en     km
en     km

សង្គម​ស៊ី​វិល​ចំនួន​ ៦០​ ទទូច​ឱ្យ​ប្រេសិត​ UN​ ប្រាប់​ទៅ​រដ្ឋាភិបាល​ ជួយ​បញ្ឈប់​ហិង្សា​លើ​ការ​សម្ដែង​មតិ​ (មានសំឡេង)

Share

ភ្នំពេញ៖ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​៦០​ បាន​រួម​គ្នា​ថ្កោលទោស​អំពើ​ហិង្សា​ កាលពី​ថ្ងៃ​ចន្ទ​ទី​១០​តុលា​ទៅ​លើ​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ក្នុង​ពេល​ប្រារ​ព្វ​ទិវា​សិ​ទិ្ធ​លំ​ដៅ​ដ្ឋា​ន​ ដោយ​ពួក​គេ​បាន​ទទូច​ទៅ​លោកស្រី​ រូ​ណា​ ស្មិត​ ប្រាប់​ទៅ​រដ្ឋាភិបាល​ឱ្យ​ជួយ​បញ្ឈប់​ហិង្សា​ លើ​ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ​។​

លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូរងការវាយដំពីសំណាក់កងសន្តិសុខខ័ណ្ឌដូនពេញ។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូរងការវាយដំពីសំណាក់កងសន្តិសុខខ័ណ្ឌដូនពេញ។

​ការ​ទទូច​សុំ​របស់​ក្រុម​សង្គម​ស៊ី​វិល​ធ្វើ​ឡើង​ បន្ទាប់​ពី​ មនុស្ស​៣​នាក់​ដែល​ដើរ​ក្បួន​សិ​ទិ្ធ​លំនៅ​ដ្ឋា​ន​អន្តរជាតិ​ ត្រូវ​បាន​កង​សន្តិសុខ​ របស់​សាលា​រាជធានី​ភ្នំពេញ​ វាយ​ឱ្យ​រង​បួស​ក្នុង​នោះ​មាន​អ្នក​ការពារ​សិ​ទិ្ធ​មនុស្ស​ ម្នាក់​ផង​ដែរ​។​

​យ៉ាងនេះ​ក្ដី​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ ចាត់​ទុក​ក្រុម​សង្គម​ស៊ី​វិល​ ទាំងនោះ​ថា​ធ្វើ​របាយការណ៍​ មិន​មាន​មូលដ្ឋាន​ជាក់លាក់​។​ កញ្ញា ឆេង ណាតា រាយការណ៍៖


សេចក្ដីថ្លែងការណ៍​រួម​ របស់​សង្គម​ស៊ី​វិល​ទាំងនេះ​ បាន​រៀបរាប់​ពី​សកម្មភាព​ របស់​កង​សន្តិសុខ​ របស់​សាលាក្រុង​ភ្នំពេញ​ ដោយ​បាន​ប្រើ​ហិង្សា​ទៅ​លើ​អ្នក​ប្រារ​ព្វ​ពិធី​ និង​ជា​ពិសេស​ទៅ​លើ​ លោក​ អំ​ សំអាត​ មន្ត្រី​ការពារ​សិ​ទិ្ធ​មនុស្ស​មក​ពី​អង្គការ​លី​កាដូ​ ដែល​បាន​ទៅ​ឃ្លាំមើល​ ការ​ហែ​ក្បួន​របស់​សហគមន៍​ ដីធ្លី​។​

​ក្នុង​អំពើ​ហិង្សា​នេះ​ លោក​ អំ​ សំអាត​ និង​មនុស្ស​២​នាក់​ត្រូវ​បាន​ កង​សន្តិសុខ​ វាយ​ឱ្យ​រង​របួស​។​

​លោក​ មឿន តុលា​ នាយក​ប្រតិបត្តិ​ នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ដែល​ជា​ភាគី​មួយ​នៃ​សេចក្ដីថ្លែងការណ៍​រួម​នេះ​ បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ថា​ រដ្ឋាភិបាល​គួរតែ​ជួយ​ការពារ​ពលរដ្ឋ​អ្នក​ដើរ​ក្បួន​ តែ​ផ្ទុយ​ទៅ​វិញ​បែរជា​ កង​សន្តិសុខ​របស់​ រដ្ឋ​ទៅ​វាយ​បង្ក្រាប​ទៅ​វិញ​ ដែល​រឿង​នេះ​គឺជា​ការ​បំពាន​ លើ​គោលការណ៍​សិ​ទិ្ធ​មនុស្ស​ធ្ងន់ធ្ងរ​។​

