ក្រុមអង្គការស្ត្រីប្រមាណជិត ១០ អង្គការ គ្រោងជួបអ្នករាយការណ៍ពិសេស ផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី ១៧ តុលាខាងមុខនេះ ក្នុងគោលបំណងដើម្បីបង្ហាញក្តីបារម្ភ ពីការប្រើប្រាស់អំពើហិង្សាលើស្ត្រី និងបញ្ហាសំខាន់ៗមួយចំនួនទៀតទាក់ទិននឹងស្ត្រី។
នេះជាការលើកទ្បើងរបស់ក្រុមអង្គការស្ត្រី ដែលនឹងចូលជួបពិភាក្សារឿងស្ត្រី ជាមួយអ្នករាយការណ៍ពិសេសរបស់ UN។ លោក ជួន សារ៉េត រាយការណ៍៖
ស្របពេលដែលអ្នករាយការណ៍ពិសេស ផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មកបំពេញទស្សនៈកិច្ចនៅកម្ពុជារយៈពេល១០ថ្ងៃ ក្រុមអង្គការស្ត្រី នឹងជួបពិភាក្សាជាមួយមន្ត្រីអង្គការសហប្រជាជាតិ ដើម្បីបង្ហាញពីរបាយការណ៍មួយចំនួន ដែលជាបញ្ហាប្រឈមរបស់ស្ត្រីក្នុងការចូលរួមអភិវឌ្ឍន៍សង្គម ជាពិសេសស្ត្រីដែលនៅតែជាជនរងគ្រោះនៃការទទួលរងអំពើហិង្សា។
នាយិកាអង្គការយេនឌ័រ និង អភិវឌ្ឍន៍ដើម្បីកម្ពុជា ហៅកាត់ថា (GADC) លោកស្រី រស់ សុភាព បានផ្តល់បទសម្ភាសន៍ ឱ្យវិទ្យុស្ត្រីនៅថ្ងៃនេះថា ក្រុមអង្គការស្ត្រីគ្រោងជួបអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិនៅថ្ងៃទី ១៧ ខែតុលា ខាងមុខនេះ។ លោកស្រី រស់ សុភាព បន្តថាទោះបីជារាជរដ្ឋាភិបាលបង្កើត គោលនយោបាយ លើកកំពស់ស្ត្រី នឹងការទប់ស្កាត់ការប្រើប្រាស់អំពើហិង្សាស្ត្រីក៏ដោយ ប៉ុន្តែស្ត្រីនៅតែទទួលរងការប្រើប្រាស់អំពើហិង្សាគួរឱ្យព្រួយបារម្ភដដែល។
លោកស្រី រស់ សុភាព សង្កត់ធ្ងន់ថា ដោយសារតែស្ត្រីនៅតែជនរងគ្រោះនេះ ក្រុមស្ត្រីនឹងលើកយកប្រធានបទសំខាន់ៗជុំវិញបញ្ហាប្រឈមរបស់ស្ត្រី ទៅពិភាក្សាជាមួយលោកស្រី រ៉ូណាស្មីត ដែលជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ដើម្បីបានជារបាយការណ៍ បន្ថែមឱ្យលោកស្រីបន្តយក ទៅពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរកវិធានការទប់ស្កាត់។
«បញ្ហាដែលយើងនឹងយកទៅពិភាក្សាជាមួយគាត់ ដើម្បីសម្របសម្រួលថាតើគាត់អាចជួយយ៉ាងណា ហ្នឹងសំខាន់គឺអំពើហិង្សាដែលទាក់ទងទៅលើស្ត្រីហ្នឹង ជាពិសេសគឺស្ត្រីដែលជាអ្នកការពារសិទ្ធិមនុស្ស ការពារលំនៅដ្ឋាន អំពើហិង្សាចាប់រំលោភសេពសន្ថវៈ ដែលវានៅកើតទ្បើងធ្វើឱ្យយើងមានកង្វល់ជាច្រើន»។
លោកស្រី រស់ សុភាព ផ្តល់ជាអនុសាសន៍ថា ដើម្បីចូលរួមចំណែកក្នុងកាត់បន្ថយនៃការប្រើប្រាស់អំពើហិង្សាលើស្ត្រីនោះ ក្រុមស្ត្រីដែលតែងតែចេញ តវ៉ាពីបញ្ហាផ្សេងៗត្រូវបន្តសកម្មភាព តវ៉ារបស់ខ្លួនប្រកបដោយក្រមសីលធម៌។ ចំណែករាជរដ្ឋាភិបាលត្រូវគោរពគោលនយោបាយ លើកកំពស់ស្ត្រីឱ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវមានទំនួលខុសត្រូវក្នុងការពិចារណាចំពោះប្រជាពលរដ្ឋដែលទាមទារ ដោយជៀសវាងនូវ ការប្រើប្រាស់អំពើហិង្សាទៅលើពួកគេ។
