en     km
en     km

ក្រុម​អង្គការ​ស្ត្រី​ នឹង​ជួប​ប្រេសិត​ UN​ ពិភាក្សា​ពី​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​ពេល​ឆាប់ៗ​នេះ​

Share

​ក្រុម​អង្គការ​ស្ត្រី​ប្រមាណ​ជិត​ ១០​ អង្គការ​ គ្រោង​ជួប​អ្នករាយការណ៍​ពិសេស​ ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​ នៅ​ថ្ងៃ​ទី​ ១៧​ តុលា​ខាង​មុខ​នេះ​ ក្នុង​គោលបំណង​ដើម្បី​បង្ហាញ​ក្តី​បារម្ភ​ ពី​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី​ និង​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ទៀត​ទាក់ទិន​នឹង​ស្ត្រី​។​

លោកស្រី ស្រី រ៉ូណាស្មីត ក្នុងកិច្ចប្រជុំជាមួយ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស របស់រដ្ឋាភិបាលកម្ពុជា លោក កែវ រ៉េមី
លោកស្រី ស្រី រ៉ូណាស្មីត ក្នុងកិច្ចប្រជុំជាមួយ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស របស់រដ្ឋាភិបាលកម្ពុជា លោក កែវ រ៉េមី

​នេះ​ជា​ការ​លើក​ទ្បើ​ង​របស់​ក្រុម​អង្គការ​ស្ត្រី​ ដែល​នឹង​ចូល​ជួប​ពិភាក្សា​រឿង​ស្ត្រី​ ជាមួយ​អ្នករាយការណ៍​ពិសេស​របស់​ UN​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​៖

​ស្រប​ពេល​ដែល​អ្នករាយការណ៍​ពិសេស​ ផ្នែក​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ មក​បំពេញ​ទស្សនៈកិច្ច​នៅ​កម្ពុជា​រយៈពេល​១០​ថ្ងៃ​ ក្រុម​អង្គការ​ស្ត្រី​ នឹង​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​អង្គការសហប្រជាជាតិ​ ដើម្បី​បង្ហាញ​ពី​របាយការណ៍​មួយ​ចំនួន​ ដែល​ជា​បញ្ហា​ប្រឈម​របស់​ស្ត្រី​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​សង្គម​ ជា​ពិសេស​ស្ត្រី​ដែល​នៅ​តែ​ជា​ជន​រង​គ្រោះ​នៃ​ការ​ទទួល​រង​អំពើ​ហិង្សា​។​

​នាយិកា​អង្គការ​យេ​ន​ឌ័​រ​ និង​ អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ ហៅ​កាត់​ថា​ (GADC)​ លោកស្រី​ រស់​ សុភាព​ បាន​ផ្តល់​បទ​សម្ភាសន៍​ ឱ្យ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ ក្រុម​អង្គការ​ស្ត្រី​គ្រោង​ជួប​អ្នករាយការណ៍​ពិសេស​ របស់​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃ​ទី​ ១៧​ ខែតុលា​ ខាង​មុខ​នេះ​។​ លោកស្រី​ រស់​ សុភាព​ បន្ត​ថា​ទោះបីជា​រាជរដ្ឋាភិបាល​បង្កើត​ គោលនយោបាយ​ លើកកំពស់​ស្ត្រី​ នឹង​ការ​ទប់ស្កាត់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ស្ត្រី​ក៏​ដោយ​ ប៉ុន្តែ​ស្ត្រី​នៅ​តែ​ទទួល​រង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​គួរ​ឱ្យ​ព្រួយបារម្ភ​ដដែល​។​

​លោកស្រី​ រស់​ សុភាព​ សង្កត់ធ្ងន់​ថា​ ដោយសារ​តែ​ស្ត្រី​នៅ​តែ​ជន​រង​គ្រោះ​នេះ​ ក្រុម​ស្ត្រី​នឹង​លើកយក​ប្រធានបទ​សំខាន់ៗ​ជុំវិញ​បញ្ហា​ប្រឈម​របស់​ស្ត្រី​ ទៅ​ពិភាក្សា​ជាមួយ​លោកស្រី​ រ៉ូ​ណា​ស្មី​ត​ ដែល​ជា​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ ដើម្បី​បានជា​របាយការណ៍​ បន្ថែម​ឱ្យ​លោកស្រី​បន្ត​យក​ ទៅ​ពិភាក្សា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​រក​វិធានការ​ទប់ស្កាត់​។​

