en     km
en     km

គណបក្ស​យុវជន​កម្ពុជា​ប្រកាស​ពន្យារពេល​ធ្វើ​បាតុកម្ម​នៅ​ស្ថានទូត​វៀតណាម​ រឿង​បូរណភាព​ទឹកដី​កម្ពុជា​

Share

ភ្នំពេញ ៖ ​គណបក្ស​យុវជន​កម្ពុជា​បាន​សម្រេច​ពន្យារពេល​ធ្វើ​បាតុកម្ម​ នៅ​មុខ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​វិញ​ បន្ទាប់​ពី​ក្រសួង ការបរទេស​កម្ពុជា​សម្រេច​បដិសេធ​ប​ញ្ចូ​ន​ញត្តិ​ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម​។​ ការ​ទាមទារ​ស្នើ​សូម​ធ្វើ​បាតុកម្ម​របស់​គណបក្ស​យុវជន​កម្ពុជា​នេះ​ គឺ​បំណង​ដើម្បី​ឲ្យ​ប្រទេស​ជិតខាង​គោរព​បូរណភាព​ទឹកដី​កម្ពុជា​។​ 

ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ថ្លែងនោក្នុងសន្និសីទកាសែតនៅថ្ងៃទី០៩តុលានេះ ស្តីពីការពន្យារពេលធ្វើបាតុកម្មនៅស្ថានទូតវៀតណាម។រូបភាពពីហ្វេសប៊ុក គណបក្សយុវជនកម្ពុជា
ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ថ្លែងនោក្នុងសន្និសីទកាសែតនៅថ្ងៃទី០៩តុលានេះ ស្តីពីការពន្យារពេលធ្វើបាតុកម្មនៅស្ថានទូតវៀតណាម។រូបភាពពីហ្វេសប៊ុក គណបក្សយុវជនកម្ពុជា

ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ លោក​ ពេជ្រ​ ស្រស់​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ នៅ​ថ្ងៃអាទិត្យ​ទី​០៩​ តុលា​ នេះ​ថា​ គម្រោង​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ប្រទេស​ជិត​វៀតណាម​គោរព​បូរណភាព​ទឹកដី​កម្ពុជា​ នៅ​មុខ​ស្ថានទូត​វៀតណាម​នៅ​ថ្ងៃ​ទី​ ១០​ តុលា​ ស្អែក​នេះ​ ត្រូវ​ពន្យារពេល​វិញ​ ដោយសារ​ករណី​ក្រ​សួងការបរទេស​កម្ពុជា​បដិសេធ​បញ្ជូន​ញត្តិ​ទៅ​ស្ថានទូត​នេះ​។​ ​លោក​ ពេជ្រ​ ស្រស់​ បន្ត​ថា​ គម្រោង​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀត​ប្រចាំ​នៅ​កម្ពុជា​ នៅ​តែ​បន្តបន្ទាប់​គណបក្ស​នេះ​ដោះស្រាយ​កិច្ចការរដ្ឋបាល​ចប់​សព្វគ្រប់​។​

ប្រធាន​គណបក្ស​យុវជន​កម្ពុជា​រូប​នេះ​បន្ត​ថា​ ក្រសួងការបរទេស​កម្ពុជា​ដែល​បាន​បដិសេធ​បញ្ជូន​ញត្តិ​ទៅ​ស្ថានទូត​វៀតណាម​ គឺជា​បំបិទ​សិទ្ធិ​សេរីភាព​ធ្វើ​នយោបាយ​របស់​លោក​។​ លោក​ ពេជ្រ​ ស្រស់​៖«​ក្រសួងការបរទេស​កំពុង​ធ្វើ​សកម្មភាព​បំបិទ​សិទ្ធិ​អ្នកនយោបាយ​ និង​អ្នក​ស្នេហា​ជាតិ​ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​រំលោភ​បំពាន​បូរណភាព​ទឹកដី​កម្ពុជា​»​។​

