ថៃ ៖ ប្រាក់បាតថៃបានធ្លាក់ចុះរយៈពេលដ៏វែងមួយនៅក្នុងឆ្នាំនេះ ខណៈក្រុមវិនិយោគិនបានលក់ទ្រព្យសកម្មរបស់ខ្លួនក្នុងប្រទេស ស្របពេលដែលព្រះបរមរាជវាំងបាននិយាយថា ស្ថានភាពព្រះមហាក្សត្រថៃព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) មានស ភាពចុះទន់ខ្សោយ។
សំណុំសន្ទស្សន៍នៃភាគហ៊ុនថៃបានធ្លាក់ចុះច្រើនបំផុតនៅក្នុងតំបន់អាស៊ី ហើយទិន្នផលមូលបត្របំណុល រយៈ ១០ ឆ្នាំបានកើនឡើងដល់បីសប្តាហ៍ បន្ទាប់ពីក្រុមវេជ្ជបណ្ឌិតនៃព្រះបរមរាជវាំងបាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេកំពុងពិនិត្យតាមដានយ៉ាងដិតដល់ពីស្ថានភាពសុខភាពព្រះបាទ Bhumibol Adulyadej។
ព្រះបាទ ភូមិបុល បច្ចុប្បន្នមានព្រះជន្ម ៨៨ ព្រះវស្សា ព្រះអង្គគឺជាព្រះមហាក្សត្រដែលគ្រងរាជ្យយូរបំផុតក្នុងពិភពលោក និងជាក្សត្រមួយអង្គដែលប្រជាជនថៃស្រឡាញ់បំផុត ប៉ុន្តែព្រះអង្គខានបង្ហាញព្រះភក្ត្រជាសាធារណៈជិតមួយឆ្នាំមកហើយ ដោយមូលហេតុទទួលការព្យាបាលនិងតាមដានជម្ងឺនៅមន្ទីរពេទ្យក្រុងបាងកក។
លោក Christopher Wong អ្នកយុទ្ធសាស្ត្រប្តូរប្រាក់បរទេសនៅធនាគារ Malayan Banking Bhd ក្នុងប្រ ទេសសិង្ហបុរីបានថ្លែងថា៖«ព្រះមហាក្សត្រថៃ Bhumibol ស្ថិតនៅក្នុងសភាពសុខភាពមិនស្ថិតស្ថេរមួយនេះបើយោងតាមសេចក្តីថ្លែងការណ៍ពីព្រះបរមរាជវាំង»។ «ព្រះរាជសុខភាពទន់ខ្សោយរបស់ទ្រង់នេះអាចជាការដាក់បន្ទុកលើទំនុកចិត្តរបស់វិនិយោគិន»។
ប្រាក់បាតបានធ្លាក់ចុះ ០,៤ ភាគរយបើធៀបនិងប្រាក់ដុល្លារអាមេរិកលើទីផ្សារភាគហ៊ុននៅទីក្រុងបាងកក គឺនៅព្រឹកថ្ងៃច័ន្ទទី១០តុលាការនេះ នេះបើយោងតាមតម្លៃចងក្រងដោយ Bloomberg ។
តាមប្រភពរបស់បណ្តាញផ្សាយព័ត៌មាន Channal News Asia បានឱ្យដឹងថា មន្ត្រីព្រះបរមរាជវាំងបានគ្រប់គ្រងយ៉ាងតឹងរឹងអំពីព័ត៌មានទាក់ទងនឹងព្រះរាជសុខភាពរបស់ព្រះអង្គ ហើយបរមរាជរាំងតែងតែនិយាយថា ពិបាកក្នុងការបញ្ជាក់ពីស្ថានភាពសុខភាពជារួមរបស់ព្រះអង្គណាស់។ តែក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បរមរាជវាំងចាប់ផ្តើមប្រកាសពីការវិវត្តនៃបញ្ហាព្រះរាជសុខភាពរបស់ព្រះអង្គកាន់តែច្រើននិងជាទៀងទាត់។
ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ព្រះអង្គទទួលការព្យាបាលលើព្រះរោគដូចជា ការឆ្លងមេរោគបាក់តេរី ពិបាកដកដង្ហើម បញ្ហាបេះដូង និង ទឹកដកក្នុងខួរក្បាល។
សេចក្តីថ្លែងការណ៍ចុងក្រោយបំផុត ដែលចេញផ្សាយដោយការិយាល័យរាជវង្សព្រះអង្គកាលពីល្ងាចថ្ងៃអាទិត្យបានឱ្យដឹងថា ព្រះអង្គត្រូវដកដង្ហើមតាមបំបង់អុកស៊ីសែនដែលត្រូវដាក់ជាប់ព្រះកាយ បន្ទាប់ពីសម្ពាធឈាមរបស់ទ្រង់ចុះខ្សោយ។ ព្រះមហាក្សត្រនៅពេលនេះ ក៏កំពុងស្ថិតក្នុងដំណើរការព្យាបាលរបស់ក្រុមគ្រូពេទ្យ ដែលរួមមានការលាងឈាម និង ការផ្លាស់ប្តូរសារធាតុរាវចេញពីបំពង់បង្ហូរទឹកចេញឆ្អឹងខ្នងរបស់ទ្រង់ផងដែរ។
សេចក្តីថ្លែងការណ៍ពីបរមរាជវាំងបានឱ្យដឹងថា៖«ក្រុមគ្រូពេទ្យកំពុងពិនិត្យមើលរោគសញ្ញារបស់ទ្រង់ និងកំពុងផ្តល់ការព្យាបាលដោយប្រុងប្រយ័ត្ន ព្រោះមានរោគសញ្ញាជារួមនៃជំងឺរបស់ទ្រង់គឺនៅតែមិនមានភាពស្ថិរភាពនោះទេ»។
គួរកត់សម្គាល់ថា នៅក្នុងប្រទេសថៃ មានច្បាប់ការពារកេរ្តិ៍ឈ្មោះរាជវង្សយ៉ាងឃោរឃៅបំផុតក្នុងពិភពលោក ដែលត្រូវបានប្រើប្រាស់ដើម្បីចាប់ជនណាដែលហ៊ានរិះគន់ខ្សែរាជវង្ស និងរបបរាជានិយមថៃឱ្យជាប់ពន្ធនាគារ៕
ប្រភព៖CNA