ថៃ៖ ប្រជាជនថៃរាប់លាននាក់បានសម្រក់ទឹកភ្នែកភ្លាមៗមួយរំពេច នៅពេលដែលខុទ្ទកាល័យ ព្រះបរមរាជវាំងបានប្រកាសថា ព្រះមហាក្សត្រដ៏ជាទីស្រលាញ់របស់ពួកគេ គឺ ស្ដេច ភូមិបុល អាឌុលយ៉ាដេត បានសោយទិវង្គត។
សេចក្ដីប្រកាសព័ត៌មាននេះ គឺ ធ្វើឡើងស្របពេលដែលព្រះបរមរាជវាំង បានចេញសេចក្ដីថ្លែងការណ៍ថា ព្រះអង្គបានចូលទិវង្គតហើយ។
ពលរដ្ឋថៃរាប់លាននាក់សម្រក់ទឹកភ្នែកស្ដាយស្រណោះព្រះមហាក្សត្ររបស់ខ្លួន
សេចក្ដីរាយការណ៍របស់ការសែតទាំងពីរខាងលើ បានឱ្យដឹងទៀតថា ប្រជារាស្ដ្រថៃបានឡើងមកតាមដងផ្លូវ ជាពិសេស គឺ មហាវិថី ដែលឆ្ពោះទៅកាន់មន្ទីរពេទ្យ សិរីរាជ្យ ដែលនៅទីនោះ ព្រះអង្គបានចូលទិវង្គត បន្ទាប់ពីទ្រង់បានចូលទៅសំរាកព្យាបាលនៅមន្ទីរពេទ្យ ជាច្រើនសប្ដាហ៍។
ប្រជារាស្ដ្រថៃ ដែលមានភក្ដីភាព និងព្រះអង្គពួកគេ បានស្លៀកពាក់លឿងគ្រប់ៗគ្នា ហើយ មានរូបព្រះឆាយាល័ក្ខព្រះអង្គកាន់នឹងដៃ ហើយអង្គុយតាមចញ្ចើមផ្លូវដោយម្នាក់ៗសម្រក់ ទឹកភ្នែកគ្រប់ៗគ្នា។
មិនថាឡើយប្រជាជនថៃនៅទីក្រុងបាងកកបានសម្រក់ទឹកភ្នែក គឺ ប្រជាជននៅបណ្ដាខេត្ត ឆ្ងាយៗក៏បានសម្ដែងក្ដីក្ដុកក្ដួល ដោយបានប្រមូលផ្ដុំគ្នាជាក្រុមៗ សម្ដែងការអាឡោះអាល័យ ចំពោះព្រះមហាក្សត្រជាទីស្រឡាញ់របស់ខ្លួន។
សភាថៃកោះប្រជុំទាំងយប់
សេចក្ដីរាយការណ៍របស់ការសែតថៃ The Nation បានឱ្យដឹងថា សភាថៃបានកោះប្រជុំជាបន្ទាន់នៅម៉ោង៩យប់នេះ ដើម្បីដាក់ស្ថានការណ៍ប្រទេសជាតិ ស្ថិតក្នុងស្ថានភាពកាន់ទុក្ខ ដ៏ក្រៀមក្រំ។
សភាថៃភាគច្រើនដែលកាន់កាប់ ដោយពួកយោធា បានប្រកាសថា នេះជាកិច្ចប្រជុំពិសេស បំផុត ដើម្បី ពិនិត្យសភាពការណ៍ ប្រទេសជាតិ ខណៈដែលព្រះរាជាបានសោយទិវង្គត។ នៅពេលជាមួយគ្នានេះ នាយករដ្ឋមន្ដ្រីថៃ បានប្រកាសថា នឹងបើកកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី ខ្លួនផងដែរ ហើយកិច្ចប្រជុំនេះ ដឹកនាំដោយឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ដ្រី។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ឧត្ដមសេនីយ៍ប្រាយុទ្ធ បានសម្រេចលុបចោលដំណើរ ទស្សនកិច្ចទាំងអស់ទាំងទៅកាន់បរទេស និងក្នុងប្រទេស ដើម្បីគ្រប់គ្រងសភាពការណ៍។ តាមគម្រោងលោកប្រាយុទ្ធត្រូវទៅធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌា នៅចុងសប្ដាហ៍នេះ ។
ព្រះមហាក្សត្រភូមិបុល អាឌុលយ៉ាដេត និងឥទ្ធិពលនយោបាយ
មហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត បានឡើងសោយរាជ្យនៅឆ្នាំ១៩៤៦ នៅពេលដែល តំបន់អាស៊ីអាគ្នេយ៌ ស្ថិតនៅក្រោមអាណានិគមបារាំង អង់គ្លេស និងជប៉ុន។ តែព្រះអង្គត្រូវបានគេដឹងថា ជាសេ្ដចដែលធ្វើអោយរាជាណាចក្រថៃ ពេលនោះ មិនអាចស្ថិតនៅក្រោម អាណានិគមទាំងនេះបានឡើយ។
