en     km
en     km

សហគមន៍​ដីធ្លី​ទាមទារ​ ៣​ ចំនុច​ពី​រដ្ឋាភិបាល​ ក្នុង​ពេល​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅ​ដ្ឋា​ន​ឆ្នាំ​នេះ​🔊

Share

ភ្នំពេញ ៖ ​ប្រជា​សហគមន៍​មក​ពី​សហគមន៍​ផ្សេងៗ​គ្នា​ប្រមាណ​ជា​ ៩៩​ នៅ​ទូ​ទាំង​ប្រទេស​បាន​ នាំ​គ្នា​ចូលរួម​ទិវា​សិទ្ធិ​លំនៅ​ដ្ឋា​ន​ពិភពលោក​នៅ​ថ្ងៃ​ចន្ទ​ទី​ ១០​ តុលា​នេះ​។​ ក្នុង​ព្រឹត្តិការណ៍​ព្រឹក​មិ​ញ​នេះ​  សហគមន៍​បាន​ទាម​ ទារ​ ៣​ ចំនុច​ឱ្យ​រាជរដ្ឋាភិបាល​ ដើម្បី​ធានា​នូវ​សិទ្ធិ​មាន​លំនៅ​ដ្ឋា​ន​ជូន​ប្រជាពលរដ្ឋ​ដូច​មាន​ចែង​ក្នុង​ច្បាប់​ជាតិ​ និង​អន្តរជាតិ​។​ ការ​ទាមទារ​នេះ​ ធ្វើ​ទ្បើ​ង​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ព្រឹក​ថ្ងៃ​ទី​ ១០​ ខែតុលា​ ឆ្នាំ​២០១៦​។​ តែ​ព្រឹត្តិការណ៍​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​នៅ​ពេល​សហគមន៍​ដើរ​ហែ​ក្បួន​ដល់​ក្រោយ​សាលា​វិចិត្រសិល្បៈ​ ហើយ​យ៉ាង​ហោច​តិច​ណាស់​មនុស្ស​ ២​ រង​របួស​ក្នុង​ការ​បង្ក្រាប់​ពី​សំណាក់​សមត្ថកិច្ច​។​

ស្តាប់សំឡេង៖

 

ប្រជាពលរដ្ឋមកពីសហគមន៍នានាជួបជុំគ្នានៅទីលានប្រជាធបតេយ្យ។រូបភាពWMC
ប្រជាពលរដ្ឋមកពីសហគមន៍នានាជួបជុំគ្នានៅទីលានប្រជាធបតេយ្យ។រូបភាពWMC

​សហគមន៍​ដែល​មាន​ទំនាស់​ដីធ្លី​បាន​ស្រែក​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស​ និង​ត្រូវ​ធានា​នូវ​សិទ្ធិ​មាន​លំនៅ​ដ្ឋា​ន​ជូន​ប្រជាពលរដ្ឋ​ ដោយ​ផ្សារ​ភ្ជាប់​ឱ្យ​មានការ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​ ក៏​ដូ​ជា​តំណាង​សហគមន៍​បឹង​កក់​ឱ្យ​ចេញពី​ពន្ធនាគារ​។​

