ភ្នំពេញ ៖ មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ហៅកាត់ថា (PDP-Center) នឹងរៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី«បញ្ហាប្រឈម និងដំណោះស្រាយការចុះឈ្មោះបោះឆ្នោតរបស់យុវជន» នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៦ ស្អែកនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការនេះ ចុះថ្ងៃទី ១២ ខែតុលា កិច្ចពិគ្រោះយោបល់នេះ ធ្វើទ្បើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងរបស់យុវជនអំពីដំណើរការចុះឈ្មោះបោះឆ្នោត និងលើកទ្បើងពីបញ្ហាប្រឈមនានា ដែលទាក់ទងនឹងការចុះឈ្មោះបោះឆ្នោតបែបថ្មី ព្រមទាំងផ្តល់អនុសាសន៍កែលម្អសម្រាប់ការចុះឈ្មោះឱ្យមានភាពកាន់តែប្រសើរ។
កិច្ចប្រជុំពិគ្រោះយោបល់នេះ នឹងមានការចូលរួមពីតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯក អគ្គរដ្ឋទូតសហភាពអឺរ៉ុប អង្គការសហ ប្រជាជាតិដើម្បីស្ត្រី អង្គការខុមហ្វ្រែល អង្គការនិចហ្វិក និងយុវជនមកពីគណបក្សនយោបាយមួយចំនួនទៀត។
សូមជំរាបដែរថា កិច្ចពិគ្រោះយោបល់នេះនឹងធ្វើទ្បើងនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៦ស្អែកនេះ វេលាម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ រសៀល នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ហើយអ្នកសារព័ត៌មានអាចចូលយកព័ត៌មានដោយសេរីផងដែរ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត បានធ្វើឡើងបាន ៤០ថ្ងៃ ហើយមានអ្នកទៅចុះឈ្មោះបានជាង ៥ លាន ១ សែននាក់ ។
ពលរដ្ឋខ្មែរមានអាយុ ១៨ ឆ្នាំឡើងទៅត្រូវបានច្បាប់អនុញ្ញតបោះឆ្នោតមានជិត ១០ លាននាក់។
ការចុះឈ្មោះបោះឆ្នោតមានរយៈពេល ៣ខែ ដោយចាប់ផ្ដើមពីថ្ងៃទី ១ កញ្ញា ដល់ថ្ងៃទី ២៩ វិច្ឆិកា៕