«​បញ្ហា​ដែល​យើង​នឹង​យក​ទៅ​ពិភាក្សា​ជាមួយ​គាត់​ ដើម្បី​សម្របសម្រួល​ថា​តើ​គាត់​អាច​ជួយ​យ៉ាងណា​ ហ្នឹង​សំខាន់​គឺ​អំពើ​ហិង្សា​ដែល​ទាក់ទង​ទៅ​លើ​ស្ត្រី​ហ្នឹង​ ជា​ពិសេស​គឺ​ស្ត្រី​ដែល​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ការពារ​លំនៅ​ដ្ឋា​ន​ អំពើ​ហិង្សា​ចាប់រំលោភ​សេពសន្ថវៈ​ ដែល​វា​នៅ​កើត​ទ្បើ​ង​ធ្វើ​ឱ្យ​យើង​មាន​កង្វល់​ជា​ច្រើន​»​។​

​លោកស្រី​ រស់​ សុភាព​ ផ្តល់​ជា​អនុសាសន៍​ថា​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​កាត់​បន្ថយ​នៃ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី​នោះ​ ក្រុម​ស្ត្រី​ដែល​តែងតែ​ចេញ​ តវ៉ា​ពី​បញ្ហា​ផ្សេងៗ​ត្រូវ​បន្តសកម្មភាព​ តវ៉ា​របស់​ខ្លួន​ប្រកបដោយ​ក្រមសីលធម៌​។​ ចំណែក​រាជរដ្ឋាភិបាល​ត្រូវ​គោរព​គោលនយោបាយ​ លើកកំពស់​ស្ត្រី​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ ជា​ពិសេស​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ពិចារណា​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ទាមទារ​ ដោយ​ជៀសវាង​នូវ​ ការ​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​ពួក​គេ​។​

​ចំណែក​ នាយិកា​អង្គការ​សីល​ការ​ លោកស្រី​ ធីតា​ ឃឹះ​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ដែរ​ថា​ លោកស្រី​បាន​សរសេ​របាយការណ៍​មួយ​ចំនួន​ ពី​បញ្ហា​ប្រឈម​របស់​ស្ត្រី​ដើម្បី​ដាក់​ជូន​អ្នករាយការណ៍​ពិសេស​ របស់​អង្គការ​សហ​ប្រជា​តិ​ លោកស្រី​ រ៉ូ​ណា​ស្មី​ត​។​

​លោកស្រី​ ធីតា​ ឃឹះ​ បន្ត​ថា​របាយការណ៍​ដែល​លោកស្រី​ដាក់​ជូន​មន្ត្រី​ UN​ ពិនិត្យ​មើល​នោះ​គឺ​បញ្ហា​ប្រឈម​ស្ត្រី​នោះ​ គឺ​ការ​ជួញដូរ​ស្ត្រី​ យក​ទៅ​ធ្វើការ​នៅ​ប្រទេស​ ហើយ​បញ្ហា​ប្រឈម​មួយទៀត​គឹ​ការ​ខ្ចី​ពរ​ពោះ​ ពរ​កូន​របស់​ស្ត្រី​ ដែល​ជា​ការ​រំលោភ​បូរណភាព​ខ្លួនប្រាណ​ របស់​ស្ត្រី​។​

