ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស របស់រដ្ឋាភិបាលកម្ពុជា លោក កែវ រ៉េមី អះអាងថាប្រសិនបើបុគ្គលណាត្រូវបានរងការវាយដុំ នៅក្នុងទិវាសិទ្ធិលំនៅដ្ឋានពិភពលោក កាលពីថ្ងៃទី១០តុលា ចង់ដាក់ពាក្យប្តឹងទៅតុលាការ ដើម្បីរកយុត្តិធម៌នោះ គណៈកម្មាធិការសិទ្ធិមនុស្សនឹងផ្តល់មេធាវីជូនបើពួកគេត្រូវការ។
ការថ្លែងដូចនេះខណៈដែលលោកផ្តល់បទសម្ភាសន៍ ឱ្យអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ច ប្រជុំកិច្ចពិភាក្សា ជាមួយអ្នករាយការណ៍ពិសេស ផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ លោកស្រី រ៉ូណាស្មីត កាលពីរសៀលថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញ។ លោក ជួន សារ៉េត រាយការណ៍បន្ត៖
លោក កែវ រ៉េមី បានលើកទ្បើងថា លោកស្រី រ៉ូណា ស្មីត ដែលបានចូលជួបពិភាក្សាជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មិនបានយក ករណីរឿងការវាយដុំ មន្ត្រីសិទ្ធិមនុស្ស និងសកម្មជនដីធ្លី ចំថ្ងៃដំណើរទស្សនៈកិច្ច របស់លោកស្រី មកកម្ពុជាមកពិភាក្សានោះទេដែលករណីនេះចំពោះលោកនឹងផ្ដល់មេធាវីដល់អ្នករងរបួស។
លោក កែវ រ៉េមី៖«អ្វីដែលគណៈកម្មាធិការសិទ្ធិមនុស្ស យើងខ្ញុំសូមជូនជាដំណោះស្រាយទៅវិញគឺសាមីខ្លួនដែលទទួលរងការវាយដុំ អាចប្តឹងរកយុត្តិធម៌នៅតុលាការបាន ហើយប្រសិនបើគ្មានមេធាវីគណៈកម្មាធិការសិទ្ធិមនុស្សយើងខ្ញុំ នឹងសហការផ្តល់មេធាវីជូនដើម្បីជួយ ដើម្បីរកយកយុត្តិធម៌នៅចំពោះមុខនៃអំណាចទីបី គឺអំណាចតុលាការ»។
ឆ្លើយតបនឹងការលើកទ្បើងរបស់លោក កែវ រ៉េមី មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូ លោក អំ សំអាត ដែលត្រូវបានកងសន្តិសុខខណ្ឌដូនពេញវាយដុំនោះ បានផ្តល់បទសម្ភាសន៍ ឱ្យវិទ្យុស្ត្រីនៅថ្ងៃនេះថា វាជារឿងល្អប្រសើរ ចំពោះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា យកចិត្តទុកដាក់ និងគិតគូរ ពីជនរងគ្រោះករណីរំលោភសិទ្ធិមនុស្ស។ ប៉ុន្តែលោកថាអ្វីដែលសំខាន់សម្រាប់ជនរងគ្រោះ គឺគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ត្រូវស៊ើបអង្កេត និងស្រាវជ្រាវដោយឯករាជ្យ ករណីរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
លោក អំ សំអាត៖ «អរគុណដែរ គណៈកម្មាធិការសិទ្ធិមនុស្ស ដែលគិតថាបើសិនជាជនរងគ្រោះក្នុងការរំលោភបំពានហ្នឹងប្តឹង ទៅតុលាការហើយត្រូវការមេធាវីខាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គាត់ផ្តល់ជូនអញ្ចឹងជនរងគ្រោះផ្សេងៗ ដែលរងគ្រោះជាមួយខ្ញុំដែរ បើគាត់ប្តឹងប្រហែលជាល្អ ប៉ុន្តែចំពោះរូបខ្ញុំផ្ទាល់ អង្គការខ្ញុំមានមេធាវីគ្រប់គ្រាន់ហើយសម្រាប់ការពាររូបខ្ញុំ ប៉ុន្តែអ្វីដែលសំខាន់គឺយើងទាំងអស់គ្នាត្រូវស្វែងរកភាពយុត្តិធម៌ ហើយរួមគ្នាលុបបំបាត់អំពើហិង្សាដែលរំលោភសិទ្ធិមនុស្សហ្នឹងបាទ»។
លោក អំ សំអាត ទទូចឱ្យរាជរដ្ឋាភិបាលចាត់វិធានការណ៍ ទៅតាមផ្លូវច្បាប់ចំពោះជនដែលបានប្រព្រឹត្តិអំពើហិង្សា មកលើរូបលោក ក៏ដូចបុគ្គលមួយចំនួនទៀត បើមិនដូច្នោះទេអ្នកដែលខាតបង់គឺរាជរដ្ឋាភិបាលខ្លួនឯង។
លោក ទទូចយ៉ាងដូច្នេះថា៖ «ក្នុងនាមខ្ញុំជាអង្គការសង្គមស៊ីវិល យើងទទូចដល់សម្តេចប្រមុខរាជរដ្ឋាភិបាល ឯកឧត្តមអភិបាលរាជធានី ឯកឧត្តមខណ្ឌដូនពេញ ពិនិត្យទ្បើងវិញទៅលើក្រុមសន្តិសុខ ៥-៦ នាក់មិនមែនសន្តិសុខទាំងអស់នោះទេ ប៉ុន្តែ ៥-៦ នាក់នេះដែលបង្ករឱ្យប៉ះពាល់ធ្ងន់ធ្ងរ ហើយបើសិនជាយើងទុកបណ្តោយ តទៅទៀតអ្នកដែលប៉ះពាល់គឺរដ្ឋាភិបាល ដែលនាំឱ្យគេរិះគន់ ហើយបើសិនជាមិនមានចំណាត់ការណាទេ ករណីការប្រើប្រាស់ហិង្សានេះវាមានលក្ខណៈជាប្រព័ន្ធ »។
សូមជំរាបថាក្នុងថ្ងៃប្រារព្ធទិវាសិទ្ធិលំនៅដ្ឋាន ពិភពលោកកាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៦ នេះយ៉ាងហោចណាស់មានមនុស្សរងរបួសធ្ងន់ និងស្រាល៣នាក់ ហើយក្នុងចំណោមអ្នករងរបួសនេះដែរ ក៏មានមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ របស់អង្គការលីកាដូ មួយរូបគឺលោកអំ សំអាត ជាប្រធានផ្នែកបច្ចេកទេស ស៊ើបអង្កេតជាន់ខ្ពស់ នៃអង្កការពារសិទ្ធិមនុស្ស លីកាដូ៕