en     km
en     km

លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់គុក​ ២​ឆ្នាំ​៦​ខែ​ តែ​អ្នក​សង្កេតការណ៍​ ចាត់ទុកជា​រឿង​នយោបាយ​

Share

ភ្នំពេញ៖ អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​តុលាការ​ សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ផ្តន្ទាទោស​ ឲ្យ​ជាប់​ពន្ធនាគារ​ ២​ ឆ្នាំ​ កន្លះ​ និង​ពិន័យ​ជា​ប្រាក់​។​ តែ​ការ​ប្រកាស​សាលក្រម​នេះ​ធ្វើ​ឡើង​ ដោយ​អវត្តមាន​សហ​មេធាវី​ និង​ជនជាប់ចោទ​។​ តែ​យ៉ាងនេះ​ក្ដី​ មេធាវី​លោក​ អ៊ុំ​ សំ​អាន​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ ថា​ លោក​មិន​ចាប់អារម្មណ៍​ សាលក្រម​នេះ​ទេ​។​

លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ ដែលជាប់ចោទករណីរឿងព្រំដែននិងឯកសារផែនទី។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ ដែលជាប់ចោទករណីរឿងព្រំដែននិងឯកសារផែនទី។

នៅ​ថ្ងៃ​ទី​ ១០​ ខែ​ តុលា​នេះ​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ ហេង​ សុខ​ណា​ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ លោក​ អ៊ុំ​ សំ​អាន​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​សៀមរាប​ ឲ្យ​ជាប់ពន្ធ​ធា​គារ​ចំនួន​ ២​ ឆ្នាំ​ ៦​ ខែ​ និង​ពិន័យ​ជា​ប្រាក់​ ៤​ លាន​រៀល​។​

​លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​តុលាការ​ ចោទប្រកាន់​ពី​បទ​ញុះញង់​ ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ ដែល​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ និង​ បទ​ញុះញង់​ឲ្យ​មានការ​រើសអើង​ តាម​មាត្រា​ ៤៩៥​ និង​ ៤៨៦​ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ជុំវិញ​ការ​ចោទប្រកាន់​នេះ​ មេធាវី​ការពារ​ក្តី​ឲ្យ​ លោក​ អ៊ុំ​ សំ​អាន​ គឺ​ លោក​ ជួង​ ជូ​ងី​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ ការ​សម្រេច​ផ្តន្ទាទោស​ កូនក្តី​របស់​លោក​ដាក់​ ពន្ធនាគារ​ ២​ ឆ្នាំ​ កន្លះ​គឺ​ មិន​អាច​ទទួលយក​បាន​ឡើយ​ ដោយសារ​លោក​ចាត់​ទុក​អនុវត្តន៍​ច្បាប់​ របស់​មន្ត្រី​យុត្តិធម៌​ និង​តុលាការ​ ធ្វើ​ឡើង​ខុស​នីតិវិធី​ច្បាប់​។​

​លោក​ ជួង​ ជូ​ងី​៖«​ខ្ញុំ​ជឿ​ថា​កូនក្តី​ខ្ញុំ​មិន​អាច​ទទួលយក​បាន​ ក៏​ដូច​មេធាវី​ ដែរ​ គឺ​មើលឃើញ​ចំណាត់ការ​របស់​តុលាការ​ កន្លង​មក​បំពាន​ច្បាប់​ទាំងស្រុង​។​ ខ្ញុំ​នឹង​ពិភាក្សា​ជាមួយ​កូនក្តី​ខ្ញុំ​ កូនក្តី​របស់ខ្ញុំ​ចង់បាន​យ៉ាងណា​ ខ្ញុំ​នឹង​ធ្វើ​ទៅ​តាម​គាត់​»​។​

​នៅ​ក្នុង​សវនាការ​ជំនុំជម្រះ​ កាលពី​ថ្ងៃ​ទី​ ០៥​ ខែ​ កញ្ញា​ កន្លង​មក​ ជនជាប់ចោទ​លោក​ អ៊ុំ​ សំ​អាន​ និង​សហ​មេធាវី​ សម្រេច​ដើរ​ចេញពី​បន្ទប់​នៃ​សាល​ជំនុំជម្រះ​ ដោយសារ​ពួក​គេ​ចាត់​ទុក​ថា​សវនាការ​នេះ​ ខុស​នីតិវិធី​ច្បាប់​ ពោល​គឺ​រំលោភ​រដ្ឋធម្មនុញ្ញ​ ហើយ​លោក​ អ៊ុំ​ សំ​អាន​ បាន​បដិសេធ​ឆ្លើយ​រាល់​សំនួរ​ របស់​ចៅក្រម​ជំនុំជម្រះ​ ដោយសារ​លោក​ទាមទារ​ ឲ្យ​រដ្ឋសភា​ដក​អភ័យឯកសិទ្ធិ​ សភា​ ដោយ​សំឡេង​ ២​ ភាគ​ ៣​ ជា​មុន​សិន​។​

​ជុំវិញ​ករណី​នេះ​  អ្នក​សង្កេតការណ៍​យល់​ថា​ គេ​មិន​ត្រូវ​ចាប់កំហុស​ អ្នកនយោបាយ​ដែល​ការពារ​ ផលប្រយោជន៍​ជាតិ​នោះ​ទេ​។​

​លោក​ សុំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្តិ​ អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ មួយ​ហៅ​ថា​ និ​ហ្វិ​ច​ បាន​ហៅ​សាលក្រម​របស់​តុលាការ​ ថា​ជា​សញ្ញា​នៃ​ការ​បំភិតបំភ័យ​ អ្នកតំណាង​រាស្ត្រ​ដែល​មាន​អភ័យ​ឯក​សិទ្ធ​សភា​។​ តែ​លោក​សង្ឃឹមថា​ នឹង​មានការ​លើកលែងទោស​ តាម​រយៈ​ដំណោះស្រាយ​នយោបាយ​។​

​អ្នកតំណាង​រាស្ត្រ​មណ្ឌល​សៀមរាប​ លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​អាជ្ញាធរ​ ចាប់ខ្លួន​នៅ​រំលង​អា​ធ្រា​ត​ ថ្ងៃ​ទី​ ១០​ មេ​សា​ ឆ្នាំ​ ២០១៦​ បន្ទាប់​ពី​លោក​ត្រឡប់​ មក​ពី​សហរដ្ឋអាមេរិក​ ដោយ​តុលាការ​ ចោទប្រកាន់​ពី​ បទ​ញុះញង់​ ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ ដែល​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ ដល់​សន្តិ​ សុខ​សង្គម​ និង​ បទ​ញុះញង់​ឲ្យ​មានការ​រើសអើង​៕

Share

Image
Image
Image