​លោកស្រី​ ធីតា​ ឃឹះ​ គូស​ បញ្ជាក់​ដែរ​ថា​ការ​ប្រើប្រាស់​ អំពើ​ហិង្សា​លើ​ស្ត្រី​មាន​ច្រើន​ជាង​មុន​ ដែល​ស្ត្រី​ត្រូវ​ពង្រឹងស្មារតី​របស់​ខ្លួន​ ឱ្យ​បាន​ល្អ​ដើម្បី​គេច​ពី​ការ​ នៅ​ក្រោម​គំនាប​ការ​ប្រើប្រាស់​អំពើ​ហិង្សា​។​ បន្ថែម​ពី​នេះ​ទៀត​លោកស្រី​ថា​ តាម​រយៈ​កិច្ច​ពិភាក្សា​ ក្រុម​ស្ត្រី​ជាមួយ​លោកស្រី​ រ៉ូ​ណា​ ស្មី​ត​ នឹង​អាច​ចូលរួម​ចំណែក​ ក្នុង​ការពារ​ករណី​រំលោភសិទ្ធិ​ទៅ​លើ​ស្ត្រី​។​«​ខ្ញុំ​ថា​ប្រហែលជា​ដូច​គ្នា​ទេ​គ្រាន់តែ​ការ​រាយការណ៍​ មាន​ច្រើន​ជាង​មុន​ហើយ​មាន​ច្រើន​រូបភាព​នៃ​អំពើ​ហិង្សា​ហ្នឹង​ ការ​វាយ​ដុំ​ ការ​រង​ហិង្សា​នៅ​ក្នុងផ្ទះ​ ឥលូវ​ដូច​ការ​អនុវត្ត​ច្បាប់​នៅ​មាន​កម្រិត​ក៏​ធ្វើ​ឱ្យ​ស្ត្រី​មាន​ជួប​ការ​រង​គ្រោះ​ច្រើន​ ដែល​ធ្វើ​ឱ្យ​ស្ត្រី​រង​គ្រោះ​ច្រើន​ ដូច​ជា​ហិង្សា​អត់​បាន​គ្រប់គ្រង​ត្រឹមត្រូវ​ដែល​គេ​បោក​យក​ទៅ​លក់​អី​ជាដើម​។​ យើង​សង្ឃឹមថា​ដែល​ស្ត្រី​លើកយក​រឿង​ហ្នឹង​ទៅ​និយាយ​ជាមួយ​គាត់​ គាត់​នឹង​ប​ញ្ជូ​ល​ទៅ​របាយការណ៍​ របស់​គាត់​ដើម្បី​ជជែក​ជាមួយ​រដ្ឋាភិបាល​ដើម្បី​បង្កើត​ ជា​គោលនយោបាយ​ជួយ​ស្ត្រី​»​។​

​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR)​ កាលពី​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ បាន​ចេញ​របាយការណ៍​ ស្ទង់​មតិ​ទៅ​លើ​ស្ត្រី​ចំនួន​ជាង​ ៦០០​នាក់​ ដែល​កំពុង​ទទួល​រង​គ្រោះ​ ដោយសារ​មាន​ជម្លោះដីធ្លី​ ចាប់តាំងពី​ខែឧសភា​ ដល់​ខែមិថុនា​ ឆ្នាំ​២០១៦​ ក្នុង​សហគមន៍​ចំនួន​២២​  ក្នុង​ ១២​ខេត្ត​ក្រុង​ និង​រាជធានី​ភ្នំពេញ​។​

​របាយការណ៍​បង្ហាញ​ថា​ស្ត្រី​ជាង​ ៣​ ភាគ​ ៤​ ឬ​ជិត​ ៨០​ភាគរយ​ ដែល​ត្រូវ​បាន​សម្ភាសន៍​ឲ្យ​ដឹង​ថា​ ស្ថានភាព​ភាព​នៃ​ការ​កាន់កាប់​ដីធ្លី​ របស់​ពួក​គាត់​មិន​មាន​សុវត្ថិភាព​ ហើយ​ស្ត្រី​ជិត​ជាង​ ២៤​ភាគរយ​ត្រូវ​បាន​បណ្ដេញ​ចេញពីផ្ទះ​សម្បែង​ ដោយ​បង្ខំ​ ឬ​ហិង្សា​ ហើយ​បញ្ហា​នេះ​ធ្វើ​ឲ្យ​ពួក​គាត់​មាន​វិបត្តិ​ផ្លូវចិត្ត​ មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​ធ្វើ​ឲ្យ​ពលកម្ម​កុមារ​ កាន់តែ​កើនឡើង​ខ្លាំង​៕

 

Share

Image
Image
Image