​ជុំវិញ​មតិ​របស់​លោក​ ពេជ្រ​ ស្រស់​ ដែល​លើក​ឡើង​ថា​ ក្រសួងការបរទេស​កម្ពុជា​បំបិទ​សិទ្ធិ​សេរីភាព​ធ្វើ​នយោបាយ​របស់​លោក​ វិទ្យុ​ស្ត្រី​ មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួង​កាបរទេស​ លោក​ ជុំ​ ស​ន្ទ​រី​ នៅ​រសៀល​ថ្ងៃ​ អាទិត្យ​នេះ​ នៅឡើយ​ទេ​។​

កាលពី​ថ្ងៃ​ទី​ ២៩​ ខែ​ កញ្ញា​ តាម​រយៈ​លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ប្រាប់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ លោក​ ពេជ្រ​ ស្រស់​ ថា​ ក្រសួងការបរទេស​មិន​បញ្ជូន​ញត្តិ​ទៅ​ស្ថានទូត​វៀតណាម​ឡើយ​ ព្រោះ​ក្រសួង​ធ្លាប់​បាន​បញ្ជូន​កំណត់​ទូត​តវ៉ា​ទៅ​រដ្ឋាភិបាល​វៀតណាម​រួច​ហើយ​ អំពី​ការ​រំលោភ​បំពាន​របស់​វៀតណាម​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម​ កាលពី​ថ្ងៃ​ទី​ ១៨​ ខែ​ សីហារ​កន្លង​មក​។​

បើ​យោង​តាម​កំណត់​ទូត​របស់​ក្រសួងការបរទេស​កម្ពុជា​ កាលពី​ថ្ងៃ​ទី​ ១៨​ ខែសីហា​កន្លង​មក​ បាន​ស្នើ​ឱ្យ​ប្រទេស​វៀតណាម​បញ្ឈប់​សកម្មភាព​នា នា​ដែល​បាន​រំលោភ​បំពាន​មក​លើ​ព្រំដែន​កម្ពុជា​ ដូច​ជា​ការ​សង់​ប៉ុស្តិ៍​រដ្ឋបាល​ ជីក​ស្រះ​ និង​សាងសង់​ផ្លូវ​ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដូច​ជា​ ខេត្ត មណ្ឌលគិរី​ ខេត្តរតនគិរី​ ខេត្តស្វាយរៀង​ ខេត្តកណ្តាល​ ជាដើម​ រហូត​ដល់​គណៈកម្មការ​ចម្រុះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​បាន​ បញ្ចប់​ខណ្ឌសីមា​ជា​ស្ថាពរ​នៅ​តំបន់​ទាំងនោះ​។

កំណត់​ទូត​បញ្ជាក់​ថា​ ស្រប​តាម​ស្មារតី​ខ្លឹមសារ​នៃ​កំណត់​ទូត​ខាងលើ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ស្នើ​ឱ្យ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀត ណាម​ជា​ថ្មី​ម្តងទៀត​ សូម​ឱ្យ​បញ្ឈប់​សកម្មភាព​សាងសង់​ទាំងអស់​ជា​បន្ទាន់​ និង​ធ្វើ​ឱ្យ​ស្ថានភាព​បរិស្ថាន​នៅ​តំបន់​ដែល​រំលោភ​បំពាន​ទាំងនោះ​ឱ្យ​មាន​សភាព​ដូច​ដើម​វិញ​ ព្រមទាំង​ចាត់វិធានការ​រារាំង​កុំឱ្យ​ពលរដ្ឋ​វៀតណាម​ ចូល​មក​ដាំ​ដុះ​ ឬ​ធ្វើ​សកម្មភាព​នៅ​តំបន់​ព្រំដែន​ ទាំង​ទ្បា​យ​ណា​ដែល​មិន​ទាន់​បញ្ចប់​ការ​ខណ្ឌសីមា​ និង​បោះបង្គោល​ព្រំដែន​៕

Share

Image
Image
Image