ភ្នំពេញ៖ ដំណើរការចុះឈ្មោះបោះឆ្នោតបានរយៈពេលជាង៤០ថ្ងៃ ហើយខណៈនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានបង្ហាញថាមានភាពល្អប្រសើរច្រើន។
តែទោះជាយ៉ាងណាលោក រ៉ុង ឈុន សមាជិក គ.ជ.ប ក៏មានក្តីព្រួយបារម្ភចំពោះបញ្ហាផ្សេងៗប៉ះពាល់ ដល់ការចុះឈ្មោះ ជាពិសេសបញ្ហាកំដៅនយោបាយដែលអាចប៉ះពាល់ដល់ការចុះឈ្មោះនិងបោះឆ្នោត។
ការថ្លៃបែបនេះនៅព្រឹកថ្ងៃពុធ ទី១២ តុលានេះ ក្នុងកម្មវិធីប្រកាសថា លទ្ធផលបណ្ដោះអាសន្ននៃការចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី ០១កញ្ញា ដល់ថ្ងៃទី១១តុលា នៅទីស្នាក់ការ (គ.ជ.ប)។ កញ្ញា ច្រឹក ស្រីអូន មានសេចក្តីរាយការណ៍៖
លទ្ធផលបណ្ដោះអាសន្ននៃការចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១កញ្ញា ដល់ថ្ងៃទី១១តុលាបានចំនួន ៥១៥១៨៦៨ ដែលស្មើនឹង៥៤.៣៤% និងទទួលពាក្យបណ្ដឹងចំនួន ៥០ពាក្យបណ្ដឹង។
លោក រ៉ុង ឈុន សមាជិកគ.ជ.ប បានលើកឡើងថាការចុះឈ្មោះបោះឆ្នោតទោះជាដំណើរការទៅបានល្អតែក៏ជួប បញ្ហា ជាច្រើនដែរ ដូចជាចំណេះដឹងការីកុំព្យូទ័រ នៅមានកម្រិត បញ្ហាអាកាសធាតុ ការចល័តទ័ពទៅចុះឈ្មោះបោះឆ្នោត នៅកន្លែងផ្សេងៗ ជាពិសេសបញ្ហាកំដៅនយោបាយ។
លោក រ៉ុង ឈុន៖«ជាការពិតអ្នកនយោបាយបានប្រកាសឈប់បាញ់ដើម្បីមានភាពស្ងប់ស្ងាត់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឃើញថាស្ថានភាពនយោបាយមានការថយកម្តៅ។ តែយើចង់ឲ្យមានការធ្នាក់មកដល់សូន្យយើងចង់ឃើញអ្នក នយោបាយរកតំណោះស្រាយដើម្បីចូលរួមក្នុងការបោះឆ្នោតដោយមានការចូលពីតំណាងគ្រប់គណបក្ស»។
រយៈពេលចុងក្រោយនេះកំដៅនយោបាយ មានភាពល្អជាងមុនបន្តិច ក្រោយពីសម្តេចហ៊ុន សែន ប្រកាសឈប់ ត ពាក្យសម្តីគ្នា។ តែរឿងនេះ សម្រាបលោក រ៉ុង ឈុន ថាទោះបីជាកំដៅនយោបាយពេលនេះបានថយចុះបន្តិចមែនតែ នៅ មានការព្រួយបារម្ភ ។
លោកសង្ឃឹមថា ដើម្បីឲ្យដំណើរការនៃការចុះឈ្មោះ និង ការបោះឆ្នោត ប្រព្រឹត្តដោយត្រឹមត្រូវ គឺគេតម្រូវឱ្យស្ថានភាពនយោបាយ កាន់តែមានភាពល្អប្រសើរកាន់តែខ្លាំង។
លោកពន្យល់ថាដើម្បីឱ្យការបោះឆ្នោត ដំណើរការបានល្អ គឺមានចំណុចសំខាន់ជាច្រើនដែលអនុវត្តឱ្យបាន។
លោក រ៉ុង ឈុន៖«យើងមានការព្រួយបារម្ភ ព្រោះការចុះឈ្មោះ និង បោះឆ្នោតមានធាតិផ្សំច្រើនដែលធ្វើឲ្យដំណើរការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅបានល្អប៉ុន្តែបរិយាកាសស្ថានភាពនយោបាយ បង្ករឲ្យមានភាពក្តៅនោះក៏មានផលប៉ះពាលដែរ»។
ជុំវិញការលើឡើងរបស់មន្ត្រីគ.ជ.ប លោកស្រី ម៉េង សុភាវី តំណាងមកពីគណបក្សសង្គ្រោះជាតិ បានលើកឡើងថា កំដៅនយោបាយកន្លងមក បក្សសង្គ្រោះជាតិ មិនមែនជាអ្នកបង្កទេ។ លោកស្រីបន្តថា បក្សសង្គ្រោះជាតិ អនុវត្តនិងធ្វើអ្វីៗទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីការចុះឈ្មោះបោះឆ្នោត។ អ្នកស្រីថាបក្សសង្គ្រោះជាតិប្រាថ្នាឱ្យ មានការបោះឆ្នោតប្រាកដ ដោយភាពត្រឹមត្រូវ និងមានការប្រកួតប្រជែងដោយស្មើសិទ្ធិគា្ន។
