ភ្នំពេញ ៖ ថ្លែងនៅក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីថ្ងៃទី ១០ តុលានេះ លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូ បានទទូចស្នើដល់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ចាត់វិធានការលើកងសន្តិសុខមួយក្រុមដែលបានប្រើអំពើហិង្សាមកលើលោក និងសកម្មជនដីធ្លីជាច្រើននាក់ទៀតកាលពីព្រឹកមិញនេះ ដោយលោក អំ សំអាត ហៅកងសន្តិសុខទាំងនោះថា«ជាជនញៀននឹងការវាយដំ»។

លោក អំ សំអាត សង្កត់ធ្ងរថា ការប្រើប្រាស់អំពីហិង្សាពីសំណាក់កងសន្តិសុខខ័ណ្ឌមកលើរូបលោក និងសកម្មជនដីធ្លីនៅថ្ងៃនេះ គឺទំនងមិនមែនជាការបញ្ជាពីរដ្ឋាភិបាល ឬអភិបាលខ័ណ្ឌនោះទេ ពោលគឺកងសនិ្តសុខមួយក្រុមទាំងនេះ តែងតែប្រើរូបភាពហិង្សាដោយឥតព្រៀងទុក និងធ្វើអ្វីទៅតាមភាពញៀនហិង្សារបស់ខ្លួនលើជនទន់ខ្សោយ។
ការទទូចរបស់លោក អំ សំអាត ទៅកាន់សម្តេច ហ៊ុន សែន ខណៈនេះ ក៏ព្រោះក្រុមសន្តិសុខមួយក្រុមនេះ តែងតែបង្កហិង្សាជារឿយៗមកលើសកម្មជនដីធ្លី ដែលធ្វើឱ្យរដ្ឋាភិបាលដឹកនាំដោយគណបក្សឈ្នះឆ្នោត គឺគណបក្សប្រជាជនកម្ពុជាបាក់មុខ និងអាចបាត់បង់ប្រជាប្រិយភាពស្របពេលដែលកម្ពុជាកំពុងដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ដែលឈានទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០១៧ និងការបោះឆ្នោត ជាតិឆ្នាំ២០១៨។

នៅពីព្រឹកថ្ងៃទី១០ តុលា នេះក្រុមសហគមន៍រងគ្រោះដីធ្លី និងសកម្មជនដីធ្លីមានគ្នាប្រមាណ ១០០ នាក់ បានដើរហែក្បួន ដើម្បីអបអរទិវាសិទ្ធិលំ នៅឋានពិភពលោកលើកទី ៣១ ។ ខណៈក្បួនដង្ហែរមកដល់សាលាវិចិត្រសិល្បៈ ក៏មានការប៉ះទង្គិចគ្នារវាងអ្នកដើរហែរក្បួន ជាមួយកងសន្តិសុខខណ្ឌដូនពេញ បណ្តាលឲ្យមនុស្សបីនាក់រងរបួសស្រាល ក្នុងនោះមានទាំងមន្ត្រីសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សកម្មជនបឹងកក់ លោក ច័ន្ទ ពុទ្ធិស័ក្ក និងបុរសម្នាក់ដែលអៈអាងថា ជាអ្នកកាសែត។

ជាការគត់សម្គាល់ អំពើហិង្សានេះ កើតឡើងស្របពេលដំណើរបេសកកម្មរបស់លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស របស់អង្គការសហ ប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស មកកាន់ប្រទេសកម្ពុជារយៈពេល ១០ថ្ងៃ នៅថ្ងៃនេះ ដោយផ្តោតទៅលើស្ថានភាពសិទ្ធិមនុស្សនាពេលបច្ចុប្បន្ន។
ជុំវិញដំណើរបេសកកម្មរបស់លោក ស្រី រ៉ូណា ស្មីត នេះលោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូ បញ្ជាក់ថា អង្គការលីការដូអាចនឹងរាយការណ៍ទៅលោកស្រី រ៉ូណា ស្មិត អំពីបញ្ហារំលោភសិទ្ធិមនុស្ស ពិសេសការប្រើអំពើហិង្សាមកលើលោកផ្ទាល់។
យ៉ាងណាមិញ លោក អំ សំអាត បានដាក់ពាក្យបណ្តឹងប្តឹងសន្តិសុខខណ្ឌដូនពេញ នៅសង្កាត់ជ័យជម្នះ នៅព្រឹកថ្ងៃទី១០ តុលា បន្ទាប់ពីទទួលរងការវាយដំពីសន្តិសុខខណ្ឌដូនពេញ៕