ប្រទេសនៅអាស៊ីអាគ្នេយ៌ ដែលស្ថិតនៅក្រោមអាណានិគមបារាំង អង់គ្លេស និងជប៉ុន នៅគ្រានោះ មានកម្ពុជា វៀតណាម ឡាវ ភូមា ហ្វីលីពីន ម៉ាឡេស៊ី តែសម្រាប់រាជាណាចក្រថៃ ត្រូវបានប្រវត្តិសសាស្ដ្រចារថា មិនបានស្ថិតនៅក្រោមអាណានិគម របស់ប្រទេសទាំងអស់នេះទេ។ នេះជាភាពឆ្លាតវៃ របស់ស្ដេច ភូមិបុល អាល់ឌុលយ៉ាដេត។
ចាប់តាំងពីព្រះអង្គឡើងសោយរាជ្យមក គឺ រាជាណាចក្រថៃ បានឆ្លងកាត់នូវការបះបោរ របស់ក្រុមប្រឆាំងរាប់សិបដង តែព្រះអង្គនៅតែបន្ដគ្រប់គ្រងប្រទេសបានទាំងស្រុង ។
បើគិតពីការធ្វើរដ្ឋប្រហារដោយពួកយោធាវិញ រាជាណាចក្រនេះ បានឆ្លងកាត់ព្រឹត្តិការណ៍ បែបនេះ ចំនួន១៩លើក ហើយម្ដងៗសុទ្ធតែមានការបង្ហូរឈាម។ តែបែបនេះក្ដី ព្រះអង្គ គ្រប់គ្រងសភាពការណ៍បានទាំងស្រុង។
រដ្ឋធម្មនុញ្ញរាជាណាចក្រថៃ បានដាក់កងទ័ពស្ថិតនៅក្រោមរាជបល្ល័ង ហើយគ្រប់គ្រងដោយ ផ្ទាល់របស់ស្ដេច។ យ៉ាងដូចនេះ ទើបគេដឹងថា មេទ័ពទាំងអស់គឺជាមនុស្សរបស់ស្ដេចហើយការធ្វើរដ្ឋប្រហារ ក៏ត្រូវបានគេសង្ស័យថា ស្ដេចនៅពីក្រោយផងដែរ។
មិនថាឡើយ កងទ័ពនៅក្រោមរាជបល្ល័ង សូម្បីតែអ្នកនយោបាយ ក៏ខ្លបខ្លាចព្រះអង្គផងដែរ ។
លោក ថាក់ ស៊ីន អតីតនាយករដ្ឋមន្ដ្រីថៃ ដែលត្រូវបានធ្វើរដ្ឋប្រហារនៅឆ្នាំ២០០៦ ក៏ត្រូវបានគេសង្ស័យថា រដ្ឋប្រហារនៅពេលនោះ ផ្ដើមចេញពីរាជបល្ល័ងផងដែរ។ ដើមចម ដែលផ្ដើមអោយមានរដ្ឋប្រហារនៅពេលនោះ គឺ ជម្លោះនយោបាយរវាងលោក ថាក់ ស៊ីន និង អ្នកនយោបាយដែលមាននិនា្នការជាមួយ និងរាជបល្ល័ង។
លោក ថាក់ ស៊ីន ត្រូវបានគេចាត់ទុកថា ជាអ្នកនយោបាយប្រជាភិថុត ហើយតែងតែមានជម្លោះជាមួយអ្នកនយោបាយដែលគាំទ្ររាជបល្ល័ង។
បច្ចុប្បន្ន លោក ថាក់ ស៊ីន រស់នៅក្នុងស្ថានភាពជាអ្នកនយោបាយនិរទេសខ្លួន។ លោកត្រូវបាន តុលាការប្រទេសថៃកាត់ទោស ឱ្យមានទោស២ឆ្នាំ ពីបទ ពុករលួយ និងកឹបកេងទ្រព្យ សម្បត្តិរដ្ឋ។ ទ្រព្យសម្បត្តិរបស់លោក ថាក់ ស៊ីន ជាច្រើនរយលានដុល្លារត្រូវបានរឹបអូស ធ្វើជាទ្រព្យសម្បត្តិរបស់រដ្ឋ។
ការស្នងតំណែងព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត
តាមរដ្ឋធម្មនុញ្ញថៃ អ្នកដែលត្រូវឡើងសោយរាជ្យជំនួស ស្ដេច ភូមិបុល អាឌុលយ៉ាដេត គឺ រាជាទាយាទ Maha Vajiralongkorn។ ប៉ុន្ដែអ្នកសង្កេតការណ៍ថៃ ជាច្រើនកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ដែលអ្នកខ្លះថា លើម្ចាស់ក្សត្រី សុរិន្ទ ថន ក៏ស័ក្ដិសមម្យ៉ាងដែរ។
យ៉ាងណាក៏ដោយ អ្នកអង្គេតការណ៍ថៃបាននិយាយថា ទោះបីជារាជ្យទាយាទ Maha Vajiralongkorn បានឡើងគ្រងរាជ្យក្ដីតែឥទ្ធិពល និងអំណាច គឺ ស្ថិតនៅលើម្ចាស់ក្សត្រី សុរិន្ទ ថន៕