ភ្នំពេញ ៖ នៅថ្ងៃទី ១០ ខែ តុលានេះ ក្រសួងសុខាភិបាលកម្ពុជាទទួលបាន វិញ្ញាបនបត្រ និងពានរង្វាន់ទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការលុបបំបាត់ជំងឺជើងធំ ដូចដំរី (ហ្វីឡារីយ៉ាស៊ីស) ពីអង្គការសុខភាពពិភពលោក។
ក្រសួងសុខាភិបាលបានសរសេរបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ក្រសួងនៅថ្ងៃ ច័ន្ទទី១០តុលានេះថា ពានរង្វាន់នេះត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំគណៈកម្មការថ្នាក់តំបន់ប៉ាស៊ីហ្វិកខាងលិចនៃអង្គការសុខភាពពិលោក ដែលមានប្រទេសជាសមាជិកចូលរួមទាំងអស់ចំនួន ៣៨ ប្រទេស បានមកជួបជុំគ្នានៅឯការិយាល័យអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។
ជំងឺជើងធំដូចដំរីនេះ បង្ករឡើងដោយពពួកព្រូនដង្កូវ ឈ្មោះ វុចឆេរីយ៉ាបង់ក្រូវទី ដែលធ្វើឲ្យជើងហើមធំដូចជើងដំរីហើយវាកើតមាន នៅភាគខាងជើងប្រទេសកម្ពុជា ដូចជាខេត្ត រតនគីរី ស្ទឹងត្រែង និងព្រះវិហារ ជាដើម។
កម្មវិធីជាតិលុបបំបាត់ជំងឺជើងធំដូចជើងដំរី បានចុះអប់រំសុខភាពដល់ប្រជាជនកម្ពុជាដោយបានលុបបំបាត់ជំងឺជើងធំដូចដំរីនេះប្រកបដោយជោគជ័យ ដោយមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក៕