ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានចូលរួមជាមេដឹកនាំដទៃទៀត បានផ្ញើលិខិតរំលែកទុក្ខ ជូននាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ចំពោះការសោយទិវង្គត នៃព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត នៃរាជាណាចក្រថៃ។
លិខិតរបស់សម្តេច ហ៊ុន សែន ដែលបានផ្ញើជូនសមភាគី ថៃ លោក ប្រាយុទ្ធ កាលពីយប់ថ្ងៃទី ១៣ តុលា បានចាត់ទុក ការសោយទិវង្គត នៃព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត គឺជា ការបាត់បង់ដ៏ធំធេងរបស់ប្រជាជន និងប្រទេសថៃ ក៏ដូចជាសម្រាប់មិត្តភក្ដិទាំងអស់ នៅលើពិភពលោក។
សម្ដេចបានបន្តថា៖«ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត បានលះបង់ព្រះកាយពល ពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីឯកភាពជាតិ វិបុលភាព សុភមង្គលរបស់ប្រជាជនថៃ។ ព្រះរាជកិច្ចដ៏ភ្លឺស្វាងក្នុងព្រះបរមនាម ជាព្រះមហាក្សត្រ និងព្រះរាជបូនីយកិច្ចចំពោះជាតិ ប្រកបដោយព្រះរាជ បុគ្គលិកលក្ខណៈដ៏វិសេសថ្លៃថ្លា របស់ព្រះអង្គ នឹងត្រូវបានប្រជាជនថៃចងចាំជានិច្ច»។
តាមសេចក្ដីរំលែកទុក្ខនេះដដែល ស្ថិតក្នុងកាលៈទេសៈមរណទុក្ខ ដ៏ក្រៀមក្រំនេះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា គឺរូបសម្ដេចសូមសម្ដែង នូវសមានចិត្ដ យ៉ាងជ្រាលជ្រៅ និងការរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះការបាត់បង់ដ៏ធំធេងនេះ ថ្វាយព្រះមហាក្សត្រីយានី និងព្រះរាជវង្សានុវង្ស ក៏ដូចជាជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រថៃ។
លោក បានបញ្ជាក់បន្ថែមថា ៖ «ខ្ញុំបានទទួលព័ត៌មានដ៏ក្រៀមក្រំបំផុត ចំពោះការសោយទិវង្គត របស់ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រជាទីគោរពស្រឡាញ់បំផុត នៃប្រទេសថៃ និងជាព្រះមហាក្សត្រ ដែលគ្រងរាជ្យសម្បត្តិយូរបំផុតក្នុងពិភពលោក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦» ។
ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត បានសោយទិវង្គតនៅរសៀលថ្ងៃម្សិលមិញ ដោយ ព្រះរោគ ក្នុង ជន្មាយុ៨៨ឆ្នាំ។
ព្រះអង្គបានឡើងគ្រោងរាជ្យ តាំងពីឆ្នាំ១៩៤៦ រហូតលោក ចូលទិវង្គតនេះ គឺបាន ៧០ ឆ្នាំ ដែលគេចាត់ទុកថាបានឡើងសោយរាជ្យយូរឆ្នាំជាងគេ នៅលើពិភពលោក៕