ក្រសួងធនធានទឹកនិងឧតុនិយម ប្រកាសនៅថ្ងៃទី ១០តុលា នេះថា កម្ពុជានឹងរងបាតុភូតធម្មជាតិ នោះ គឺ ព្យុះទី១៩ ឈ្មោះ AERA ចុះសម្ពាធទាប ហើយមានឥទ្ធិពលខ្លាំងលើសមុទ្រចិនខាងត្បូង និងកម្ពុជាពេញមួយសប្តាហ៍ទី២នៃខែតុលា។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ប្រព័ន្ធសម្ពាធទាប នេះនឹងរំកិលចុះមកភាគខាងត្បូងប្រទេសកម្ពុជា និងកំពុងមានឥទ្ធិពល លើប្រទេសកម្ពុជា នៅតំបន់ដីសណ្តទន្លេមេគង្គ។
សេចក្តីជូនដំណឹងដដែល ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ឲ្យមានការប្រយ័ត្នខ្ពស់ ក្នុងរយៈសប្តាហ៍នេះ ជាពិសេស ប្រជាពលរដ្ឋរស់នៅ តំបន់ទំនាបកណ្តាល និងតំបន់ខ្ពង់រាប អាចប្រឈមនឹងជំនន់ទឹកភ្លៀងគឺធ្ងន់ជាងពេលកន្លងមក។
នៅថ្ងៃទី ១០ តុលាឆ្នាំ២០១៦នេះសម្តេច ហ៊ុន សែន ក៏អំពាវនាវ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង ដែលនឹងអាចកើតមានឡើង ចាប់ពីថ្ងៃទី១២ ដល់ ១៦ ខែតុលា ឆ្នាំ២០១៦៕