ហាណូយ ៖ ប៉ូលិសវៀតណាមបានចាប់ខ្លួនឃុំខ្លួនអ្នកសរសេរប្លុកម្នាក់ ដែលបានបង្ហាញរបាយការណ៍ប្រឆាំងនឹងរដ្ឋអំណាចវៀតណាម។របាយការណ៍ដែលបានបង្ហោះនោះ បានបង្ហាញពីការបាត់បង់ជីវិតជនស៊ីវិលក្នុងការឃុំឃាំងរបស់ប៉ូលិស ដែលគេជឿទុកចិត្តថា ប្លុកនេះធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះបក្សកុម្មុយនីស្តវៀតណាមដែលកំពុងកាន់អំណាច។
ប៉ូលិសខេត្ត កាងហ័រ បានរាយការណ៍តាមសេចក្តីថ្លែងការណ៍មួយ ដែលបានផុសលើគេហទំព័ររបស់ខ្លួនថា អ្នកស្រី ងៀង ងូ ញឹងវិន(Nguyễn Ngọc Như Quỳnh) អាយុ ៣៧ឆ្នាំ ដែលគេហៅឈ្មោះក្រៅថា " Mẹ Nấm " ត្រូវបានឃាតខ្លួនកាលពីថ្ងៃចន្ទ នៅក្នុងផ្ទុះរបស់អ្នកស្រី នៅភាគកណ្តា លទីរួមខេត្ត កាងហ័រ ក្រោមមូលហេតុការឃោសនាប្រឆាំងនឹងរដ្ឋអំណាច។
ទោះបីជាមានការកែទម្រង់ទាំងស្រុងនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចវៀតណាម ហើយមានការបង្កើនភាពបើកចំហឆ្ពោះទៅរកការផ្លាស់ប្តូរសង្គមដែលរួមមាន ការបើកសិទ្ធិចំពោះមនុស្សស្រឡាញ់ភេទដូចគ្នា សិទ្ធិស្រី្តស្រឡាញ់ស្រី្តដូចគ្នា ព្រមទាំងអ្នកប្តូរភេទមួយផ្នែកធំយ៉ាងណាក្តី តែបក្សកុម្មុយនិស្តវៀតណាមបានរក្សាការត្រួតពិនិត្យយ៉ាងតឹងរឹង លើប្រព័ន្ធផ្សព្វផ្សាយណា ឬបុគ្គលណាដែលហ៊ានរិះគន់រដ្ឋអំណាចវៀតណាម។
សេចក្តីថ្លែងការណ៍របស់ប៉ូលិសបានឱ្យដឹងថា អ្នកស្រី ញឹងវិន បានបង្ហោះរបាយការណ៍ចងក្រងចំនួន ៣១ ករណី ដែលក្នុងនោះមានករណីបាត់បង់ជីវិតជនស៊ីវិលក្នុងការឃុំឃាំងរបស់ប៉ូលីស ដែលបានបង្ហាញពីការប្រទូសរ៉ាយគ្នាទៅកាន់កម្លាំងប៉ូលិស។
ម្តាយអ្នកស្រី ញឹងវិន គឺលោកស្រី ងៀង ធី ត៊ែកឡាង(Nguyễn Thị Tuyết Lan) បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ៖«យើងមិនបានភ្ញាក់ ផ្អើលការចាប់ខ្លួននេះទេ។ យើងបានដឹងថាថ្ងៃនេះនឹងមកដល់»។ «នេះគឺជាការសងសឹកប្រឆាំងនឹងកូនស្រីរបស់ខ្ញុំ»។
កាលខែមិនាឆ្នាំ ២០០៩ អ្នកស្រី ញឹងវិន ត្រូវបានប៉ូលិសចាប់ឃុំចំនួន ៩ថ្ងៃ ព្រោះជាប់ពាក់ព័ន្ធនឹងការទទួលមូលនិធិពីពួកវៀតតាន់ ដែលជាក្រុមសកម្មជនមានមូលដ្ឋាននៅរដ្ឋ California ដើម្បីបោះពុម្ពអាវយឺតមានពាក្យស្លោកប្រឆាំងនឹងគម្រោងរ៉ែបុកស៊ីតធំមួយនៅតំបន់ខ្ពង់រាបក្នុងប្រទេសវៀតណាម។
នៅសប្តាហ៍មុននេះ ទីក្រុងហាណូយបានប្រកាសថាពួក Viet Tan គឺជាអង្គការភេរវកម្មមួយ ហើយវៀតណាមព្រមានថា កំពុងស្វែងរកអ្នកដែលចូលរួមជាមួយក្រុមនេះ ដោយត្រូវចាត់ទុកថាជាជនសហក្បត់ជាតិ និងត្រូវដាក់ពិន័យ។