ចំណែក នាយិកាអង្គការសីលការ លោកស្រី ធីតា ឃឹះ បានផ្តល់បទសម្ភាសន៍ឱ្យវិទ្យុស្ត្រីនៅថ្ងៃនេះដែរថា លោកស្រីបានសរសេរបាយការណ៍មួយចំនួន ពីបញ្ហាប្រឈមរបស់ស្ត្រីដើម្បីដាក់ជូនអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាតិ លោកស្រី រ៉ូណាស្មីត។
លោកស្រី ធីតា ឃឹះ បន្តថារបាយការណ៍ដែលលោកស្រីដាក់ជូនមន្ត្រី UN ពិនិត្យមើលនោះគឺបញ្ហាប្រឈមស្ត្រីនោះ គឺការជួញដូរស្ត្រី យកទៅធ្វើការនៅប្រទេស ហើយបញ្ហាប្រឈមមួយទៀតគឹការខ្ចីពរពោះ ពរកូនរបស់ស្ត្រី ដែលជាការរំលោភបូរណភាពខ្លួនប្រាណ របស់ស្ត្រី។
លោកស្រី ធីតា ឃឹះ គូស បញ្ជាក់ដែរថាការប្រើប្រាស់ អំពើហិង្សាលើស្ត្រីមានច្រើនជាងមុន ដែលស្ត្រីត្រូវពង្រឹងស្មារតីរបស់ខ្លួន ឱ្យបានល្អដើម្បីគេចពីការ នៅក្រោមគំនាបការប្រើប្រាស់អំពើហិង្សា។ បន្ថែមពីនេះទៀតលោកស្រីថា តាមរយៈកិច្ចពិភាក្សា ក្រុមស្ត្រីជាមួយលោកស្រី រ៉ូណា ស្មីត នឹងអាចចូលរួមចំណែក ក្នុងការពារករណីរំលោភសិទ្ធិទៅលើស្ត្រី។«ខ្ញុំថាប្រហែលជាដូចគ្នាទេគ្រាន់តែការរាយការណ៍ មានច្រើនជាងមុនហើយមានច្រើនរូបភាពនៃអំពើហិង្សាហ្នឹង ការវាយដុំ ការរងហិង្សានៅក្នុងផ្ទះ ឥលូវដូចការអនុវត្តច្បាប់នៅមានកម្រិតក៏ធ្វើឱ្យស្ត្រីមានជួបការរងគ្រោះច្រើន ដែលធ្វើឱ្យស្ត្រីរងគ្រោះច្រើន ដូចជាហិង្សាអត់បានគ្រប់គ្រងត្រឹមត្រូវដែលគេបោកយកទៅលក់អីជាដើម។ យើងសង្ឃឹមថាដែលស្ត្រីលើកយករឿងហ្នឹងទៅនិយាយជាមួយគាត់ គាត់នឹងបញ្ជូលទៅរបាយការណ៍ របស់គាត់ដើម្បីជជែកជាមួយរដ្ឋាភិបាលដើម្បីបង្កើត ជាគោលនយោបាយជួយស្ត្រី»។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) កាលពីថ្ងៃទី២៧ ខែកញ្ញា បានចេញរបាយការណ៍ ស្ទង់មតិទៅលើស្ត្រីចំនួនជាង ៦០០នាក់ ដែលកំពុងទទួលរងគ្រោះ ដោយសារមានជម្លោះដីធ្លី ចាប់តាំងពីខែឧសភា ដល់ខែមិថុនា ឆ្នាំ២០១៦ ក្នុងសហគមន៍ចំនួន២២ ក្នុង ១២ខេត្តក្រុង និងរាជធានីភ្នំពេញ។
របាយការណ៍បង្ហាញថាស្ត្រីជាង ៣ ភាគ ៤ ឬជិត ៨០ភាគរយ ដែលត្រូវបានសម្ភាសន៍ឲ្យដឹងថា ស្ថានភាពភាពនៃការកាន់កាប់ដីធ្លី របស់ពួកគាត់មិនមានសុវត្ថិភាព ហើយស្ត្រីជិតជាង ២៤ភាគរយត្រូវបានបណ្ដេញចេញពីផ្ទះសម្បែង ដោយបង្ខំ ឬហិង្សា ហើយបញ្ហានេះធ្វើឲ្យពួកគាត់មានវិបត្តិផ្លូវចិត្ត មានអំពើហិង្សាក្នុងគ្រួសារ និងធ្វើឲ្យពលកម្មកុមារ កាន់តែកើនឡើងខ្លាំង៕