វិញ​។​ លោក​បន្ថែម​ថា​ ជំនួយ​ទាំងនោះ​មិន​បាន​ជួយ​ពង្រឹង​ខឿន​សេដ្ឋ​កម្ពុជា​រឹង​មាំ​នោះ​ទេ​ ហើយ​ ចិន​ ថែម​ទាំង​អាច​មាន​ឥទ្ធិពល​ លើ​ការ​ដឹកនាំ​ជាតិ​របស់​កម្ពុជា​ផង​ដែរ​។​

​តែ​បែប​នេះ​ក្ដី​ មន្ត្រី​កម្ពុជា​ មិន​យល់​ស្រប​ នឹង​ការ​ព្រមាន​របស់​អ្នកវិភាគ​នោះ​ទេ​។​

​លោក​ សុខ​ ឥ​សាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បានឱ្យ​ដឹង​ថា​ កម្ពុជា​ មាន​ទំនាក់ទំនង​ល្អជា​មួយ​ចិន​ តាំងពី​សម័យ​អង្គរ​មក​ម្លេះ​ ហើយ​ការ​ដែល​សម្តេច​ ហ៊ុន​ សែន​ បន្ត​ទំនាក់ទំនង​នេះ​ គឺ​ត​ពី​សម័យ​បុរាណ​មក​។​

​ចំពោះ​បញ្ហា​បំណុល​លោក​ប្រាប់​ថា​ បំណុល​ដែល​កម្ពុជា​ជំពាក់​គេ​រាល់​ថ្ងៃនេះ​ គឺ​នៅ​ត្រឹមតែ​៣០%​នៃ​ផលទុនជាតិ​សរុប​(GDP)​ តែ​ប៉ុណ្ណោះ​។​ លោក​ថា​ បំណុល​នេះ​មើលទៅ​ឃើញ​ច្រើន​ ប៉ុន្តែ​តាម​ពិត​វា​មិន​ច្រើន​ទេ​ បើ​ប្រៀបធៀប​នឹង​ផលទុនជាតិ​សរុប​។​

​ចំពោះ​ការ​បាត់បង់​ធនធានធម្មជាតិ​ អ្នកនាំពាក្យ​រូប​នេះ​ មាន​ប្រសាសន៍​ថា​ មិនមែន​មាន​តែ​ក្រុមហ៊ុន​ចិន​ទេ​ ដែល​មក​វិនិយោគ​នៅ​កម្ពុជា​ គឺ​មាន​ក្រុមហ៊ុន​ផ្សេង​ទៀត​ ដូច​វៀតណាម​ បារាំង​ជាដើម​ ហើយ​មាន​ក្រុមហ៊ុន​ខ្លះ​មិន​គោរព​ច្បាប់​។​ លោក​ថា​ ប្រជាពលរដ្ឋ​មួយ​ចំនួន​ក៏​មាន​ចំណែក​ក្នុង​ការ​បំផ្លាញ​ធនធានធម្មជាតិ​ផង​ដែរ​។​ ​សំលេង​

លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ
លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ

តែ​បែប​នេះ​ក្ដី​ លោក​ សុ​ន​ ឆ័​យ​ តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសា​ន៍​ថា​  បំណុល​ដ៏​ច្រើ់​នេះ​ ក៏​ជា​រឿង​ចំលែក​មួយ​ដែរ​ ដែល​ បញ្ហា​នេះ​ លោក​ថា​ រដ្ឋាភិបាល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ថវិកា​ទាំងនោះ​ ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​ និង​តម្លាភាព​នៃ​ការ​ប្រាស់​ប្រាស់​ជំនួយ​។​ លោក​ថា​សំណង់​ ស្ពាន​ថ្នល់​ជា​ជំ​នួន​ឬ​ ប្រាក់​កម្ចី​របស់​ចិន​ ច្រើន​តែ​មិនសូវ​មានតម្លាភាព​ ។​ 

​តែ​យ៉ាងណា​ ក៏​ដោយ​ ក្នុ្ង​ង​ដំណើរ​ទស្សនកិច្ច​ ជា​ប្រវត្តិសាស្ត្រ​របស់​ មេដឹកនាំ​ចិន​ ស៊ីជី​ន​ ពីង​ នៅ​ ថ្ងៃ​ទី​ ១៣​ តុលា​នេះ​  រដ្ឋាភិបាល​ចិន​ បាន​សម្រេច​ លុប​ប្រាក់​បំណុល​ ៦០០​លាន​យ័ន​ ដែល​គិត​ថា​ស្មើនឹង​ ៦០​លាន​ ដុល្លារ​ ខណៈ​ចិន​ បន្ត​បន្ថែម​ជំ​នួន​ ១០០​លាន​យ័ន​ ជួយ​កម្ពុជា​ លើ​ វិស័យ​យោធា​។​ តាម​រយៈ​ជំនួយ​ និង​បំណុល​កម្ពុជា​ជំពាក់​ចិន​ ជា​ច្រើន​ពាន់​លាន​ដុល្លារ​នេះ​ ត្រូវ​បាន​អ្នកវិភាគ​ គិត​ថា​ គឺជា​ឧបករណ៍​មួយ​ របស់​ចិន​ ប្រើប្រាស់​ឥទ្ធិពល​ របស់​ខ្លួន​ លើ​ កម្ពុជា​ ដើម្បី​ទប់ទល់​ ជម្លោះ​ក្នុង​តំបន់​ និង​ មនោគមន៍វិជ្ជា​ នយោបាយ​ បរទេស​ របស់​ចិន​៕​


Share

Image
Image
Image