ភ្នំពេញ៖ ស្របពេលដែលប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិត ចិន មកទស្សនកិច្ច ជាផ្លូវរដ្ឋនៅប្រទេសកម្ពុជា មេដឹកនាំគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា បានស្នើឱ្យប្រទេសធំមួយនេះ ដែលជាប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងបារីស ២៣ តុលា ជួយធានាឱ្យមានការអនុវត្តន៍ឱ្យបានពេញលេញ នូវស្មារតីនៃកិច្ចព្រមព្រៀងនេះ។
ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីកម្ពុជានោះ បានចង្អុលបង្ហាញផ្លូវឱ្យប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ធ្វើដំណើរដោយធានាបាននូវឯករាជភាព អធិបតេយ្យភាព បូរណៈទឹកដី គោរពអនុវត្តនូវគោលការណ៍ ប្រជាធិបតេយ្យ សេរីពហុបក្ស គោរពសិទ្ធិមនុស្ស និងស្តារប្រទេសកម្ពុជាឡើងវិញ ឱ្យមានការរីចម្រើន។
ក្នុងលិខិតមួយជូនលោកប្រធានាធិបតី ចិន ស៊ី ជីនភីង ដែលចុះហត្ថលេខា ដោយប្រធាន លោក សម រង្ស៊ី និង លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា ចិនគឺជាប្រទេសមួយដែលបានចូលរួមយ៉ាងសកម្ម និងជាប្រទេសហត្ថលេខីមួយ ដ៏សំខាន់ ក្នុងការស្វែងរកដំណោះស្រាយ សន្តិភាព ជូនប្រជាពលរដ្ឋខ្មែរ តាមរយៈការធ្វើឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសឆ្នាំ១៩៩១។
លិខិតរបស់មេបក្សប្រឆាំងទាំងពីរនេះ ធ្វើឡើង ស្របពេល ខួប២៥ ឆ្នាំ នៃកិច្ចព្រមព្រៀង សន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ នឹងចូលមកដល់នៅថ្ងៃអាទិត្យ សប្ដាហ៍ក្រោយនេះ៕