​លោក​ មឿ​ន​ តុលា​៖«​ រដ្ឋ​ដែល​ជា​ភាគី​ មាន​កាតព្វកិច្ច​ក្នុង​ការ​អនុវត្ត​សិទ្ធិ​លំនៅ​ដ្ឋា​ន​ នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ និង​កតិកាសញ្ញា​អន្ដរជាតិ​ដែល​កម្ពុជា​ សន្យា​មក​យក​អនុវត្ត​ ក៏​មាន​ចែង​យ៉ាង​ច្បាស់​។​ ប៉ុន្ដែ​ផ្ទុយ​ទៅ​វិញ​ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​រៀបចំ​ប្រារព្ធ​សិទ្ធិ​លំនៅ​ដ្ឋា​ន​ហ្នឹង​ ទៅ​ជា​មានការ​រំខាន​ពី​អាជ្ញាធរ​ ហើយ​រហូត​ដល់​ការ​បង្ក​ហិង្សា​ទៅ​ទៀត​ ហើយ​អ្វី​ដែល​ធ្ងន់ធ្ងរ​ថែម​ពី​នឹង​ទៀត​នោះ​ គឺ​ នៅ​ពេល​ដែល​មន្ដ្រី​សិទ្ធិ​មនុស្ស​ដែល​គាត់​ជា​អ្នក​ការពារ​ កុំអោយ​មានការ​រំលោភសិទ្ធិ​ ជួយ​កុំអោយ​មាន​អំពើ​ហិង្សា​កើតឡើង​ វា​បែរ​ទៅ​ជា​អាជ្ញាធរ​ ឬ​ក៏​ក្រុម​សន្ដិសុខ​ហ្នឹង​វាយ​គាត់​យ៉ាង​កំរោល​។​ នេះ​ជា​ការ​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​ ហើយ​វា​ជា​គំរូ​អាក្រក់​ ខូច​មុខមាត់​ដល់​សង្គម​យើង​ និង​ខូច​មុខមាត់​ដល់​រដ្ឋាភិបាល​»​។​

​ការ​វាយ​លើ​អ្នក​ដើរ​ក្បួន​ទិវា​សិទ្ធិ​លំនៅ​ដ្ឋា​ន​កាលពី​ថ្ងៃ​ចន្ទ​ កើតឡើង​ជួន​ពេល​ អ្នករាយការណ៍​ពិសេស​ អង្គការសហប្រជាជាតិ​ លោកស្រី​ រូ​ណា​ស្មិត​ មក​ពិនិត្យ​មើល​ស្ថានភាព​សុទ្ធិ​មនុស្ស​ នៅ​កម្ពុជា​ ហើយ​លោក​មាន​ផែនការ​ ជួប​មន្ត្រី​សិទ្ធិ​មនុស្ស​ រដ្ឋាភិបាល​នៅ​ថ្ងៃនេះ​។​

លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូ ត្រូវបានសន្តិសុខខណ្ឌដូនពេញ វាយចំ ក មាត់ និងក្បាល បណ្តាលឲ្យរងរបួស
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូ ត្រូវបានសន្តិសុខខណ្ឌដូនពេញ វាយចំ ក មាត់ និងក្បាល បណ្តាលឲ្យរងរបួស

ដោយ​ភ្ជាប់​បេសកកម្ម​របស់​ អ្នករាយការណ៍​ពិសេស​នេះ​  លោក​ មឿង​ តុលា​ និយាយ​ថា​ សេចក្ដីថ្លែងការណ៍​របស់​សង្គម​ស៊ី​វិល​ ក៏​បាន​ទទូច​ឱ្យ​លោកស្រី​ រូ​ណា​ស្មី​ត​ ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​ បញ្ឈប់​ហិង្សា​ លើ​ការ​សំដែង​មតិ​នៅ​កម្ពុជា​។​

​លោក​ មឿ​ន​ តុលា​៖«​ជា​ការ​ពិត​ ការ​ដែល​ប្រជាពលរដ្ឋ​ រៀបចំ​ប្រារព្ធ​សិទ្ធិ​លំនៅ​ដ្ឋា​ន​នេះ​ ជា​ផ្នែក​មួយ​នៃ​ការ​បញ្ចេញមតិ​ របស់​ប្រជាពលរដ្ឋ​ផង​ដែរ​ ហើយ​បើសិនជា​យើង​មើលទៅ​សិទ្ធិ​បញ្ចេញមតិ​នៅ​ក្នុងស្រុក​ខ្មែរ​យើង​នេះ​ គឺ​រង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ណាស់​ ហើយ​ស្រប​ពេល​ដែល​ឥលូវ​នេះ​ អ្នកស្រី​ រ៉ូ​ណា​ស្មី​ត​ គាត់​កំពុង​មាន​វត្តមាន​ក្នុង​ប្រទេស​ផង​ យើង​សង្ឃឹមថា​ អ្នកស្រី​ រ៉ូ​ណា​ស្មី​ត​ បន្ទាប់​ពី​ប្រមូល​ព័ត៌មាន​អស់នេះ​ នឹង​យក​បញ្ហា​សិទ្ធិ​សេរីភាព​ បញ្ចេញមតិ​ នឹង​យក​ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​រំលឹក​រដ្ឋាភិបាល​កម្ពុជា​ ថា​ ត្រូវ​ធានា​ នូវ​សិទ្ធិ​សេរីភាព​ នៃ​ការ​បញ្ចេញមតិ​ របស់​ប្រជាពលរដ្ឋ​ឡើង​វិញ​»​។​