​ពលរដ្ឋ​មួយ​រូប​ក្នុង​សហគមន៍​ទ្ប​ពាង​ មក​ពី​ខេត្តកំពង់ឆ្នាំង​ លោក​ យ៉ុ​ង​ ប៊ុត​ និយាយ​ថា​ មូលហេតុ​ដែល​លោក​ចូលរួម​ក្នុង​ទិវា​សិទ្ធិ​លំនៅ​ដ្ឋា​ន​នៅ​ថ្ងៃ នេះ​ គឺ​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី​របស់​លោក​ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​យក​ធ្វើ​ជា​កម្មសិទ្ធិ​។​ លោក​ យ៉ុ​ង​ ប៊ុត​ អះ អាងថា​ លោក​នឹង​តវ៉ា​រហូត​ទាល់តែ​មាន​ដំណោះស្រាយ​។​ លោក​ យ៉ុ​ង​ ប៊ុត​ ៖«​មាន​គោលបំណង​សំខាន់​ដោយសារ​ពី​រឿង​ដីធ្លី​ខ្ញុំ​ ដែល​បាន​បាត់បង់​មិន​បាន​លក់​សោះ​ ហើយ​ក្រុមហ៊ុន​គេ​ព័ទ្ធ​របង​យក​។​ ទោះបី​ដល់​សព្វ​ថ្ងៃនេះ​ ដើរ​កាត់​ក៏​មិន​បាន​ ដើរ​ច្រូតស្មៅ​គោ​ ក៏​មិន​បាន​វា​ដូច​ជា​ដី​របស់​វា​ទិញ​ដាច់​បាត់​ទៅ​ហើយ​។​ ចង់​ថា​តុលាការ​រក​យុត្តិធម៌​ឱ្យ​ខ្ញុំ​ពេល​ណា​ទើប​ខ្ញុំ​ចប់​ពេល​នោះ​ បើ​មិន​រក​យុត្តិធម៌​ឱ្យ​ខ្ញុំ​ទេ​ ខ្ញុំ​ប្តឹង​អត់​ចប់​ទេ​គឺ​ត​កូន​ខ្ញុំ​ក៏​ខ្ញុំ​នៅ​ប្តឹង​ដែរ​»​

ពលរដ្ឋដែលធ្លាប់រងគ្រោះដីធ្លីចូលរួមដង្ហែរក្នុងទិវាសិទ្ធិលំនៅដ្ឋាន។រូបភាពWMC
ពលរដ្ឋដែលធ្លាប់រងគ្រោះដីធ្លីចូលរួមដង្ហែរក្នុងទិវាសិទ្ធិលំនៅដ្ឋាន។រូបភាពWMC

ប្រធាន​កម្មវិធី​បច្ចេកទេស​សមាគម​ធាងត្នោត​ លោក​ សៅ​ កុសល​ បាន​ផ្តល់​បទ​សម្ភាសន៍​  ឱ្យ​អ្នក​សារព័ត៌​មាននៅ​ថ្ងៃនេះ​ថា​ គោលបំណង​ដែល​រៀបចំ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅ​ដ្ឋា​ន​ពិភពលោក​នេះ​ គឺ​មាន​ ៣​ ចំនុច​សំខាន់ៗ​។​ ចំនុច​ទី​មួយ​ ស្នើ​ឱ្យ​រដ្ឋាភិបាល​ធានា​សិទ្ធិ​លំនៅ​ដ្ឋា​ន​ដោយ​សមរម្យ​ជូន​ប្រជាពលរដ្ឋ​។​ ទី​ពីរ​ ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ ការ​គំរាមកំហែង​ទៅ​ដល់​សកម្មជន​ដីធ្លី​ និង​ ទី​បី​ ស្នើ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​សំ ណង​សមរម្យ​ជូន​ប្រជាពលរដ្ឋ​ ប្រសិនបើ​មានការ​បណ្តេញចេញ​។​ ​លោក​ សៅ​ កុសល​ បន្ត​ថា​ ស្រប​ពេល​សហគមន៍​ទំនាស់​ដីធ្លី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នៅ​ថ្ងៃនេះ​  មន្ត្រី​សិទ្ធិ​មនុស្ស​ និង​សកម្មជន​ដីធ្លី​ បាន​ប៉ះទង្គិច​គ្នា​មួយ​ប្រ៉ា​វ​ជាមួយ​កងកម្លាំង​សមត្ថកិច្ច​ដែល​បង្ក​ឱ្យ​មាន​មន្ត្រី​សិទ្ធិ​មនុស្ស​រង​របួស​ផង​ដែរ​។​

