សាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសសាលក្រមអ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ ក្នុងសំណុំរឿងបង្ហោះឯកសារផែនទីសន្ធិ សញ្ញាព្រំដែនកម្ពុជា-វៀតណាម នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅរសៀល ថ្ងៃទី ១០ ខែ តុលា ស្អែកនេះ។
មេធាវីការពារក្តីឲ្យលោក អ៊ុំ សំអាន គឺ សំ សុគង់ បានឲ្យដឹងថា តុលាការក្រុងភ្នំពេញនឹងប្រកាសសាលក្រមកូនក្តីរបស់លោក នៅម៉ោង ២ រសៀល ស្អែកនេះ លើសំណុំរឿងញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឲ្យមានការរើសអើង ដែលសំណុំរឿងនេះ ត្រូវបានចៅក្រមសាលាដំបូងបានជំនុំជម្រះកាលពីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១៦។
លោកមេធាវី សំ សុគង់ សង្ឃឹមថា តុលាការនឹងទម្លាក់បទចោទលើកូនក្តីរបស់លោក ដែលជាប់ឃុំជិត ៦ ខែមកហើយ នៅថ្ងៃស្អែកនេះ។
នៅក្នុងសវនាការជំនុំជម្រះ កាលពីថ្ងៃទី ០៥ ខែ កញ្ញាកន្លងមក ជនជាប់ចោទលោក អ៊ុំ សំអាន និងសហមេធាវីសម្រេចដើរចេញពីបន្ទាប់នៃសាលជំនុំជម្រះ ដោយសារពួកគេចាត់ទុកថាសវនាការនេះ ខុសនីតិវិធីច្បាប់ ពោលគឺរំលោភរដ្ឋធម្មនុញ្ញ ហើយលោក អ៊ុំ សំអាន បានបដិសេធឆ្លើយរាល់សំនួររបស់ចៅក្រមជំនុំជម្រះ ដោយសារលោកទាមទារឲ្យរដ្ឋសភាដកអភ័យឯកសិទ្ធិសភាដោយសំឡេង ២ ភាគ ៣ ជាមុនសិន។
អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប លោក អ៊ុំ សំអាន ត្រូវបានអាជ្ញាធរឃាត់ខ្លួននៅរំលងអាធ្រាតថ្ងៃទី ១០ មេសា ឆ្នាំ ២០១៦ បន្ទាប់ពីលោកត្រ ឡប់មកពីសហរដ្ឋអាមេរិក ដោយតុលាការចោទប្រកាន់ពី បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិ សុខសង្គម និង បទញុះញង់ឲ្យមានការរើសអើង៕