​អ្នក​សង្កេតការណ៍​ យល់​ថា​ករណី​ហិង្សា​ លើ​ក្រុម​អ្នក​រិះគន់​នៅ​កម្ពុជា​ បាន​ក្លាយជា​ធម្មតា​ទៅ​ហើយ​ ដែល​ពួក​គាត់​ថា​ អ្នក​ប្រព្រឹត្ត​ ជា​សមត្ថកិច្ច​ មិនឃើញ​មានទោស​ធ្ងន់ធ្ងរ​ទេ​ ហើយ​ ត្រូវ​បាន​ជួយ​ការពារ​ទៀត​ផង​។​

​លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​គណៈរដ្ឋមន្ត្រី​ បាន​ហៅ​សេចក្ដីថ្លែងការណ៍​នេះ​ថា​ មិន​បាន​ធ្វើ​ឡើង​ផ្អែក​លើ​ សភាពការណ៍​ពិត​។​

​លោក​ ផៃ​ ស៊ី​ផា​ន​៖«​ ខ្ញុំ​អត់​ដឹង​សាច់​រឿង​ពិត​ តើ​វា​យ៉ាងដូចម្ដេច​ តើ​មន្ដ្រី​អង្គការសិទ្ធិមនុស្ស​គាត់​ទៅ​សង្កេតការណ៍​ ឬ​ក៏​ទៅ​ចូលរួម​ក្នុង​បាតុកម្ម​ហ្នឹង​ នេះ​ជា​សំណួរ​របស់ខ្ញុំ​ទៅ​វិញ​។​  សំខាន់​បំផុត​ តើ​គាត់​ជា​អ្នកចូលរួម​បាតុកម្ម​ គាត់​មាន​សកម្មភាព​ក្នុង​បាតុកម្ម​ ឬ​គាត់​គ្រាន់តែ​ជា​អ្នក​ឈរ​មើល​ អាហ្នឹង​យើង​ត្រូវ​ស្វែង​យល់​។​ ប៉ុន្ដែ​អ្វី​ដែល​ខ្ញុំ​មើលឃើញ​តាម​វី​ដេ​អូ​ ខ្ញុំ​ឃើញ​គាត់​ជា​អ្នកចូលរួម​បាតុកម្ម​ គាត់​មែន​ជា​អ្នក​ពិនិត្យ​ទេ​ ទី​មួយ​។​ ទី​ពីរ​ គាត់​ត្រូវ​តែ​សហការ​ជាមួយនឹង​មន្ដ្រី​អាជ្ញាធរ​ ពីព្រោះ​មន្ដ្រី​អាជ្ញាធរ​ គេ​មាន​ដែន​អំណាច​របស់​គេ​ ក្នុង​ការ​គ្រប់គ្រង​សណ្ដាប់ធ្នាប់​សង្គម​ សណ្ដាប់ធ្នាប់​សាធារណៈ​។​ ដូច្នេះ​ មិនមែន​អាង​គ្រាន់តែ​ពាក់មួក​អង្គការសិទ្ធិមនុស្ស​ យើង​ទៅ​ប្រឆាំង​ជាមួយ​មន្ដ្រី​អាជ្ញាធរ​នោះ​ទេ​…»​។​

​តែ​យ៉ាង​ហោច​តិច​ណាស់​ ប្រទេស​ជិត​៤០​ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ អង្គការសហប្រជាជាតិ​ បាន​ ចេញ​សេចក្ដីថ្លែងការណ៍​រួម​ ដោយ​ ថោ្ក​ល​ទោស​ ការ​រំលោភសិទ្ធិ​មនុស្ស​ នៅ​កម្ពុជា​ ដែល​បាន​ប្រព្រឹត្ត​កន្លង​មក​។

​ប្រទេស​ទាំង​ ៣៩​ នោះ​មាន​ អា​មេ​រិ​ក​ ជប៉ុន​ សហភាព​អឺរ៉ុប​២៨​ប្រទេស​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​នេះ​ បន្ទាប់​ពី​ ពួក​គេ​បាន​ជួប​ប្រជុំ​គ្នា​ នៅ​ឯ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្ក​ការ​សហប្រជាជាតិ​នៅ​ក្រុង​ ហ្សឺ​ណែវ​ ប្រទេស​ស្វិ​ស​ កាលពី​ពាក់កណ្ដាល​ខែកញ្ញា​ ឆ្នាំ​ ២០១៦​នេះ​៕​

Share

ព័ត៌មានទាក់ទង

Image