លោកស្រី ម៉េង សុភាវី៖«ការប្រើហឹង្សា ឬមួយការគម្រាមកំហែងណាមួយដែលធ្វើឱ្យការបោះឆ្នោតប្រព្រឹត្តិ ទៅដោយមិនសេរី និងយុត្តិធម៌។ អ្វីជាពិសេសនោះ យើងមើលឃើញថា ដើម្បីឱ្យកាន់តែតម្លាភាពទៀតនោះ យើងឃើញថាគួរតែគ្រប់ភាគីគណបក្សនយោបាយ ឱ្យមានការចូលរួមទាំងអស់គ្នា កុំឱ្យមានអវត្តមានរបស់គណបក្សនយោបាយជាពិសេស មេដឹកនាំគណបក្សនយោបាយទាំងអស់ ត្រូវមានវត្តមាននៅក្នុងការបោះឆ្នោតហ្នឹង ទើបការបោះឆ្នោតហ្នឹងប្រកបដោយតម្លាភាព សេរី យុត្តិធម៌ ហើយដែលគណបក្សនយោបាយទាំងអស់អាចទទួលយកបានទាំងអស់គ្នា»។
តែយ៉ាងនេះក្ដី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត មានប្រសាសន៍ថា ស្ថានភាពនយោបាយ នៅកម្ពុជាដែលក្តៅគឺមិនកើតឡើងពីបក្សប្រជាជនកម្ពុជានោះទេ អ្វីដែលសំខាន់គឺសមាជិកបក្សសង្គ្រោះជាតិ ត្រូវគោរពតាមច្បាប់ទើបតុលាការក៏មិនមានការ ចាត់វិធានការច្បាប់ដែរ។ តែលោកសង្ឃឹមចំពោះដំណើរការចុះឈ្មោះនិង ការបោះឆ្នោតប្រព្រឹត្តិទៅត្រឹមត្រូវ។
លោក សុខ ឥសាន៖«វាក្តៅឬមិនក្តៅ វាអាស្រ័យលើបុគ្គលប្រព្រឹត្តិគណបក្សប្រឆាំង បើគណបក្សប្រឆាំងកុំប្រព្រឹត្តល្មើសច្បាប់ទៅ វាអត់មាននិតិវិធីរបស់តុលាការទេ វាអត់ក្តៅទេ ឥលូវគាត់ប្រព្រឹត្តិល្មើសច្បាប់ហើយ គាត់អត់ទទួលស្គាល់កំហុសខុសរបស់គាត់»។
ចំណែកលោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិចហ្វិច មានប្រសាសន៍ថា លោកយល់ស្របនិងការលើឡើរបស់ គ.ជ.ប ដែលថាបើស្ថានភាពនយោបាយ នៅតែមាន កំដៅនោះប្រជាពលរដ្ឋ នឹង មានភាពភ័យកខ្លាច និងព្រួយបារម្ភពីសុវត្ថិរបស់ពួកគាត់។
អ្វីដែលសំខាន់ជាងនេះលោកក៏ចង់ឱ្យមានអ្នកនយោបាយគ្រប់គ្នា មានការប្រកួត ដោយពេញមុខ និង ស្មើភាពគ្នាដើម្បីជៀសវាងពីការ មិនមានការពេញចិត្តក្រោយពីការប្រកាសលទ្ធផល។
លោក សំ គន្ធាមី៖«រៀបគោលនយោបាយទៅនិងធ្វើការឃាសនាស្វែងរកសំឡេងឆ្នោត ដោយភាពស្មើគ្នា កុំឲ្យមានបក្សមួយមានលទ្ធភាពច្រើនមួយទៀតមិនមានលទ្ធភាពចង់ឲ្យមានភាពស្មើគ្នាក្នុការស្វែងរកសំឡេងឆ្នោតជាពិសេសមេដឹងនាំបក្សនយោបាយទាំងអស់ត្របមកវិញដើម្បីឲ្យការបោះឆ្នោតប្រកបដោយសេរីយុត្តិធម៌»។
ការចុះឈ្មោះបោះឆ្នោតលើកនេះគឺធ្វើឡើងតាមប្រព័ន្ធថ្មី ដែលគេហៅថា តាមប្រព័ន្ធកុំព្យូទ័រ ក្រោមជំនួយឧបត្ថមបច្ចេកទេស ពីសហភាពអឺរ៉ុប និង ប្រទេសជប៉ុន។
ប្រទេសកម្ពុជាមានការបោះឆ្នោតធំៗ២ គឺបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងឆ្នាំ២០១៧ និង បោះឆ្នោតសភាឆ្នាំ២០១៨៕