បាងកកៈ អ្នកនាំពាក្យរងរាជរដ្ឋាភិបាលថៃលោក Werachon Sukondhapatipak បានឱ្យដឹងថា តំណាង រដ្ឋាភិបាលថៃ និងអេរ៉ង់ កាលពីថ្ងៃអាទិត្យទី ៩តុលា បានចុះកិច្ចព្រមព្រៀង ជាមួយគ្នា ជាច្រើន ទាក់ទិននឹងវិស័យពាណិជ្ជកម្ម ក្នុងនោះ អេរ៉ង់បាន សន្យា ទិញអង្ករពីប្រទេសថៃ ៣០ម៉ឺនតោន ក្នុងមួយឆ្នាំ។
តាមសារព័ត៌មានថៃ Bang Kok Post កិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅពេល លោក ឧត្តមសេនីយ៍ប្រាយុទ្ធចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានជួបជំនុំជាមួយប្រធានាធិបតីអេរ៉ង់ HassanRouhani នៅទីក្រុងបាងកក ក្នុងវេទិកានៃកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការអាស៊ី លើកទី២។
ប្រទេសថៃ បានឈប់លក់អង្ករឱ្យប្រទេសអេរ៉ង់ តាំងពីឆ្នាំ២០០៦ ដោយមានជម្លោះ អំពីគុណភាពអង្ករនិងការផ្ទេរប្រាក់។
ប្រទេសថៃ បានអនុវត្តនយោបាយទឹក ដ៏មានប្រសិទ្ធភាព ពីមួយជំនាន់ទៅមួយជំនាន់ ដោយបានធ្វើឱ្យ រាជាណាចក្រ នេះជាប់ចំណាត់ថ្នាក់លេខពីរ ផ្នែកការនាំចេញអង្ករ ទៅបរទេសបន្ទាប់ពីឥណ្ឌាជាប់លេខមួយ។
នេះបើយោងតាមគេហទំព័រ បរទេសមួយឈ្មោះថា World stop export ចុះផ្សាយអំពីលំដាប់កំពូលទាំង១៥នៃប្រទេស ចែកចាយអង្ករលើពិភពលោក៕