​លោក​ សៅ​ កុសល​ បន្ថែម​ថា​ កាលពី​ព្រឹក​មិ​ញ​នេះ​កងកម្លាំង​សមត្ថកិច្ច​បាន​រារាំង​ពួក​គេ​មិន​ឱ្យ​យក​ញត្តិ​ទៅ​ដាក់​តាម​ក្រសួង​ស្ថាប័ន​ដែល​ពួក​គេ​ចង់​ដាក់​នោះ​ទេ​ រហូត​ទាល់តែ​មានការ​ប្រើប្រាស់​អំពើ​ហិង្សា​កើត​ទ្បើ​ង​។​ លោក​ សៅ​ កុសល​៖​ «​គោលបំណង​យើង​ថា​ ហែ​ទៅ​ក្រសួង​ដែនដី​ ទៅ​រដ្ឋ សភា​ ហើយនឹង​សាលាក្រុង​ ប៉ុន្តែ​ដូច​ជា​យើង​ឃើញ​ស្រាប់​ហើយ​ គឺ​អាជ្ញាធរ​បាន​ប្រើ​កម្លាំង​ហាមឃាត់​យើង​ក្នុង​ការ​ហែ​នេះ​ ហើយ​បាន​ប្រើ​អំពើ​ហិង្សា​ បាន​ជំរុញ​ឱ្យ​យើង​មក​ទីលាន​ប្រជាធិបតេយ្យ​នេះ​។​ យើង​គិត​ថា​ គាត់​នឹង​ចាត់​តំណាង​របស់​គាត់​មក​ បើ​អត់​ទេ​យើង​នឹង​ព្យាយាម​ហែ​ទៅ​ក្រសួង​ដែនដី​ ឬ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ទៀត​»​។​

​ចំណែក​នាយក​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋា​ន​លោក​ សៀ​ ភារ​ម្យ​ មាន​ប្រសាសន៍​ថា​ ប្រជា​សហគមន៍​ប្រមាណ​ជា​ ៩៩​ មក​ពី​បណ្តា​ខេត្ត​ផ្សេងៗ​គ្នា​ ហើយ​ក៏​មាន​អង្គការ​សង្គម​ស៊ី​វិល​ជាតិ​ និង​អន្តរជាតិ​ចូលរួម​ព្រឹត្តិការណ៍​នេះ​ដែរ​។​ លោក​ សៀ​ ភារ​ម្យ​ បន្ត​ថា​ បញ្ហា​ដែល​ពលរដ្ឋ​តែងតែ​ចេញ​តវ៉ា​ ដោយសារ​តែ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​មិន​ទាន់​មាន​តម្លាភាព​ពិតប្រាកដ​ ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តែ​ចេញ​តវ៉ា​ជា​បន្តបន្ទាប់​។​

លោក​ សៀ​ ភារ​ម្យ​ បានឱ្យ​ដឹង​ដែរ​ថា​ ក្រុម​អង្គការ​មួយ​ចំនួន​នៅ​កម្ពុជា​នឹង​ជួប​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ លោកស្រី​ រ៉ូ​ណា​ស្មី​ត​ ដើម្បី​ធ្វើ​របាយការណ៍​ស្តី​ពី​ការ​រំលោភសិទ្ធិ​លំនៅ​ដ្ឋា​ន​របស់​ពលរដ្ឋ​នៅ​កម្ពុជា​។​ លោក​ សៀ​ ភារ​ម្យ​៖«​បញ្ហា​នេះ​ ខ្ញុំ​គិត​ថា​ដោយសារ​តែ​ការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា​យើង​នេះ​ អត់​មាន​តម្លាភាព​ អត់​មានការ​ទទួលខុសត្រូវ​ ។​ អ​ញ្ចឹ​ង​ហើយ​ជម្លោះដីធ្លី​តែងតែ​កើត​មាន​ហើយ​ការ​តវ៉ា​នៅ​តាម​ចិញ្ចើមថ្នល់​នៅ​តែ​កើត​មាន​ស្ទើរតែ​រាល់​ខែ​ ឬ​ក៏​ជា​ប្រចាំ​វា​ក្លាយជា​ជំងឺមហារីក​ដែល​យើង​ឃើញ​ថា​ កង្វះ​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់ គ្រង​ ឬ​ ក៏​ដោះស្រាយ​បញ្ហា​ដីធ្លី​ហ្នឹង​។​ ក្រុម​អង្គការ​យើង​នឹង​ជួប​គាត់​ដោយ​ផ្ទាល់​ដើម្បី​លើក​ពី​បញ្ហា​នេះ​ ហើយ​ខាង​អង្គការ​យើង​ក៏​បាន​ត្រៀម​នៅ​ការ​ធ្វើ​បច្ចុប្បន្នភាព​អំពី​បញ្ហា​រំលោភ​ដីធ្លី​នៅ​ភ្នំពេញ​ដើម្បី​ឱ្យ​គាត់​បាន​ជ្រាប​ ដើម្បី​ឱ្យ​គាត់​មានគំនិត​លើក​ពី​បញ្ហា​ទាំងអស់​ជជែក​ជាមួយ​រដ្ឋាភិបាល​»​។​