កាលពីខែមេសា អ្នកស្រី ញឹងវិន ក៏បាននិយាយប្រឆាំងនឹងក្រុមហ៊ុនផលិតបាស្ទិកដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនតៃវ៉ាន់ឈ្មោះថា Formosa ថាបានបង្កឱ្យមានគ្រោះមហន្តរាយដល់បរិស្ថានធំបំផុតក្នុងប្រទេសវៀតណាម។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា តុលាការខេត្តបានច្រានចោលបណ្តឹងរាប់រយរបស់ប្រជានេសាទដែលបានដាក់ជូនតុលាការ ដើម្បីប្តឹងក្រុម ហ៊ុនបុត្រសម្ព័ន្ធរបស់តៃវ៉ាន់ដែលបានបង្កឱ្យត្រីក្នុងទន្លេងាប់ជាច្រើន។
គួររម្លឹកបន្តិចថា កាលពីចុងខែកញ្ញា តុលាការទីក្រុងហាណូយ បានសម្រេចដាក់ពន្ធនាគារអ្នកល្បីល្បាញខាងសរសេរប្លុករិះគន់នយោបាយវៀត ណាម គឺ លោក ងៀង ហ៊ុង វ៉ី(Nguyễn Hữu Vinh) វ័យ ៦០ ឆ្នាំ ឱ្យជាប់គុក ៥ឆ្នាំ និងជំនួយការរបស់លោកម្នាក់ទៀត គឺលោក ស្រី ងៀង ធីមិន ថី(Nguyễn-Thị-Minh-Thúy) អាយុ ៣៦ ឆ្នាំឱ្យជាប់គុក ៣ឆ្នាំ ដោយតុលាការអះអាងថា ពួកគេទាំងពីរបានរំលោភបំពានលើសេរីភាពស្ថាប័នរដ្ឋ និងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណរបស់រដ្ឋ។ អ្នកទាំងពីរបានថ្លោះសិទ្ធិក្នុងការប្តឹងឧទ្ធរណ៍ក្នុងករណីនេះ ព្រោះតុលាការជាន់ខ្ពស់វៀត ណាមបានប្រកាសសាលក្រមនោះចូលជាស្ថាពរទៅហើយ។
ហើយកាលពីខែកញ្ញាដដែលនោះ តុលាការក្រុងហាណូយបានផ្តន្ទាទោសសកម្មជនដីធ្លីលោកស្រី កឹង ធី ថេវ (Cấn Thị Thêu) វ័យ ៥៤ ឆ្នាំ ឱ្យជាប់ពន្ធនាគារចំនួន ២០ខែផងដែរ ពីបទបង្កឱ្យខូចសណ្ដាប់ធ្នាប់សាធារណៈ។ អ្នកស្រី ថេវ ត្រូវបានចាប់ឃុំខ្លួនបណ្តុះអាសន្នអស់រយៈពេលជាង ៣ ខែមកហើយ បន្ទាប់ពីអ្នកស្រីបានដឹកនាំការតវ៉ានៅក្រៅអាគាររដ្ឋាភិបាលប្រឆាំងនឹងអ្វីដែលអ្នកស្រីហៅថា រដ្ឋអំណាចរឹបអូសដីធ្លីខុសច្បាប់។
ប្រទេសវៀតណាមត្រូវបានគេចោទប្រកាន់ថា បានប្រើប្រាស់ច្បាប់មិនច្បាស់លាស់ដើម្បីបង្ក្រាបអ្នកសរសេរប្លុក និងសកម្មជនដទៃទៀតដែលកំ ពុងតែប៉ះពាល់ការរីកសាយនៃប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសវៀតណាម។
អាជ្ញាធររដ្ឋប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានចាប់អ្នកទោសនយោបាយយ៉ាងហោចណាស់ ១៣០នាក់ នៅចុងឆ្នាំមុន នេះបើយោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក៕
ប្រភព ៖ CNA