គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគជប នៅព្រឹកថ្ងៃពុធ ទី១២ តុលានេះ បានប្រកាសថា លទ្ធផលបណ្ដោះអាសន្ននៃការចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១កញ្ញា ដល់ថ្ងៃទី១០តុលា បានចំនួន ៥លាន១សែន៥ម៉ឺន១ពាន់៨រយ៦៨នាក់ ដែលស្មើនឹង៥៤.៣៤ ភាគរយ និងទទួលពាក្យបណ្ដឹងចំនួន ៥០ពាក្យបណ្ដឹង។
តាមសេចក្ដីរាយការណ៍ពីអ្នកសារព័ត៌មានវិទ្យុស្ដ្រីFm102ការប្រកាសលទ្ធផលបណ្ដោះអាសន្ននាពេលនេះ គឺ ធ្វើឡើងក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅព្រឹកថ្ងៃនេះ ដែលជាប្រកាសរបស់លោក រ៉ុង ឈុន សមាជិកគ.ជ.ប ។
តាមការប្រកាសនេះ គឺ គ.ជ.ប បានទទួលពាក្យបណ្ដឹងផ្ទាល់ពីគណៈកម្មាធិការទទួលពាក្យបណ្ដឹងថ្នាក់ខេត្តបាន២៤ពាក្យបណ្ដឹង ហើយ២៦ពាក្យបណ្ដឹងទៀត ត្រូវបានដោះស្រាយនៅគជប ថ្នាក់ក្រោមជាតិ។
តាមសេចក្ដីរាយការណ៍ដដែល ប្រជាពលរដ្ឋដែលមានសិទិ្ធចុះឈ្មោះបោះឆ្នោតចាប់ពីអាយុ១៨ឆ្នាំឡើងទៅ មានចំនួន៩លាន៦សែន៦ម៉ឺន៤ពាន់២១៦នាក់ ។ការចុះឈ្មោះបោះឆ្នោតនឹងបិទបញ្ចប់នៅថ្ងៃទី២៩ វិច្ឆិកា ខាងមុខនេះ ៕