​អគ្គលេខាធិការ​រង​ក្រសួង​រៀបចំ​ដែនដី​ នគរ​រូប​នី​យ​កម្ម​ និង​សំណង់​ លោក​ ហឺ​ ចិន្តា​ បាន​មក​ទទួលយក​ញត្តិ​ពី​សហគមន៍​។​

អគ្គលេខាធិការរងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោក ហឺ ចិន្តា។រូបភាពWMC
អគ្គលេខាធិការរងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោក ហឺ ចិន្តា។រូបភាពWMC

​លោក​សន្យា​ថា​ នឹង​យក​ញត្តិ​នេះ​ដាក់​ជូន​រដ្ឋមន្ត្រីក្រសួង​ដែនដី​ពិនិត្យ​ពី​ការ​លើក​ទ្បើ​ង​របស់​សហគមន៍​នេះ​ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​ ក្រសួង​នឹង​មាន​វិធានការ​បែប​ណា​ក្នុង​ការ​ដោះស្រាយ​យ៉ាងណា​នៅ​ទ្បើ​យ​នោះ​ទេ​។​ លោក​ ហឺ​ ចិន្តា​៖«​ខ្ញុំ​ចង់ឱ្យ​បងប្អូន​ធ្វើ​អី​ក៏​ដោយ​ទៅ​តាម​នីតិវិធី​របស់​រដ្ឋ​ ដែល​យើង​មាន​ មាន​ន័យ​ថា​ បងប្អូន​បាន​ដាក់​ញត្តិ​នៅ​ថ្ងៃនេះ​ដើម្បី​ឱ្យ​ក្រសួង​រៀបចំ​ដែនដី​ ដែល​នៅ​ក្នុង​ក្រសួង​រៀបចំ​ដែនដី​មាន​អគ្គនាយកដ្ឋាន​លំនៅ​ដ្ឋា​ន​មួយ​ដែល​ទើបតែ​បង្កើត​នៅ​ឆ្នាំ​ ២០១២​ ខ្ញុំ​ដែល​ជា​អ្នក​ទទួលយក​ញត្តិ​នៅ​ថ្ងៃនេះ​ដើម្បី​ជូន​ថ្នាក់ដឹកនាំ​ពិចារណា​នៅ​ក្នុង​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ប្រ ជាពលរដ្ឋ​ត្រូវ​សង្ឃឹម​ជឿជាក់​លើ​រាជរដ្ឋាភិបាល​»​។​

​សូម​ជំរាប​ថា​ ខ្លឹមសារ​ញត្តិ​របស់​សហគមន៍​ដីធ្លី​ដាក់​ជូន​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅ​ដ្ឋា​ន​ពិភពលោក​នេះ​ មាន​ខ្លឹមសារ​ថា​ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ច្រើន​ជាង​ ១០​ ភាគរយ​ ត្រូវ​បាន​ជម្លៀស​ចេញពី​លំនៅ​ដ្ឋា​ន​របស់​ខ្លួន​ក្នុង​រយៈពេល​ពីរ​ទស្សវត្សរ៍​ចុង​ក្រោយ​នេះ​ ក្រោម​ហេតុផល​ដើម្បី​ធ្វើការ​អភិវឌ្ឍ​កែ​លម្អ​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ ការ​រៀបចំ​សណ្តាប់ធ្នាប់​ សន្តិសុខ​ ជាដើម​៕

Share

Image
Image
Image