ភ្នំពេញ ៖ ប្រជាសហគមន៍មកពីសហគមន៍ផ្សេងៗគ្នាប្រមាណជា ៩៩ នៅទូទាំងប្រទេសបាន នាំគ្នាចូលរួមទិវាសិទ្ធិលំនៅដ្ឋានពិភពលោកនៅថ្ងៃចន្ទទី ១០ តុលានេះ។ ក្នុងព្រឹត្តិការណ៍ព្រឹកមិញនេះ សហគមន៍បានទាម ទារ ៣ ចំនុចឱ្យរាជរដ្ឋាភិបាល ដើម្បីធានានូវសិទ្ធិមានលំនៅដ្ឋានជូនប្រជាពលរដ្ឋដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ។ ការទាមទារនេះ ធ្វើទ្បើងនៅទីលានប្រជាធិបតេយ្យនៅព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៦។ តែព្រឹត្តិការណ៍នេះ ត្រូវបានសមត្ថកិច្ចបង្ក្រាបនៅពេលសហគមន៍ដើរហែក្បួនដល់ក្រោយសាលាវិចិត្រសិល្បៈ ហើយយ៉ាងហោចតិចណាស់មនុស្ស ២ រងរបួសក្នុងការបង្ក្រាប់ពីសំណាក់សមត្ថកិច្ច។
សហគមន៍ដែលមានទំនាស់ដីធ្លីបានស្រែកទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្ស និងត្រូវធានានូវសិទ្ធិមានលំនៅដ្ឋានជូនប្រជាពលរដ្ឋ ដោយផ្សារភ្ជាប់ឱ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្ស ក៏ដូជាតំណាងសហគមន៍បឹងកក់ឱ្យចេញពីពន្ធនាគារ។
ពលរដ្ឋមួយរូបក្នុងសហគមន៍ទ្បពាង មកពីខេត្តកំពង់ឆ្នាំង លោក យ៉ុង ប៊ុត និយាយថា មូលហេតុដែលលោកចូលរួមក្នុងទិវាសិទ្ធិលំនៅដ្ឋាននៅថ្ងៃ នេះ គឺដើម្បីទាមទារឱ្យរដ្ឋាភិបាលជួយដោះស្រាយរឿងទំនាស់ដីធ្លីរបស់លោក ដែលត្រូវបានក្រុមហ៊ុនយកធ្វើជាកម្មសិទ្ធិ។ លោក យ៉ុង ប៊ុត អះ អាងថា លោកនឹងតវ៉ារហូតទាល់តែមានដំណោះស្រាយ។ លោក យ៉ុង ប៊ុត ៖«មានគោលបំណងសំខាន់ដោយសារពីរឿងដីធ្លីខ្ញុំ ដែលបានបាត់បង់មិនបានលក់សោះ ហើយក្រុមហ៊ុនគេព័ទ្ធរបងយក។ ទោះបីដល់សព្វថ្ងៃនេះ ដើរកាត់ក៏មិនបាន ដើរច្រូតស្មៅគោ ក៏មិនបានវាដូចជាដីរបស់វាទិញដាច់បាត់ទៅហើយ។ ចង់ថាតុលាការរកយុត្តិធម៌ឱ្យខ្ញុំពេលណាទើបខ្ញុំចប់ពេលនោះ បើមិនរកយុត្តិធម៌ឱ្យខ្ញុំទេ ខ្ញុំប្តឹងអត់ចប់ទេគឺតកូនខ្ញុំក៏ខ្ញុំនៅប្តឹងដែរ»។
ប្រធានកម្មវិធីបច្ចេកទេសសមាគមធាងត្នោត លោក សៅ កុសល បានផ្តល់បទសម្ភាសន៍ ឱ្យអ្នកសារព័ត៌មាននៅថ្ងៃនេះថា គោលបំណងដែលរៀបចំប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោកនេះ គឺមាន ៣ ចំនុចសំខាន់ៗ។ ចំនុចទីមួយ ស្នើឱ្យរដ្ឋាភិបាលធានាសិទ្ធិលំនៅដ្ឋានដោយសមរម្យជូនប្រជាពលរដ្ឋ។ ទីពីរ ស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ការប្រើប្រាស់អំពើហិង្សា ការគំរាមកំហែងទៅដល់សកម្មជនដីធ្លី និង ទីបី ស្នើឱ្យរដ្ឋាភិបាលផ្តល់សំ ណងសមរម្យជូនប្រជាពលរដ្ឋ ប្រសិនបើមានការបណ្តេញចេញ។ លោក សៅ កុសល បន្តថា ស្របពេលសហគមន៍ទំនាស់ដីធ្លីប្រារព្ធទិវាសិទ្ធិមនុស្សនៅថ្ងៃនេះ មន្ត្រីសិទ្ធិមនុស្ស និងសកម្មជនដីធ្លី បានប៉ះទង្គិចគ្នាមួយប្រ៉ាវជាមួយកងកម្លាំងសមត្ថកិច្ចដែលបង្កឱ្យមានមន្ត្រីសិទ្ធិមនុស្សរងរបួសផងដែរ។
លោក សៅ កុសល បន្ថែមថា កាលពីព្រឹកមិញនេះកងកម្លាំងសមត្ថកិច្ចបានរារាំងពួកគេមិនឱ្យយកញត្តិទៅដាក់តាមក្រសួងស្ថាប័នដែលពួកគេចង់ដាក់នោះទេ រហូតទាល់តែមានការប្រើប្រាស់អំពើហិង្សាកើតទ្បើង។ លោក សៅ កុសល៖ «គោលបំណងយើងថា ហែទៅក្រសួងដែនដី ទៅរដ្ឋ សភា ហើយនឹងសាលាក្រុង ប៉ុន្តែដូចជាយើងឃើញស្រាប់ហើយ គឺអាជ្ញាធរបានប្រើកម្លាំងហាមឃាត់យើងក្នុងការហែនេះ ហើយបានប្រើអំពើហិង្សា បានជំរុញឱ្យយើងមកទីលានប្រជាធិបតេយ្យនេះ។ យើងគិតថា គាត់នឹងចាត់តំណាងរបស់គាត់មក បើអត់ទេយើងនឹងព្យាយាមហែទៅក្រសួងដែនដី ឬទៅសាលារាជធានីភ្នំពេញទៀត»។
ចំណែកនាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានលោក សៀ ភារម្យ មានប្រសាសន៍ថា ប្រជាសហគមន៍ប្រមាណជា ៩៩ មកពីបណ្តាខេត្តផ្សេងៗគ្នា ហើយក៏មានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចូលរួមព្រឹត្តិការណ៍នេះដែរ។ លោក សៀ ភារម្យ បន្តថា បញ្ហាដែលពលរដ្ឋតែងតែចេញតវ៉ា ដោយសារតែការអភិវឌ្ឍនៅកម្ពុជាមិនទាន់មានតម្លាភាពពិតប្រាកដ ដែលជាមូលហេតុធ្វើឱ្យប្រជាពលរដ្ឋនៅតែចេញតវ៉ាជាបន្តបន្ទាប់។
លោក សៀ ភារម្យ បានឱ្យដឹងដែរថា ក្រុមអង្គការមួយចំនួននៅកម្ពុជានឹងជួបអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី រ៉ូណាស្មីត ដើម្បីធ្វើរបាយការណ៍ស្តីពីការរំលោភសិទ្ធិលំនៅដ្ឋានរបស់ពលរដ្ឋនៅកម្ពុជា។ លោក សៀ ភារម្យ៖«បញ្ហានេះ ខ្ញុំគិតថាដោយសារតែការអភិវឌ្ឍនៅប្រទេសកម្ពុជាយើងនេះ អត់មានតម្លាភាព អត់មានការទទួលខុសត្រូវ ។ អញ្ចឹងហើយជម្លោះដីធ្លីតែងតែកើតមានហើយការតវ៉ានៅតាមចិញ្ចើមថ្នល់នៅតែកើតមានស្ទើរតែរាល់ខែ ឬក៏ជាប្រចាំវាក្លាយជាជំងឺមហារីកដែលយើងឃើញថា កង្វះសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការគ្រប់ គ្រង ឬ ក៏ដោះស្រាយបញ្ហាដីធ្លីហ្នឹង។ ក្រុមអង្គការយើងនឹងជួបគាត់ដោយផ្ទាល់ដើម្បីលើកពីបញ្ហានេះ ហើយខាងអង្គការយើងក៏បានត្រៀមនៅការធ្វើបច្ចុប្បន្នភាពអំពីបញ្ហារំលោភដីធ្លីនៅភ្នំពេញដើម្បីឱ្យគាត់បានជ្រាប ដើម្បីឱ្យគាត់មានគំនិតលើកពីបញ្ហាទាំងអស់ជជែកជាមួយរដ្ឋាភិបាល»។
អគ្គលេខាធិការរងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោក ហឺ ចិន្តា បានមកទទួលយកញត្តិពីសហគមន៍។
លោកសន្យាថា នឹងយកញត្តិនេះដាក់ជូនរដ្ឋមន្ត្រីក្រសួងដែនដីពិនិត្យពីការលើកទ្បើងរបស់សហគមន៍នេះ ប៉ុន្តែលោកមិនបានបញ្ជាក់ថា ក្រសួងនឹងមានវិធានការបែបណាក្នុងការដោះស្រាយយ៉ាងណានៅទ្បើយនោះទេ។ លោក ហឺ ចិន្តា៖«ខ្ញុំចង់ឱ្យបងប្អូនធ្វើអីក៏ដោយទៅតាមនីតិវិធីរបស់រដ្ឋ ដែលយើងមាន មានន័យថា បងប្អូនបានដាក់ញត្តិនៅថ្ងៃនេះដើម្បីឱ្យក្រសួងរៀបចំដែនដី ដែលនៅក្នុងក្រសួងរៀបចំដែនដីមានអគ្គនាយកដ្ឋានលំនៅដ្ឋានមួយដែលទើបតែបង្កើតនៅឆ្នាំ ២០១២ ខ្ញុំដែលជាអ្នកទទួលយកញត្តិនៅថ្ងៃនេះដើម្បីជូនថ្នាក់ដឹកនាំពិចារណានៅក្នុងការដោះស្រាយជូនប្រជាពលរដ្ឋប្រ ជាពលរដ្ឋត្រូវសង្ឃឹមជឿជាក់លើរាជរដ្ឋាភិបាល»។
សូមជំរាបថា ខ្លឹមសារញត្តិរបស់សហគមន៍ដីធ្លីដាក់ជូនរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នៅថ្ងៃប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោកនេះ មានខ្លឹមសារថា ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញច្រើនជាង ១០ ភាគរយ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋានរបស់ខ្លួនក្នុងរយៈពេលពីរទស្សវត្សរ៍ចុងក្រោយនេះ ក្រោមហេតុផលដើម្បីធ្វើការអភិវឌ្ឍកែលម្អសោភ័ណ្ឌភាពទីក្រុង ការរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ ជាដើម៕