ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់សម្ដេចពីប្រទេសថៃ មកថា សម្ដេចបានជួបទ្វេភាគីជាមួយសមភាគីថៃនៅរសៀលថ្ងៃទី ៩ តុលានេះ ដោយបានពិភាក្សាទៅលើបញ្ហាជាច្រើនសំដៅជំរុញទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។
សម្តេច ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេច ទៀតថា៖«រសៀលនេះ ខ្ញុំមានជំនួបទ្វេភាភី ជាមួយឯកឧត្តម ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្ត្រីថៃ។ ក្នុងជំនួបនេះបានផ្ដោតលើបញ្ហាសហប្រត្តិការទ្វេភាគីលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគការតភ្ជាប់ផ្លូវដែក ផ្លូវគោក ការបើកច្រកព្រំដែន បញ្ហាពលករកម្ពុជានៅប្រទេសថៃ ជាពិសេសការនាំកសិផលពីកម្ពុជាមកថៃ»។
តាមសេចក្ដីរាយការណ៍ ពីប្រភពព័ត៌មានមួយស្និទ្ធនឹងរដ្ឋាភិបាល សម្ដេច ហ៊ុន សែន ក្រៅពីជួបពិភាក្សាការងារជាមួយឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា សម្តេចក៏នឹងជួបពិភាក្សាការងារជាមួយអ្នកជំនួញថៃច្រើនទៀត។
តែយ៉ាងណា ប្រមុខរដ្ឋាភិបាលបានបញ្ជាក់បន្ថែមថា៖«ភាពជាដៃគូដើម្បីសន្តិភាព និងវិបុលភាពរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង និង ពង្រីកបន្ថែមតាមរយៈនៃការសន្ទនាប្រកបដោយស្មារតីសាមគ្គីភាព មិត្តភាព និងសហប្រត្តិការនេះ»។
នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦នេះ សម្ដេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូប អញ្ជើញទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូលកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ីលើកទី ២ ហៅកាត់ថា ACD៕